បើសិនជាយើងមើលទៅកូនក្មេង ដែលទើបនឹងចូលរៀន ពិតជាប្រឈមខ្លាំងណាស់ នឹងការញ៉ាំអាហារមិនផ្តល់សុខភាព។ អញ្ចឹងសំណួរសួរថា តើឪពុកម្តាយគួរធ្វើដូចម្តេច ទើបជំរុញដល់ការញ៉ាំអាហាររបស់កូន ទទួលបានសុខភាពល្អ? ខាងក្រោមនេះ គឺជាគន្លឹះបង្ហាញខ្លះៗដើម្បីជួយឲ្យក្មេង កាន់តែជ្រើសរើសអាហារផ្តល់សុខភាពទទួលទាន ៖
ញ៉ាំអាហារធ្វើនៅផ្ទះ
ខណៈពេលអាហារ ដែលធ្វើនៅផ្ទះញ៉ាំដោយខ្លួនឯង គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជួយឲ្យកូនញ៉ាំអាហារផ្តល់សុខភាព និងចៀសឆ្ងាយពីអាហារមិនផ្តល់សុខភាពនោះ តែវាក៏មិនអាចហាមពួកគេ ពីការញ៉ាំអាហារនៅខាងក្រៅផ្ទះបានដែរ។ ដូច្នេះ ចូរព្យាយាមចម្អិនអាហារណា ដែលកូនអ្នកចូលចិត្តញ៉ាំ តែផ្តល់សុខភាព។
ធ្វើជាគម្រូដ៏ល្អសម្រាប់កូន
វាពិតជាមិនអាចទៅរួចទេ បើសិនជាអ្នក ចេះតែញ៉ាំអាហារក្រៅផ្ទះរាល់ថ្ងៃ ហើយប្រាប់ឲ្យកូនញ៉ាំអាហារនៅផ្ទះនោះ។ ដូច្នេះ ដើម្បីឲ្យកូនធ្វើតាម អ្នកគួរតែព្យាយាម ញ៉ាំអាហារក្នុងផ្ទះរាល់ថ្ងៃដូចគេដែរ។ បើសិនជាអ្នកញ៉ាំអាហារផ្តល់សុខភាព កូនអ្នកនឹងធ្វើតាមជាមិនខាន។ ហើយបើសិនជាអ្នក ចង់ឲ្យកូនធ្វើទៅតាមច្បាប់ ដែលអ្នកបានកំណត់ ចូរព្យាយាមធ្វើជាគម្រូដ៏ល្អសម្រាប់ពួកគេសិន។
បង្កើនមជ្ឈដ្ឋានផ្តល់សុខភាពនៅផ្ទះ
បើសិនជាអ្នក ទុកស្ករសូកូឡាក្នុងទូរទឹកកក ឬមានទម្លាប់ដាក់ស្ករគ្រាប់ ញ៉ាំជាញឹកញាប់នោះ សួរថា កូនអ្នកអាចនឹងធ្វើតាមដែរឬអត់? ខ្ញុំអាចនិយាយបានថា ៩០ ភាគរយ គឺធ្វើតាម និងទារញ៉ាំ។ ការបង្កើតជាមជ្ឈដ្ឋានសុខភាពនៅផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីធ្វើឲ្យកូនញ៉ាំអាហារដែលផ្តល់សុខភាព។ ដូច្នេះថ្ងៃក្រោយ អ្នកគួរតែនាំកូនទៅទិញអាហារដូចជា ផ្លែឈើ និងបន្លែស្រស់ៗ ចៀសវាងទិញនំកញ្ចប់។
ជ្រើសរើសរបស់ដែលញ៉ាំទៅ មានសុខភាព នៅពេលញ៉ាំអាហារខាងក្រៅ
នៅពេលចេញញ៉ាំអាហារនៅក្រៅផ្ទះ ចូរប្រកដថា អ្នកបានជ្រើសរើសអាហារណា ដែលផ្តល់សុខភាពសម្រាប់កូនហើយ។ យ៉ាងណាមិញ បើសិនជាកូនចេះតែចង់ញ៉ាំអីផ្សេង ចូរប្រាប់ចុងភៅឲ្យធ្វើយ៉ាងណា អាហារនោះមានសាច់តិច ឬមានបន្លែច្រើនវិញ៕