Untitled-2 (3)

គន្លឹះជោគជ័យរបស់ វ៉ាលី ដូណា

ជា​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ និង​ជា​អតីត​សិស្ស​ពូកែ​គណិតវិទ្យា​ប្រចាំ​ខេត្ត​កណ្តាល​ក្នុង​ឆ្នាំ​២០០៥ លោក​វ៉ាលី ដូណា វ័យ​២៦​ឆ្នាំ គឺជា​យុវជន​ម្នាក់​ដែល​មាន​ភាពជោគជ័យ​ទាំង​ក្នុង​ការសិក្សា និង​អាជីព​របស់​ខ្លួន​។

ខណៈ​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(តិចណូ)​រយៈពេល​៥​ឆ្នាំ ថ្នាក់​បរិញ្ញាបត្រ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង លោក​ដូណា គឺជា​និស្សិត​ពូកែ​ម្នាក់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ជំនាន់​ទី​២៥ ក្នុង​ដេប៉ាតឺម៉ង់​ព័ត៌មានវិទ្យា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ដោយសារ​ភាព​ឆ្នើម​ក្នុង​ការសិក្សា​របស់​លោក ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​នេះ​ក្នុង​ឆ្នាំ​២០១០ លោក​ក៏​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​អនុបណិ្ឌត​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​បារាំង។

បើ​តាម​លោក​វ៉ាលី ដូណា ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ត្រឹមតែ​មួយ​ឆ្នាំ​នេះ​ក៏​ព្រោះតែ​សញ្ញាបត្រ​របស់​លោក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅក្នុង​ឆ្នាំ​ទី​៥ មាន​តម្លៃ​ស្មើ​នឹង​ការសិក្សា​ឆ្នាំ​ទី​មួយ​ថ្នាក់​អនុបណ្ឌិត​នៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន។

ការសិក្សា​នៅ​ប្រទេស​បារាំង​ធ្វើឲ្យ​លោក​យល់​កាន់តែ​ច្បាស់​លើ​ជំនាញ​ព័ត៌មានវិទ្យា​ផ្នែក “Images Synthesis, and Graphic Design”ជា​ជំនាញ​សម្រាប់​ការ​បង្កើត​កម្មវិធី​រូបភាព 3D ឬ​ក៏ រូប Animation ផ្សេងៗ។

ក្រោយពី​បញ្ចប់​ការសិក្សា​ពី​ប្រទេស​បារាំង​លោក​ដូណា បាន​ធ្វើការ​ជា​គ្រូបង្រៀន​ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​នេះ​តែ​ម្តង។ លោក និង​ក្រុម​របស់​លោក សព្វថ្ងៃ​កំពុង​ធ្វើការ​លើ​គម្រោង​ជាច្រើន​រួមមាន​កម្មវិធី “Khmer Language Processing Tools” ដែល​មាន​ដូចជា​កម្មវិធី«Tool khmer OCR (Optical Character Recognition)» ដែល​ជា​កម្មវិធី​មួយ​សម្រាប់​បំប្លែង​អត្ថបទ​ពី (hard coppy)​ ទៅ​ជា​អក្សរ​ឌីជីថល(digital version)។ មាន​ន័យថា យើង​អាច​ស្កេន​អត្ថបទ​មួយ​ជា​ភាសា​ខ្មែរ​ពី​ក្រដាស ឬ​ពី​រូបភាព​(អក្សរ)​ដែល​យើង​ថត ហើយ​កម្មវិធី​នេះ​នឹង​បំប្លែង​អក្សរ​នោះ​ទៅ​ជា​អក្សរ​ឌីជីថល​ដែល​យើង​អាច​កែ(edit)​បាន​លើ «Microsoft Word»។

មួយ​ទៀត​គឺ កម្មវិធី​“Khmer Speech Recognition”។ កម្មវិធី​នេះ អាច​ចាប់​បាន​នូវ​ពាក្យ​ដែល​យើង​និយាយ ហើយ វា​នឹង​ចូល​ទៅ​រក​របស់​នោះ​ឲ្យ​យើង​នៅ​ភ្លាម។ កម្មវិធី​មួយ​ទៀត​វិញ​គឺ “Machine Translation” ជា​កម្មវិធី​ដែល​យើង​និយាយ​ជា​ភាសា​ខ្មែរ ហើយ​វា​នឹង​បំប្លែង​ពាក្យ​នោះ​ទៅ​ជា​ភាសា​ផ្សេងៗ​ទៀត​(កម្មវិធី​បកប្រែ)។

កម្មវិធី​ទាំង​បី​ខាង​លើ​គឺ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សាងសង់​(development process) ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មិថុនា​ខាង​មុខ ក្រោម​គម្រោង​ជំនួយ​របស់​អង្គការ World Bank ហើយ​កម្មវិធី​ទាំងនោះ​នឹង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់(ទាញយក) ដោយ​សេរី​ប្រសិន​បើ​វា​ទទួល​បាន​ជោគជ័យ។

ពិត​ណាស់ អ្វីៗ​ទាំងអស់​គឺ កើតឡើង​ពី​ការ​ខំប្រឹងប្រែង បូករួម​នឹង​ការ​ចេះ​រក​វិធីសាស្រ្ត​ដើម្បី​សម្រេច​នូវ​គោលដៅ​ដែល​យើង​បាន​គ្រោងទុក​។ សម្រាប់​លោក វ៉ាលី ដូណា ការ​ចាប់​យក​ជំនាញ​ដែល​លោក​ចង់​ធ្វើ រៀន​អ្វី​ដែល​លោក​ស្រឡាញ់ និង​ស្វ័យសិក្សា គឺជា​គន្លឺះ​ជោគជ័យ​។ លោក បាន​ចែករំលែក​ដូចតទៅ​នេះ៖

ត្រូវ​ចាប់​យក​អី្វ​ដែល​យើង​ចង់​ធ្វើ៖ យុវជន​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ និង​ក្លាយ​ទៅ​ជា​នៅពេល​អនាគត។ សម្រាប់​លោក​ដូណា ជំនាញ​វិស្វកម្ម​ព័ត៌មានវិទ្យា​នេះ គឺ​លោក​ស្រឡាញ់​តាំងពី​តូច។បំណង​របស់​លោក​កាលពី​តូច គឺ​ចង់​បង្កើត​ឲ្យ​ចេញ​ជា​ហ្គេម​ដោយ​ខ្លួនឯង​។ លោក​ថា ការសិក្សា​លើ​ជំនាញ​នេះ​វា​ហាក់​ដូចជា​ការ​កម្សាន្ត​ទាក់ទង​នឹង​ហ្គេម​អ៊ីចឹង​ដែរ។

រៀន​អ្វី​ដែល​ពេញចិត្ត និង​ចូលចិត្ត៖ និស្សិត​មិន​គួរ​រៀន​អ្វីដែល​ខ្លួន​មិន​ចូលចិត្ត​សោះ​នោះទេ។ ទោះបី​ជា​រៀន​វា ក៏​រៀន​មិន​ចូល​ដែរ។ គេ​អាច​ស្វែងរក​មុខវិជ្ជា​ណា​មួយ ដែល​ចូលចិត្ត ហើយ​ផ្តោត​លើ​មុខវិជ្ជា​ឲ្យ​ខ្លាំង​តែ​ម្តង។ ការ​រៀន​ក៏​អ៊ីចឹង​ដែរ គឺ​ត្រូវ​គិត​ថា វា​ជា​ការ​កម្សាន្ត​មួយ​ដែល​យើង​ចូលចិត្ត ទើប​យើង​មាន​ទឹកចិត្ត​នៅ​តែ​បន្ត​ការ​រៀន​ជាមួយ​ជំនាញ​ទាំងនោះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត។

លោក​ដូណា​ក៏​ទទួល​ស្គាល់​ដែរ​ថា វា​មាន​ការ​ពិបាក​ណាស់​សម្រាប់​អ្នក​ដែល​ចង់​រៀន​អ្វី​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ផង និង​តម្រូវ​តាម​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ផង។ ប៉ុន្តែ សម្រាប់​លោក លោក​នឹង​ធ្វើអ្វី​ដែល​លោក​ចូលចិត្ត​ច្រើន​ជាង​អ្វី​ដែល​លោក​មិន​ចូលចិត្ត ទោះបី​ប្រាក់ខែ​ខ្ពស់​យ៉ាងណា​ក៏ដោយ។ លោក​ជឿជាក់​ថា ប្រសិន​យើង​មាន​ជំនាញ​ពិតប្រាកដ និង​ការ​ប៉ិនប្រសប់​លើ​ជំនាញ​ណា​មួយ​នោះ វា​ពិតប្រាកដ​ណាស់​ថា យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ការងារ​មួយ​ដោយ​ស័ក្តិសម។

រៀន​ខ្លួន​ឯង៖ វា​ជា​កត្តា​សំខាន់​ណាស់។ អ្វី​ដែល​យើង​រៀន​ពី​គ្រូ​មក​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ យើង​ត្រូវតែ​រៀន​ពី​អ្វី​ដែល​នៅ​ជុំវិញ​នោះ​ទៀត ដូច​សព្វថ្ងៃ​នេះ បច្ចេកវិទ្យា​កាន់តែ​ទំនើប​ការសិក្សា​ដោយ​ខ្លួន​ឯង​ក៏​មាន​ភាពងាយស្រួល​ដែរ។ លោក​ក៏​បាន​ចែករំលែក​នូវ​គេហទំព័រ​មួយ​ចំនួន​ដែល​លោក​យល់​ថា មាន​ប្រយោជន៍​ដល់​អ្នក​ស្រឡាញ់​ផ្នែក​ព័ត៌មានវិទ្យា មាន​ដូចជា «ITebooks: http://it-ebooks.info/», «MIT Opencourseware: http://ocw.mit.edu», «Coursera (e-learning): http://www.coursera.org» ជាដើម។

លោក​វ៉ាលី ដូណា សព្វ​ថ្ងៃ​មាន​អាយុ​២៦​ឆ្នាំ។ លោក​ជា​គ្រូបង្រៀន​ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ឆ្នាំ​២០១១ និង​ជា​អ្នក​ស្រាវជ្រាវ​ព័ត៌មានវិទ្យា​ម្នាក់​នៅក្នុង​គម្រោង​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន​នេះ​តាំងពី​ឆ្នាំ​២០១៤​។ លោក​ដូណា ថា៖ «ប្រសិន​បើ​កម្មវិធី​ដែល​បាន​រៀបរាប់​ខាង​លើ ទទួល​បាន​ជោគជ័យ​នោះ​វា​គឺជា​ការ​សម្រេច​ក្តីប្រាថ្នា​មួយ​របស់​លោក ព្រោះ​កម្មវិធី​ទាំងនោះ​សុទ្ធសឹង​ជា​កម្មវិធី​មាន​ប្រយោជន៍​ដល់​សង្គមជាតិ»៕

Post By postkhmer.com
Untitled-1
Untitled-1
Untitled-1-Recovered