Untitled-1

លក្ខណៈទាំង ១០ របស់ឪពុកម្តាយ ដែលធ្វើឲ្យកូនទទួលបានជោគជ័យ

រាល់ម្តាយឪពុកគ្រប់រូបសុទ្ធតែចង់ ឲ្យកូនរបស់ពួកគេ ជៀសឲ្យឆ្ងាយពីបញ្ហា និងយកចិត្តទុកដាក់លើការរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតល្អពេលធំពេញវ័យ។

យ៉ាងណាមិញ មិនមានរូបមន្តណាមួយដែលកំណត់ សម្រាប់ឲ្យកុមារទទួលបានជោគជ័យនោះទេ តែអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រ បានចង្អុលបង្ហាញពីកត្តាដែលទាក់ទងនឹងភាពជោគជ័យមួយចំនួន របស់ពូកគេផងដែរ។ វាមិនចម្លែកទេ ព្រោះភាគច្រើនគឺសុទ្ធតែមកពីកត្តា មាតាបិតា។ ខាងក្រោមនេះជាអ្វី ដែលឪពុកម្តាយរបស់ក្មេងទទួលបានជោគជ័យ មានជាទូទៅ៖

១. ពួកគេឲ្យកូនចេះធ្វើការងារ

កុមារដែលរស់នៅ ចេះធ្វើការងារបន្តិចបន្តួច (ឧ: ជួយបោសជូត លាងចាន ជាដើម-ល-) នឹងអាចក្លាយជា បុគ្គលចេះសហការយ៉ាងល្អ ជាមួយអ្នករួមការងាររបស់ពួកគេ នាពេលអនាគត  ព្រោះពួកគេយល់អារម្មណ៍ការធ្វើផ្ទាល់ ថាវាពិបាកជាងការដែលយើងគ្រាន់តែមើលឃើញ។

២. ពួកគេបង្រៀនកូនពីទំនាក់ទំនងសង្គម

អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Pennsylvania និងសាកលវិទ្យាល័យ រដ្ឋ Duke សហរដ្ឋអាមេរិក បានសិក្សាលើកុមារជាង៧០០នាក់ មកពីទូទាំងសហរដ្ឋអាមេរិកតាំងពីសាលាមត្តេយ្យ ដល់អាយុ ២៥ឆ្នាំ និងបានរកឃើញ ការជាប់ទាក់ទងគ្នារវាងទំនាក់ទំនងសង្គមរបស់ពួកគេ ជាក្មេងមតេយ្យ និងភាពជោគជ័យ របស់ពួកគេក្រោយជាមនុស្សពេញវ័យ។ ការសិក្សាអស់រយៈពេល ២0ឆ្នាំនេះ បានបង្ហាញថាកុមារដែលមានសមត្ថភាពរាប់អាន ជាមួយមិត្តភក្តិរបស់ពួកគេ ដោយគ្មានការរើសអើង, ចេះជួយគ្នា, យល់ពីអារម្មណ៍គ្នា, និងដោះស្រាយបញ្ហាបានដោយខ្លួនឯង ទំនងជាអាចរៀនដល់កម្រិតថ្នាក់មហាវិទ្យាល័យ និងមានសមត្ថភាពធ្វើការពេញម៉ោង នៅអាយុ ២៥ឆ្នាំ ជាងអ្នកដែលមិនសូវមានទំនាក់ទំនងសង្គម។ ការសិក្សានេះបានបង្ហាញថា ការជួយកូនឲ្យអភិវឌ្ឍន៍ នូវជំនាញទំនាក់ទំនងសង្គម ជាផ្នែកមួយដែលសំខាន់បំផុតដែលយើងអាចធ្វើទៅបាន ដើម្បីរៀបចំអនាគតកូនៗអោយបានល្អ។

៣. ពួកគេមានការរំពឹងទុកខ្ពស់លើកូនរបស់ខ្លួន

ទិន្នន័យបានពីការស្ទង់មតិថ្នាក់ជាតិ រកឃើញថា​ ការសង្ឃឹម ឬរំពឹងទុករបស់ឪពុកម្តាយ មានឥទ្ធិពលយ៉ាងធំធេង ទៅលើភាពជោគជ័យរបស់កូនៗ។ នៅពេលដែលឪពុកម្តាយរំពឹងថា អនាគតរបស់កូនពួកគេ នឹងត្រូវចូលសិក្សាមហាវិទ្យាល័យ, ពួកគេនឹងគ្រប់គ្រង ក៏ដូចជាតម្រង់ទិសកូន ឲ្យឆ្ពោះទៅរកគោលដៅនោះ ដោយមិនគិតពីប្រាក់ចំណូល និងទ្រព្យសម្បត្តិផ្សេងទៀតឡើយ។ ហេតុនេះទើបកូនៗ រស់នៅខិតខំប្រឹងប្រែង ដើម្បីសំរេចសេចក្តីរំពឹងទុក របស់មាតាបិតា។

៤. ពួកគេមានទំនាក់ទំនងល្អជាមួយគ្នា

កុមារនៅក្នុងគ្រួសារ ប្រភេទដែលមានជម្លោះញឹកញាប់ ឬទាំងការលែងលះគ្នា មានបញ្ហាការវិវត្តខ្លួន អាក្រក់ជាងកុមារដែលមានឪពុកម្តាយ រស់នៅចុះសម្រុងគ្នា។ ការប៉ះទង្គិចគ្នារវាងឪពុកម្តាយ មុនពេលការលែងលះ បានប៉ះពាល់ដល់កុមារ នូវគំនិតនិងឥរិយាបថអវិជ្ជមាន ខណៈពេលដែលជម្លោះ ក្រោយការលែងលះគ្នាមានឥទ្ធិពលយ៉ាងខ្លាំង លើការប្រែប្រួល និងការលូតលាស់របស់កុមារ។

៥. ពួកគេមានការអប់រំខ្ពស់

អ្នកជំនាញខាងចិត្តវិទូ បានរកឃើញថាម្តាយ ដែលបានបញ្ចប់វិទ្យាល័យ ឬមហាវិទ្យាល័យភាគច្រើន សុទ្ធតែធ្វើការចិញ្ចឹមបីបាច់កូន ឲ្យបានរៀនខ្ពង់ខ្ពស់ដូចគ្នាដែរ។ កុមារដែលកើតចេញពី ម្តាយវ័យជំទង់ (អាយុ ១៨ ឆ្នាំ ឬក្មេងជាងនេះ) ហាក់ដូចជាមិនសូវបានរៀន បញ្ចប់វិទ្យាល័យ ឬមហាវិទ្យាល័យដូចក្មេងដទៃទេ។

៦. ពួកគេបង្រៀន គណិតវិទ្យាទៅកូនតាំងពីតូច

ការវិភាគ កុមារ ៣៥,០០០ នាក់ចូលសាលា នៅទូទាំងសហរដ្ឋអាមេរិក កាណាដានិងប្រទេសអង់គ្លេស បានរកឃើញថាការបង្ហាត់ជំនាញគណិតវិទ្យា ជាគ្រឹះអោយបានកាន់តែឆាប់សំរាប់កុមារ អាចក្លាយទៅជាគុណប្រយោជន៍ដ៏ធំ។ ការចាប់ផ្តើមជាមួយនឹងចំណេះដឹងនៃលេខ ស្គាល់លំដាប់លេខ និងគ្រឹះគណិតវិទ្យាផ្សេងទៀត មិនត្រឹមតែធ្វើឲ្យកុមារពូកែជំនាញគណិតវិទ្យា នាពេលអនាគតទេ កុមារនឹងមានភាពប៉ិនប្រសប់់ក្នុងការអាននាពេលអនាគតទៀតផង។

៧. ពួកគេធ្វើការអភិវឌ្ឍន៍ ទំនាក់ទំនងជាមួយកូនៗ

កុមារដែលបានទទួល “ការថែទាំល្អ” ក្នុងរយៈពេលបីឆ្នាំដំបូង មិនត្រឹមតែធ្វើបានល្អ ក្នុងការសិក្សាក្នុងវ័យកុមារភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងល្អ និងសំរេចបានការសិក្សាកំរិតខ្ពស់ ក្នុងខ្ទង់វ័យ ៣០ឆ្នាំរបស់ពួកគេ។ ឪពុកម្តាយ ដែលជាអ្នកមើលថែដ៏ល្អ ឆ្លើយតបទៅនឹងសញ្ញារបស់កូន “បានត្រឹមត្រូវនិងឆាប់រហ័ស” និង “ផ្តល់មូលដ្ឋានសុវត្ថិភាព” លើចិត្តគំនិតកុមារ ដើម្បីរុករកអ្វីថ្មីៗផងដែរ។

៨. ពួកគេមិនសូវមានភាពតានតឹងក្នុងអារម្មណ៍

ស្ត្រេសរបស់ម្តាយឪពុក ជាពិសេសនៅពេលដែលពួកគេមានសម្ពាធធ្ងន់ធ្ងរ ដោយសារតែការងារ បន្ទាប់មកព្យាយាមរកពេលវេលា មកលេងជាមួយនឹងកូន ដែលនេះនឹងផ្តល់ផលប៉ះពាល់ ដល់កូនរបស់ពួកគេទៅវិញ។ នេះជាការរីករាលដាលផ្លូវចិត្ត ឬបាតុភូតផ្លូវចិត្ត ដែលមនុស្ស “ចាប់យកអារម្មណ៍” ពីមួយទៅមួយ ដូចជាឆ្លងជំងឺផ្តាសាយយ៉ាងដូច្នេះដែរ។ ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើមិត្តភក្តិរបស់អ្នក សប្បាយចិត្ត ភាពរីករាយនោះនឹងឆ្លងមកកាន់អ្នក។ តែប្រសិនបើពួកគេកើតទុក្ខ, ភាពអាប់អួរនោះក៏នឹងផ្ទេរមកអ្នកផងដែរ។ ដូច្នេះប្រសិនបើឪពុកម្តាយ មានអារម្មណ៍អស់កម្លាំង ឬមានបញ្ហាខកចិត្ត លើអ្វីមួយនោះ អារម្មណ៍ទាំងនេះអាចនឹងផ្ទេរទៅកូនផងដែរ។

៩. ការងាររបស់ម្តាយ

យោងតាមការស្រាវជ្រាវ គេបានបង្ហាញថា កុមារដែលលូតលាស់ឡើង ជាមួយម្តាយដែលធ្វើការនៅខាងក្រៅផ្ទះ ទទួលបានផលប្រយោជន៍គួរឲ្យកត់សំគាល់។ ការសិក្សានេះបានរកឃើញថា កូនស្រីរបស់ម្តាយដែលធ្វើការងារខាងក្រៅ បានទៅសាលារៀនកំរិតខ្ពស់ ភាគច្រើនមានការងារតួនាទីជាអ្នកគ្រប់គ្រង និងរកប្រាក់កម្រៃបានច្រើន។ ក្នុងនោះ បើធៀបទៅនឹងក្មេងស្រីដទៃ ដែលមានស្ត្រីជាម្តាយជាមេផ្ទះមាន ២៣% ប៉ុណ្ណោះ។ “គំរូ” នេះហើយគឺជាសញ្ញាបង្ហាញ ដល់កូនរបស់អ្នកនូវរបៀបដែលអ្នកប្រកាន់ឥរិយាបទ អ្វីដែលអ្នកធ្វើ សកម្មភាពដែលអ្នកចូលរួម និងអ្វីដែលអ្នកមានជំនឿ។

១០. ពួកគេមានស្ថានភាពសង្គមសេដ្ឋកិច្ចខ្ពស់

គម្លាតរវាងគ្រួសារដែលមានប្រាក់ចំណូលទាប និងខ្ពស់ គឺមានទំហំធំប្រហែលពី ៣០% ទៅ ៤០%។ គេបានកត់សម្គាល់ឃើញថា ឪពុកម្តាយដែលមានប្រាក់ចំណូលខ្ពស់ ភាគច្រើនមានកូនគ្រប់ពិន្ទុប្រលងចូលសាកលវិទ្យាល័យ៕

Post By KHMERLOAD
Untitled-1
Untitled-1
Untitled-1-Recovered