Untitled-1 (5)

តួ​នាទី​សំខាន់​៦​យ៉ាង ដែល​ឪពុកម្តាយ​តែងមាន​ចំពោះ​កូន​ពេល​កូន​ឈានដល់​យុវវ័យ​

នៅពេល​កូ​ន‌ៗ​ឈានដល់​វ័យ​ជំទង់ ឪពុកម្តាយ​តែង​សួរ​ខ្លួនឯង​ថា​តើ​គួរ​ទូន្មាន​កូន​បែបណា​ពេល​គេ​កំពុង​ស្ថិតក្នុង​វ័យ​នេះ ។ ខុស​កាលពី​នៅ​តូច កូនៗ​ត្រូវ​ឲ្យ​ឪពុកម្តាយ​ជួយ​បញ្ចុក​អាហារ ងូតទឹក ស្លៀកពាក់ សម្អាតខ្លួន តែ​ពេលនេះ​ពួកគេ​អាចធ្វើ​ខ្លូន​ឯង​បាន ហើយ​ដំណាក់កាល​ថ្មី​មួយ​ក៏​មកដល់ ដែល​ដំណាក់កាល​នេះ​រឹតតែ​ពិបាក​ថែមទៀត​សម្រាប់​ឪពុកម្តាយ សម្រាប់​តួនាទី​របស់​ពួកគាត់​ក្នុងការ​តម្រែតម្រង់​ផ្លូវ​ដល់​កូន ក៏​កាន់​តែមាន​ច្រើន ។
​    ​នេះ​ជា​តូ​នាទី​សំខាន់​ទាំង​៦​យ៉ាង ដែល​ឪពុកម្តាយ​តែងមាន​ចំពោះ​កូន​ពេល​ឈានដល់​ជំទង់​:

​    ​១. គ្រូបង្រៀន​
​    ​ពេល​ឈានដល់​ជំទង់ កូនៗ​ត្រូវការ​សិក្សា​ស្វែងយល់​ច្រើន​អ្វីៗ​ជុំវិញខ្លួន ។ ទោះ​នោះ​ជាការ​បង្រៀន​ពី​ចំណេះដឹង​ទូទៅ ជំនាញ​រកប្រាក់ ឬ​ពី​ការដោះស្រាយ​បញ្ហា ដោយ​ទាមទារ​ឲ្យ​មាន​បែបបទ​ច្រើន​ដើម្បី​បង្ហាញ ក្នុងការ​ទាក់ទាញ​យ៉ាងណា​ឲ្យ​ពួកគេ​ស្រឡាញ់ ចូលចិត្ត​ចាប់អារម្មណ៍​នឹង​ការសិក្សា ជា​កត្តា​ចម្បង​។​

​    ​២. គ្រូបង្វឹក
​    ​យុវវ័យ​ត្រូវការ​អ្នក​បង្វឹក​លត់​ដំ និង​រក​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុងការ​ធ្វើ​កិច្ចការ​អ្វីមួយ ។ តួយ៉ាង​គ្រូបង្វឹក​តែង​ប្រាប់ ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​បែបណា ដើម្បី​បានទទួល​លទ្ធផល​ល្អ ។ ការទទួល​ទាន​អាហារ​មាន​ជីវជាតិ​ត្រឹមត្រូវ ការ​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​និង​បិទ​ទូរទស្សន៍ ដើម្បី​ឲ្យ​កូន​យក​ឲ​កាស​នេះ​មក​រៀនសូត្រ ។ គ្រូបង្វឹក​មាន​តូ​នាទី​សំខាន់​ក្នុង​ការផ្តល់​ដំបូន្មាន និង​ហាត់​សម​ទុកជាមុន​នូវ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​មិត្តភក្តិ ឬក៏​ឲ្យ​ចេះ​សួរនាំ​គ្រូ​ក្នុង​ការផ្តល់​ជា​ជំនួយ ។​

​    ​៣. អ្នក​លើកទឹកចិត្ត
​    ​យុវវ័យ​តែង​ជួប​បញ្ហា​ថ្មីៗ​ក្នុង​ជីវិត មាន​ចម្ងល់​ច្រើន និង​ធ្វើ​អ្វីមួយ​ដោយ​ស្ទាក់ស្ទើរ​មិនទាន់​ប្រាកដប្រជា​ខ្លួនឯង ដូចនេះ​តួនាទី​ជា​អ្នក​លើកទឹកចិត្ត​ពិតជា​សំខាន់​ណាស់  ។ ការផ្តល់​នូវ​ពាក្យ​សរសើរ លើកទឹកចិត្ត​ពីអ្វី​ដែល​គេ​បានធ្វើ និង​ពី​អត្តចរិត​វិជ្ជមាន​របស់គេ ជា​កម្លាំងចិត្ត​មួយ​ដ៏​ក្លាំងខ្លា និង​ជាការ​គាំទ្រ​ផ្នែក​អារម្មណ៍​ដ៏​មាន​អានុភាព ហើយ​អាច​ធានាបាន​ថា ពេល​គេ​ធ្វើ​កំហុសឆ្គង​អ្វីមួយ នឹង​មិនមែនជា​ការស្តីបន្ទោស​ណាស់ណា​ទេ តែ​ជាការ​បង្ហាញថា​ធ្វើបែបនេះ​មិនត្រូវ ហើយ​ធ្វើ​បែប​នោះ​វិញ​ទើប​ប្រសើរ​។ ពេល​នោះគេ​នឹង​កាន់តែ​ស្វែងយល់ ហើយ​ធ្វើ​អ្វី​មួយពេល​ក្រោយ​ដោយ​មិនមាន​ការសង្ស័យថា​គួរ ឬ​មិន​គូរ ។​

​    ​៤. អ្នក​តម្រង់ផ្លូវ
​    ​យុវវ័យ​ត្រូវការ​ធ្វើដំណើរ​លី​ផ្លូវ​ជីវិត​ដ៏​វែងឆ្ងាយ ហើយ​ឪពុកម្តាយ​នេះហើយ​ជា​អ្នក​នាំ​ផ្លូវ ឬ​ជា​ត្រីវិស័យ​ដើម្បី​សម្រេចបាន​គោលដៅ​នេះ ។ ក្នុង​វ័យ​នេះ​គេ​តែង​សំឡឹងមើល​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក ដូចជា​ការហាត់​ប្រាណ ការ​ចំណាយពេល​ចាត់ចែង​រាល់​ការងារ​ប្រចាំថ្ងៃ​។ វ័យ​នេះ​ផងដែរ គេ​នឹង​សង្កេត​លើ​វិធី​ដែល​អ្នកដោះស្រាយ​ជាមួយ​បញ្ហា​ធុញថប់​អារម្មណ៍ ការទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញខ្លួន និង​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា ។ អ្នកមាន​តួនាទី​ជា​អគ្គ​មគ្គុទ្ទេសក៍ មានន័យថា​អ្នកជា​គម្រូ​ឲ្យ​គេ​យកតម្រាប់​តាម និង​បង្ហាញថា​ផ្លូវ​ជោគជ័យ​នៃ​ជិវិត គឺមាន​ឡើង​មាន​ចុះ ទាមទារ​ឲ្យ​ចេះ​បត់បែន​តាម​ស្ថានភាព នោះ​ទើប​អាច​ដើរ​លើ​ផ្លួ​វ​ជីវិត​ដ៏​រលាក់​នេះ​បាន ។​

​    ​៥. អ្នក​ជួយ​ទំនុកបម្រុង
​    ​យុវវ័យ​ជា​វ័យ​ដែល​គេ​ចង់បង្ហាញ និង​និយាយ​ចេញ​រាល់​បញ្ហា​ទាំងឡាយ​ដែល​ជួបប្រទះ ហើយ​គេ​ក៏​ចង់បង្ហាញ​ពី​សមត្ថភាព​អ្វីដែល​សម្រេចបាន ក្នុងការ​ដោះស្រាយ​ដោយ​ប្រាជ្ញា​ខ្លួនឯង ។  តែ​ទោះយ៉ាងណា​ការជួយ​ជំរុញ​ពីក្រោយ និង​កា​រត​រ៉ាបរង​ពី​សំណាក់​ឪពុកម្តាយ នៅតែ​មិនអាច​ខ្វះ​បាន ។ ការជួយឧបត្ថម្ភ​ទាំង​ផ្នែក​រាងកាយ និង​ស្មារតី ដូចជា​ការចូលរួម​ពិធី​សំខាន់​នានា​នៅ​សាលា ដែល​គេ​តម្រូវ​ឲ្យ​ឪពុកម្តាយ​មាន​វត្តមាន​ជាមួយ ឬ​ការស្វែងរក​ការព្យាបាល​ណាមួយ​ត្រឹមត្រូវ​ពេលដែល​ឃើញ​កូនអ្នកមាន​បញ្ហា​សុខភាព​អ្វីមួយ ។​

​    ​៦. អ្នក​កាន់​វិន័យ​
​    ​អ្នក​កាន់​វិន័យ ជា​តូ​នាទី​សំខាន់​ណាស់​សម្រាប់​ឪពុកម្តាយ​គ្រប់រូប ព្រោះ​វ័យ​នេះ​កូន​អ្នក​ត្រូវ​ប្រតិបត្តិ​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ចៀសវាង​សកម្មភាព​ណា ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ព្រមទាំង​ឲ្យ​គេ​ចេះ​មាន​ទំនួល​ខុសត្រូវ​នូវ​រាល់​កិច្ចការ​ទាំងឡាយ ។ អ្នក​កាន់​វិន័យ​មិនមែន​មានន័យថា ជា​អ្នក​ដាក់ទោស ឬ​ស្តីបន្ទោស​នោះទេ តែ​ជា​អ្នក​ជួយ​បង្ហាញផ្លូវ​តាមរយ​:​ការ​ប្រតិ​បិ​ត្ដិ​តាម​គន្លង​វិន័យ​ដែល​ឪពុកម្តាយ​ជួយ​ត្រួស​ត្រា​ដល់​កូនៗ​ឲ្យ​អនុវត្តតាម ដើម្បី​ក្លាយខ្លួនជា​មនុស្ស​ល្អ​នាពេល​អនាគត ៕

Post By rasmeinews.com
Untitled-1
Untitled-1
Untitled-1-Recovered