Untitled-2

តើគួរបង្កើនសមត្ថភាពសិស្សតាមរយៈទ្រឹស្តីឬការអនុវត្ត?

«បង្រៀន​មនុស្ស​ឲ្យ​ចេះ​ចាប់​ត្រី​ប្រសើរ​ជាង​ឲ្យ​ត្រី​ស៊ី​» នេះ​គឺជា​ផ្នត់គំនិត​ដ៏​ល្អ​ផូរផង់​មួយ ហើយ​វា​ត្រូវបាន​អនុវត្ត​នៅក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​ផងដែរ​ព្រោះ​ការបង្រៀន​បែបនេះ​អាចធ្វើ​ឲ្យ​សិស្ស​មាន​សមត្ថភាព​អាច​រកត្រី​ដោយ​ខ្លួនឯង​ជាជាង​ការពឹង​អាស្រ័យ​លើ​គ្រូបង្រៀន​។ ប៉ុន្តែ​តើ​វា​អាចមាន​ប្រសិទ្ធភាព​ដែរឬទេ​ប្រសិនបើ​លោកគ្រូ អ្នកគ្រូ​មួយចំនួន​នៅតែ​អនុវត្ដ​វិធីសាស្ដ្រ​បង្រៀន​តែ​ទ្រឹស្ដី​?

​លោក ហ៊ុ​ក ស៊ីថា ជា​និស្សិត​កម្ពុជា​ដែល​បាននិងកំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹងថា​៖ «​នៅពេលដែល​ខ្ញុំ​រៀន​នៅ​ថ្នាក់​បឋម​និង​វិទ្យាល័យ​ភាគច្រើន​ខ្ញុំ​រៀន​ថា​តាម​គ្រូ​បើ​គ្រូ​ប្រាប់​ឲ្យ​ធ្វើ​អី​គឺ​ខ្ញុំ​ធ្វើតាម​គាត់​ដែល​ផ្ទុយស្រឡះ​ពី​ទម្រង់​អប់រំ​នៅ​ប្រទេស​ជប៉ុន​»​។

​លោក បាន​បន្តទៀតថា នៅពេលដែល​លោក​ទទួលបាន​អាហារូបករណ៍​នៅ​ប្រទេស​ជប៉ុន លោក​បានឃើញ​នូវ​ភាពខុសប្លែក​មួយ​យ៉ាងខ្លាំង​ចំពោះ​ការអប់រំ​ដែល​នៅ​ទីនោះ​គេ​ឲ្យ​សិស្ស​និស្សិត​ជា​អ្នក​ធ្វើជា​ម្ចាស់​នៃ​កម្មវិធីសិក្សា​ផ្ទាល់​។ គ្មាន​អ្នកណា​ប្រាប់ថា​សិស្ស​គួរតែ​ធ្វើ​បែបណា​នោះទេ ហើយ​គ្រូ​គ្រាន់តែ​ប្រាប់ថា​គាត់​ចង់បាន​បែប​នោះ តើ​សិស្ស​គួរ​ត្រូវធ្វើ​ដូចម្ដេច​?

តាមពិតទៅ​អ្វីដែល​លោក​ស៊ីថា​បានលើកឡើង​ស្តីពី​ការអប់រំ​នៅ​ប្រទេស​ដែល​លោក​បានទទួល​អាហារូបករណ៍​គឺជា​វិធីសាស្ត្រ​អប់រំ​ផ្តោតទៅលើ​សិស្ស​ជា​ចម្បង​ឬ​គេ​ហៅថា​សិស្ស​មជ្ឈមណ្ឌល ដែល​ការអប់រំ​នោះ​លើកទឹកចិត្ត​ឲ្យ​សិស្ស​និស្សិត​ឲ្យ​ចេះ​ត្រិះរិះ​ពិចារណា ច្នៃប្រឌិត និង​ចេះ​ជជែក​វែកញែក​លើ​ទិដ្ឋភាព​ឬ​បញ្ហា​ជាក់ស្តែង​នៅក្នុង​សង្គម​។

​លោក ពូ សុ​វចនា ជា​សាស្ត្រាចារ្យ​ផ្នែក​ក្រមសីលធម៌​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​ពន្យល់ថា​៖ «​នៅ​ប្រទេស​កម្ពុជា ជាទូទៅ​សិស្ស​-​និស្សិត​ភាគច្រើន​តែងតែ​នៅ​រង់ចាំ​គ្រូ​ប្រាប់​ឲ្យ​ធ្វើ​ឲ្យ​សិក្សា​ប៉ុណ្ណោះ ហើយ​គ្រូបង្រៀន​ខ្លះ​នៅតែមាន​ទំនោរ​ចម្លង​កម្មវិធីសិក្សា​ពី​ប្រទេស​ដទៃ​និង​ឲ្យ​សិស្ស​រៀន​ទៅតាម​អ្វីដែល​បាន​ចងក្រង​នៅក្នុង​សៀវភៅ​សិក្សា​នៅតាម​សាលា​ដោយ​ពុំបាន​បញ្ចូល​ឲ្យ​ពួកគេ​មាន​រៀន​ត្រិះរិះ​ពិចារណា​នោះឡើយ​»​។

លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ការអប់រំ​តាម​ប្រព័ន្ធ​សិស្ស​មជ្ឈមណ្ឌល​គឺជា​គំនិត​មួយ​យ៉ាង​ល្អ​ដែល​អាច​ឲ្យ​សិស្ស​-​និស្សិត​រៀន​តាមរយៈ​បទពិសោធ និង​ការបង្កើត​នូវ​ទិដ្ឋភាព​ជាក់ស្តែង​។ ជាងនេះទៅទៀត​ពួកគេ​ថែមទាំង​ទទួលបាន​ការលើកទឹកចិត្ត​ឲ្យ​ចេះ​ស្វែងរក​ការពិត​តាមរយៈ​ការ​សួររក​មូលហេតុ​ជាជាង​សួរថា​គួរតែ​ធ្វើ​យ៉ាងម៉េច​។​

ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​មជ្ឈដ្ឋាន​មួយចំនួន​ស្តីពី​ការអប់រំ​ដែល​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការបង្រៀន​របស់​គ្រូ​លោក ប៉ុក ច័ន្ទ​ដា​រិ​ទ្ធ ជា​សមាជិក​អចិ​ន្រៃ្ដ​យ៍​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមប្រឹក្សា​យុវជន​វិទ្យាល័យ​ឥន្ទ្រ​ទេវី បាន​បញ្ជាក់ថា លោក​ទទួលស្គាល់ថា មាន​គ្រូបង្រៀន​មួយចំនួន​តូច​បង្រៀន​សិស្ស​តាមតែ​អ្វីដែល​បាន​ចារ​ក្នុង​សៀវភៅ ឬក៏​ហៅ​ឲ្យ​សិស្ស​កត់​មេរៀន​តាមតែ​ក្តារខៀន​ឬ​ក្នុង​សៀវភៅ​ប៉ុណ្ណោះ​។

លោក បាន​លើកឡើងថា ការពិតទៅ​ពួកគាត់​គួរតែ​បង្រៀន​តាម​ការអប់រំ​សិស្ស​មជ្ឈមណ្ឌល ដោយ​បំផុសសកម្មភាព​សិក្សា​របស់​សិស្ស​ឲ្យ​បាន​ច្រើន​ហើយ​បង្កើត​ឲ្យ​មានការ​សួរ​សំណួរ និង​ពិភាក្សា​ជា​ក្រុម​នៅក្នុង​ថ្នាក់​ជាជាង​ការពន្យល់ ឬ​ហៅ​ឲ្យ​សិស្ស​កត់​តាម​សៀវភៅ​។​

​ចំណែកឯ​លោក តែ ឡាយ ជា​ប្រធាន​បណ្តុះបណ្តាល​គ្រូបង្រៀន​ភាសា​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​អប់រំ បានលើកឡើង​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ស្ថាប័ន​លោក​ថា ថ្វីដ្បិតតែ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាប់ផ្តើម​បំផុស​ឲ្យ​មានការ​បង្រៀន​តាម​ប្រព័ន្ធ​សិស្ស​មជ្ឈមណ្ឌល​ក៏ពិតមែន ប៉ុន្តែ​លោក​សង្កេតឃើញថា​ការអនុវត្ត​របស់​គ្រូបង្រៀន​នៅមានកម្រិត​ទាំង​ចំណេះដឹង រយៈពេល​បង្រៀន ធនធានមនុស្ស សម្ភារ និង​ឆន្ទៈ​បង្រៀន​ជាដើម​។​

ក្រៅពី​ការបង្រៀន​និង​អនុវត្តតាម​កម្មវិធីសិក្សា លោក សុ​វចនា បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​គ្រូបង្រៀន យើង​អាច​បង្រៀន​ពន្យល់​បន្ថែម​ក្រៅពី​មុខវិជ្ជា​កំណត់​ហើយ​យើង​ក៏​អាច​ក្តោប​បន្ថែម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​ត្រិះរិះ​ពិចារណា​។ ម្យ៉ាងវិញទៀត​យើង​គួរតែ​បង្រៀន​ឲ្យ​ពួកគេ​ជឿជាក់​លើ​សមត្ថភាព និង​មាន​ជំនឿ​លើ​ខ្លួនឯង​ព្រមទាំង​ខិតខំ​ប្រឹងប្រែង និង​ចង់​ចេះ​ចង់ដឹង​។​

យ៉ាងណាមិញ វា​មិនមែន​មានន័យថា​ឲ្យ​តែមាន​ការអនុវត្ត គឺជា​រឿង​ល្អ​នោះទេ​។ ការបង្រៀន​របស់​គ្រូ​បច្ចុប្បន្ន​បាន​ជំរុញ​ឲ្យ​សិស្ស​ទទួលបាន​នូវ​ព័ត៌មាន វិធីសាស្ត្រ​ផ្នត់គំនិត​និង​ទ្រឹស្តី​។​ជាក់ស្តែង​មាន​និស្សិត​ខ្មែរ​រាប់សិប​នាក់​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ជា​រៀងរាល់ឆ្នាំ​ហើយ​សិស្ស​ខ្មែរ​ក៏មាន​សមត្ថភាព​អាច​ប្រកួតប្រជែង​ជាមួយនឹង​សិស្ស​បរទេស​ផងដែរ​៕

Post By www.vreadweb.com
Untitled-1
Untitled-1
Untitled-1-Recovered