កាលពីពេលថ្មីនេះ លោក Bill Gates (បីល ហ្គេដ) ដែលទើបតែជាប់ឈ្មោះជាមហាសេដ្ឋីដែលមានជាងគេនៅលើលោកម្តងទៀតក្នុងឆ្នាំនេះ បានសរសេរនៅលើគេហទំព័រ Blog អំពីជំនួបរបស់លោកជាមួយនឹងលោក Richard Feynman ជាសាស្ត្រាចារ្យរូបវិទ្យា និងជាអ្នកវិទ្យាសាស្ត្រដែលទទួលបានពានរង្វាន់ណូបែល ឆ្នាំ ១៩៦៥ និងបានទទួលមរណភាពនៅឆ្នាំ ១៩៨៨។ ទោះបីជា លោក Bill Gates ពុំធ្លាប់ធ្វើជាសិស្សរបស់ លោក Feynman ក៏ដោយក្តី ក៏លោកមានការកោតសរសើរយ៉ាងខ្លាំងចំពោះការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះ ។ នេះក៏ដោយសារតែគុណសម្បត្តិ ទាំង ៤ របស់លោក Feynman ដែលលោក Bill Gates យល់ថា គ្រូបង្រៀនគ្រប់រូបគួរតែមាន។
ស្រលាញ់មុខវិជ្ជាដែលខ្លួនកំពុងតែបង្រៀន៖ លោក Bill Gate បានឲ្យដឹងថា លោកមានការពេញចិត្តចំពោះទឹកមុខញញឹមស្រស់ថ្លារបស់លោក Feyman នៅពេលដែលលោកពន្យល់សិស្សពីដំណើរកកើតឡើងនៃភ្លើងក្នុងរូបវិទ្យា។ លោកបានបង្ហាញពីការស្រលាញ់ចំពោះមុខវិទ្យាដែលលោកកំពុងតែបង្រៀន ហើយវាក៏ជួយឲ្យសិស្សមានអារម្មណ៍រំភើបក្នុងការសិក្សាមុខវិជ្ជានេះដែរ។ លោក Gates បានសរសេរថា៖ «សម្រាប់គុណសម្បត្តិនេះ លោក Feynman មានដូចគ្នាទៅនឹងគ្រូបង្រៀនផ្សេងទៀតនៅទូទាំងប្រទេសដែលខ្ញុំធ្លាប់បានជួប។ នៅពេលដែលអ្នកដើរចូលទៅក្នុងថ្នាក់រៀនរបស់ពួកគាត់ភ្លាម អ្នកនឹងមានអារម្មណ៍ទទួលបាននូវថាមពលដែលកើតចេញពីការបង្រៀនមុខវិជ្ជាដែលគ្រូទាំងនេះស្រលាញ់ពេញចិត្ត មិនថាជាមុខវិជ្ជាអ្វីក៏ដោយ»។
ចេះធ្វើឲ្យមុខវិជ្ជាពិបាកក្លាយជាងាយស្រួល៖ រូបវិទ្យា គឺជាមុខវិជ្ជាមួយដ៏ស្មុគស្មាញ និងអរូបី ក៏ប៉ុន្តែលោក Bill Gates បានអះអាងថា គ្រូដែលល្អអាចធ្វើឲ្យមុខវិជ្ជាពិបាកក្លាយជាមុខវិជ្ជាមួយដែលសិស្សងាយស្រួលយល់។ មានម្តងនោះ លោក Feynman បានបង្រៀនក្រុមមនុស្សដែលមិនធ្លាប់បានរៀន ឬយល់ដឹងពីរូបវិទ្យាសោះ ក៏ប៉ុន្តែលោកអាចធ្វើឲ្យសិស្សគ្រប់គ្នាយល់ពីប្រធានបទដែលលោកបង្រៀនបាន។ អ្នកអាចនឹងស្វែងរកខ្សែអាត់វិឌីអូ នៃសកម្មភាពបង្រៀនរបស់លោកនៅលើអនឡាញបាន។ លោក Bill Gates ថ្លែងថា៖«លោក Feynman តែងតែប្រើប្រាស់អាថ៌កំបាំង និងភាសាក៏ដូចជាគំនិតសាមញ្ញក្នុងការពន្យល់។ ជាឧទាហរណ៍ នៅពេលដែលលោកកំពុងតែបង្រៀនពីភ្លើងក្នុងរូបវិទ្យា លោកនឹងមិននិយាយប្រាប់សិស្សថា លោកកំពុងតែពន្យល់ពួកគេពីភ្លើងនោះឡើយរហូតដល់ចុងមេរៀន»។
ចេះទាញចំណាប់អារម្មណ៍របស់សិស្សនៅក្នុងការរៀន៖ ដូចគ្រូដ៏ល្អដទៃទៀតដែរ លោក Feynman ចេះទាញចំណាប់អារម្មណ៍របស់សិស្សមកលើការសិក្សារូបវិទ្យា និងធ្វើឲ្យវាក្លាយជារឿងដ៏សប្បាយមួយ។ លោក Bill Gates បាននិយាយទៀតថា៖ «លោក Feynman ធ្វើឲ្យវិទ្យាសាស្ត្រក្លាយជារឿងមួយដ៏អស្ចារ្យ និងគួរឲ្យរំភើប។ លោកបានធ្វើឲ្យការសិក្សារូបវិទ្យាក្លាយជារឿងសប្បាយមួយ ខណៈដែលសិស្សទាំងអស់អាចយល់ពីវាបាន»។
មានចំណាប់អារម្មណ៍ទៅលើរឿងជាច្រើនដទៃទៀត៖ លោក Feynman មិនត្រឹមតែជាគ្រូបង្រៀនដ៏ល្អ និងអ្នកវិទ្យាសាស្ត្រដ៏ល្បីម្នាក់ប៉ុណ្ណោះនោះទេ តែលោកក៏ជាបុគ្គលម្នាក់ដែលមានចេះធ្វើរឿងជាច្រើនទៀត។ ក្រៅពីការបង្រៀន លោកចេះធ្វើរឿងជាច្រើនទៀត ដូចជា បកប្រែភាសាបុរាណ និងលេងល្បែងកម្សាន្ត ដែលកត្តានេះបាននាំមកនូវថាមពលមកក្នុងការបង្រៀនរបស់លោក។ លោក Bill Gate បានអះអាងថា លោក Feynman គឺជាតំណាងនៃទស្សនវិទូដែលមានសមត្ថភាពពិតៗ៕TK