girl_boy_mount

រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី (នៅ​ខេត្ត​កំពង់ចាម)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១២៥ – ១២៧

បើយើងធ្វើដំណើរពីក្រុងភ្នំពេញទៅកំពង់ចាម តាមផ្លូវជាតិលេខ ៧ ដល់ទៅគោលគីឡូម៉ែត្រទី ១១៦ ហើយចោលភ្នែកទៅទិសឦសាន ដែលនៅខាងឆ្វេងដៃ ចម្ងាយពីថ្នល់ជាតិទៅប្រមាណជាមួយគីឡូម៉ែត្រ យើងនឹងឃើញភ្នំ ២ នៅទន្ទឹមគ្នា ១ ខាងកើតខ្ពស់ ១ ខាងលិចទាប ។ ភ្នំខ្ពស់ឈ្មោះភ្នំស្រី, ភ្នំទាបឈ្មោះភ្នំប្រុស។

រឿងព្រេងប្រចាំភ្នំនោះ មានដូចតទៅនេះ ៖
កាលពីព្រេងនាយ មានស្ដេចស្រីមួយព្រះអង្គព្រះនាម ” ស្រីអយុធ្យា ” សោយរាជ្យនៅនគរខ្មែរ ។ ដោយព្រះនាងជាស្ដេចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្ដឹងយកភរិយាឡើយ ម៉្លោះហើយ ព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យា ដណ្ដឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗ ដែលនៅក្រោមព្រះរាជោវាទព្រះនាង ក៏ដណ្ដឹងប្រុសៗ ធ្វើជាស្វាមីតាមដែរ ។
ក្នុងរជ្ជកាលនោះ មុខគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗ ទៅរកដណ្ដឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា ។ ធ្វើដូច្នេះ អស់មួយរាជ្យស្ដេចស្រីនេះ ។ លុះមកដល់រាជ្យស្ដេចក្រោយៗ ទៀត ពួកស្រីៗ ជំនុំគ្នាថា ” ឥឡូវនេះ ដូចជាមិនសមសោះ ខ្លួនយើងជាស្រី ហើយដើរដណ្ដឹងប្រុសៗ ធ្វើជាប្ដី បើដូច្នេះ យើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នាល់គ្នាជាមួយនឹងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយ ភ្នាល់គ្នា ។ បើប្រុសៗ ចាញ់យើង ត្រូវឲ្យប្រុសៗដណ្ដឹងយើងជាស្រីវិញ ” ។ លុះគិតដូច្នេះហើយ ក៏នាំគ្នាទៅបបួលពួកប្រុសៗ ធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នា ដូចពោលមកហើយ គេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឲ្យបានច្រើន, ខាងប្រុស មានមេកំណែនខាងប្រុសដើរកេណ្ឌ ខាងស្រីមានមេកំណែនខាងស្រីដើរកេណ្ឌ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស – ស្រី រួចហើយ ក៏និយាយនឹងគ្នាថា ” យើងទាំងអស់គ្នា ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា, បើផ្កាយព្រឹកមិនទាន់រះ មិនត្រូវឈប់ទេ ” ។ គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាជញ្ជូនដី រែកទូលតាមថាមភាពរៀងខ្លួនទៅ ។
ពេលនោះជាពេលរាត្រី ពួកស្រីៗ មានប្រាជ្ញាជញ្ជូនដីអស់វេលា ៣–៤ ម៉ោង ក៏នាំគ្នាបង្ហូតគោមមួយតូចយ៉ាងខ្ពស់ នៅជ្រុងឦសានភ្នំ ពួកប្រុសៗក្រឡេកមើលទៅឃើញគោម ដែលស្រីបង្ហូតនឹងឫស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះ ក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិទ្រាលក់អស់ទៅ គ្មានសល់ម្នាក់  ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែន ទើបឈប់ ។
ដល់មាន់រងាវកឺតៗ ប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា ” យើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកមែនទែនទើបតែនឹងរះសោះ “, ហើយនាំគ្នាក្រឡេកមើលទៅភ្នំស្រីមានទំហំធំខ្ពស់ជាងរបស់ខ្លួន ក៏មានសេចក្ដីអៀនអន់ក្នុងចិត្ត ដោយចាញ់កលស្រី ។
តាំងពីនោះមក ប្រុសៗ ក៏ដណ្ដឹងស្រីៗ ធ្វើជាភរិយាដរាបដល់សព្វថ្ងៃនេះ ។

Post By
Untitled-1
Untitled-1
Untitled-1-Recovered