Untitled-7

ស្ត្រីគំរូ

ចំណេះវិជ្ជាជាស្ពានសម្រាប់ចម្លងមនុស្សម្នាក់ៗឱ្យចៀសផុតពីភាពល្ងង់ខ្លៅ ដែលសង្គម​កំពុង​តែ​លុបបំបាត់ និងស្វែងរកត្រើយ​សុភមង្គលសម្រាប់ខ្លួនឯង គ្រួសារ និងជាធនធានមនុស្ស ដ៏សំខាន់ ដែលបម្រើ ឱ្យសង្គមជាតិដែលបុព្វបុរសខ្មែរបានលើកជាសុភាសិតទុកសម្រាប់អប់រំកូន ចៅជំនាន់ក្រោយថា « វិជ្ជាគឺជាទ្រព្យដ៏គាប់ប្រសើរកណ្តៀរមិនកាត់ចោរលួចមិនបាន» ចំណេះវិជ្ជា មិនមែនមនុស្សគ្រប់រូបកើតមកមានគ្រប់គ្នានោះទេ ​គឺចេះមកពីរៀនមានមកពីរក។ ដោយគិតច្បាស់ ថាចំណេះវិជ្ជាពិតជាមានសារៈសំខាន់ សម្រាប់មនុស្ស ម្នាក់ៗ ។ នាងសុខ ហ៊ូន មានអាយុប្រហែល ២០ឆ្នាំ មានបងប្អូន៤នាក់ រស់នៅ​​ភូមិ​ព្រែក​ផ្អាវ ឃុំទឹកល្អក់ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នាងបាន រៀននៅសាលាក្នុងប្រព័ន្ធ​ខ្លះដែរ តែដោយ​សារឪពុក ម្តាយមានជីវភាពក្រីក្រពេក នាងបានបោះ បង់ការសិក្សា។ នាងបន្តឱ្យដឹងទៀតថា ក្រោយ​​ពីការឈប់រៀន នាងមានការពិបាកចិត្តណាស់ ព្រោះមានចំណេះដឹងទាបពេក គ្មានសមត្ថភាព​គ្រប់គ្រាន់នឹងធ្វើអ្វីកើត អក្សរក៏អានមិនកើត លេខ ក៏គិតមិនចេញចង់ទៅរកស៊ីលក់ដូរខ្លាចគេ​បោក​ប្រាស់​ទៅធ្វើការនៅរោងចក្រគេមិនទទួលយក គ្មានជំនាញអ្វីសោះ។ នាង សុខ ហ៊ូន គិតពិចារណាយ៉ាង​ច្បាស់លាស់​ថា «មនុស្សម្នាក់ៗ រស់នៅ ក្នុងសង្គមដែលមានជីវភាពល្អប្រសើរមាន​ប្រាក់​ចំណូល​ខ្ពស់​ គ្មានអ្វីប្រសើរជាងខ្លួនឯងមាន ចំណេះវិជ្ជានោះទេ។ មានចំណេះវិជ្ជា អាចប្រកបមុខរបរអ្វី​ក៏​បាន អាចធ្វើ​ការងារ​កន្លែណាក៏បាន សង្គមត្រូវការ អ្នកដែលមានចំណេះដឹង និងអ្នកមានសមត្ថភាព​ច្បាស់លាស់» នៅឆ្នាំ២០០៦ សុខ ហ៊ូន បាន​សម្រេចចិត្ត ចូលរៀនអក្ខរកម្ម នៅក្នុងភូមិរបស់នាង។

នាងបាន​ឱ្យដឹងថា នៅពេលរៀន​អក្ខរកម្ម នាងមានការតស៊ូណាស់ ទោះបីរៀននៅពេល យប់ ការធ្វើដំណើរ​ទៅ​កាន់​​កន្លែង​​រៀន ​​នាងមានការភ័យ​ខ្លាចខ្លះៗពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះនាង ជាស្រីក្រមុំ ហើយ​​ពេលខ្លះមានភ្លៀង​រលឹម ​​​ក៏នាង​​នៅ​តែតស៊ូ​ទៅរៀន​មិន ដែលអាក់ខានម្តងណា ឡើយ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង​ពី​លោក​គ្រូ ​ដែល​គាត់​ខិតខំ​ប្រឹងប្រែងបង្រៀនមិនខ្លាច នឿយហត់ ដោយយកអស់កម្លាំងកាយ​ចិត្តក្នុងការពន្យល់​សិស្ស​​​អក្ខរកម្ម​​ទាំងអស់​​ឱ្យចេះអាន ចេះ សរសេរ ចេះគិតលេខ និងមានការយល់ដឹងពីបញ្ហាផ្សេង​ដែល​ទាក់ទង​នឹង​សង្គម។ សុខ ហ៊ូន​ បន្ត​ឱ្យដឹងទៀតថា ក្រោយពីការតស៊ូរៀនសូត្រ និង​បញ្ចប់​ថ្នាក់អក្ខរកម្ម នាង​មានការ​យល់ដឹង​​ច្រើន​​ដែលខុសពីកាលមិនទាន់បានមករៀន។ ឥឡូវនាងចេះអា​ន សរសេរ និងគិត​​លេខ​​បាន​​ត្រឹមត្រូវ ហើយ​ក្នុងនោះ នាងមានការយល់ដឹងអំពីការថែទាំសុខភាព និងមធ្យោបាយ​សម្រាប់​​ចៀសវាង​​ជំងឺផ្សេងៗ តាមរយៈការប្រើប្រាស់មុង ការហូប​ទឹក​ស្អាត ទឹកឆ្អិន  ការរស់​នៅស្អាត ហូបចំណីមាន អនាម័យ និងការចាក់ថ្នាំវ៉ាក់សាំង​ការពារ​ដល់​ស្រ្តី និង​កុមារនៅពេល​ដែលមានជំងឺតែងទៅ​រក មណ្ឌលសុខភាពជាដើម ។

ក្រោយពីការរៀនអក្ខរកម្មចប់ សុខ ហ៊ូន មានការយល់ដឹងច្រើនពីបញ្ហាផ្សេងៗ មានការ ជឿជាក់​លើខ្លួនឯង ថាខ្លួនអាចមានសមត្ថភាពអាចប្រកបមុខរបរតូចតាចមួយដើម្បីចិញ្ចឹមជីវិត។ ក្រោយមកបានសុំ ថវិកាតិចតួចពីឪពុកម្តាយរបស់នាងទៅរកស៊ីលក់ដូរ។ នាងបានបន្តឱ្យដឹងទៀត ថា ការប្រកបរមុខរបរនេះកាក់កបសម្រាប់នាងក្នុងនោះនាងបានជួយគ្រួសារឱ្យមានជីវភាពល្អ ប្រសើរជាងមុន ។ សុខ ហ៊ូន ទៅផ្សារ ម្នាក់ឯងដើម្បីទិញទំនិញ ព្រោះនាងមានសមត្ថភាព ចេះគិត លេខ មិនអាចនរណាម្នាក់មក​បន្លំ​នាង​បានឡើយ។ នាងមានភាពក្លាហានហ៊ានប្រឈមមុខចំពោះ ឧបសគ្គផ្សេងៗ លែងមានការភ័យខ្លាច ថាចាញ់បោកគេទៀតហើយ។ សុខ ហ៊ូន នៅពេលយប់ នាងបានជួយដល់ក្មេងស្រីៗ ដែលនៅក្បែរផ្ទះ​របស់​នាង ដែលបានបោះបង់ការសិក្សា ហើយមិន ចេះអាន ចេះសរសេរ នាងបានឆ្លៀតបង្រៀនពួ​ក​គេ​ឱ្យ​ចេះអាន ចេះសរសេរ ដូចនាង។ នាងបាន ជំរុញអ្នកជិតខាងដែលមិនចេះអក្សរឱ្យ​ទៅរៀន​ថ្នាក់​អក្ខរកម្មដែលមានគ្រូជំនាញ ច្បាស់លាស់ បង្រៀនមានកម្មវិធីនិងពេលវេលាច្បាស់លាស់ ឱ្យតែ​យើង​​ម្នាក់​ខិតខំប្រឹងប្រែងរៀនសូត្រ នឹងចេះ ដូចតែគ្នា ។

សុខ ហ៊ូន បាននិយាយទាំងក្តីមោទនភាពថា « ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំបានលុប បំបាត់ភាពល្ងង់ខ្លៅចេញពីជីវិតរបស់ខ្ញុំ ភ្នែកខ្ញុំភ្លឺអាចមើលឃើញពិភពលោកដែលកំពុងតែវិវត្ត ទៅមុខ ខ្ញុំមានចំណេះដឹង និងសមត្ថភាពប្រកបរបរលក់ដូរដោយខ្លួនឯងបានមានការជឿជាក់លើ ខ្លួនឯងក្នុងការ​សម្រេច​ចិត្តធ្វើអ្វីមួយ»។ នាងបានបផ្តាំផ្ញើដល់ស្រ្តីនិងកុមារីទាំងអស់ ដែលបានបោះ បង់ការសិក្សា ហើយមិនចេះអាន ចេះសរសេរ និងគិតលេខ ត្រូវចូលរៀនថ្នាក់អក្ខរកម្ម ហើយ ព្យាយាមតស៊ូរៀន តែរយៈខ្លីប៉ុណ្ណោះ អាចចេះអាន ចេះសរសេរ ចេះគិតលេខ យល់ដឹងពីបញ្ហា សុខភាព និងសង្គម​ផ្សេងៗ ។

ក្រោយពីការតស៊ូព្យាយាមអត់ធ្មត់របស់ សុខ ហ៊ូន ធ្វើឱ្យនាងសម្រេចតាមគោលដៅនៃ ជីវិតដែលនាងបានគិតទុក នាងមិនបណ្តែតបណ្តាយឱ្យខ្សែជីវិតអណ្តែតតាមពេ្រងវាសនាឡើយ។ នាងជា​ស្រ្តី ដែលមានចំណេះដឹង និងសមត្ថភាពអាចប្រកបរបរដោយខ្លួនឯង មានជំនឿទុកចិត្ត ចំពោះខ្លួនឯងនឹងយកចំណេះដឹងទៅចែករំលែកឱ្យអ្នកដទៃទៀត ។ សមិទ្ធផលទាំងនេះគឺកើត ឡើងដោយសារការ​ខិតខំប្រឹងប្រែងរៀនសូត្រ បានធ្វើឱ្យនាងមានចំណេះដឹង លុបបំបាត់នូវឬស គល់នៃភាពល្ងង់ខ្លៅ ដែលរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ កំពុងប្រឹងប្រែងយ៉ាង​ខ្លាំង​ក្នុ​ងយុទ្ធនាការអប់រំសម្រាប់ទាំងអស់គ្នាដល់ឆ្នាំ ២០១៥ ប្រពលរដ្ឋ​ខ្មែរ​ទាំងអស់នឹង​មានចំណេះ​ដឹង ជាពិសេសកុមារី។

***

Post By ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered