Untitled-4 (3)

ភាពជោគជ័យរបស់ សាម៉ុត

នាងខ្ញុំឈ្មោះ ជឿន សាម៉ុត អាយុ ១៨ឆ្នាំ រស់នៅភូមិចាន់សេរី ឃុំសាមគ្គី ស្រុកប្រាសាទបល្លង្ក័ ខេត្តកំពង់ធំ។ បច្ចុប្បន្នជាគរុសិស្សឆ្នាំទី១នៅសាលាគរុកោសល្យ​​ និង វិក្រឹតការ​ហ៊ុនសែន ខេត្តកំពង់ធំ ឆ្នាំសិក្សា២០១០-២០១១។ នាងខ្ញុំកើត ក្នុងគ្រួសារក្រីក្រដែលមានសមាជិក០៥នាក់ សុទ្ឋតែស្រី។ គ្រួសាររបស់ នាងខ្ញុំប្រកបមុខរបរកសិកម្ម និង ត្រូវពឹងផ្អែកលើការលក់ កម្លាំងពលកម្ម ព្រោះផលស្រូវដែលបាននោះមិនអាច ផ្គត់ផ្គង់ក្រុមគ្រុសារពេញមួយឆ្នាំបានឡើយ។ នាងខ្ញុំជាក្មេងកំព្រាឪពុកតាំង ពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ ពេលដែល នាងខ្ញុំធំដឹងក្តី ខ្ញុំបានសួរម្តាយខ្ញុំថាតើឪពុកខ្ញុំឈ្មោះអ្វី?ហើយគាត់ទៅណា? រស់ ឬស្លាប់?  ម្តាយខ្ញុំរៀបរាប់ យ៉ាងស្រពាប់ស្រពោនថាឪពុកកូនឯង បានលែងលះម្តាយ រួចទៅយកប្រពន្ឋថ្មីទៀត នៅឯជាយដែននៃប្រទេស ថៃ។ ពេលដែលឪពុកឯងលែងគ្នាជាមួយម្តាយនោះគាត់បានបដិសេធ ដោយគាត់មិនទទួលស្គាល់នាងខ្ញុំជាកូន របស់គាត់ទេមិនតែប៉ុណ្ណោះ​ គាត់មិនឱ្យឯងប្រើត្រកូលរបស់គាត់ថែមទៀត ដោយគាត់យល់ថាគ្រួសារខាង ម្តាយជាអ្នកក្រ។ មូលហេតុ នេះហើយទើបឯង ប្រើត្រកូលខាងម្តាយ។

ក្រុមគ្រួសារនាងខ្ញុំមានយាយជរាម្នាក់និងម្តាយមីងម្នាក់តែគាត់ពិការជើងដោយសារគ្រាប់មីននាសម័យ​សង្គ្រាម។ ដោយមានហេតុផលបែបនេះហើយទើបខ្ញុំយល់ថា តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឱ្យរួចផុតពីភាពក្រីក្រ បាន? នាងខ្ញុំបានតាំងចិត្តថាត្រូវតែជំនះហើយខិតខំសិក្សារៀនសូត្រឱ្យបានទើបរំដោះខ្ញុំនិងក្រុមគ្រួសាររួចផុត ពីភាពលំបាកនេះបាន។ នាងខ្ញុំបានចូលរៀននៅ ថ្នាក់ទី ១ នៅអាយុប្រាំពីរឆ្នាំ ។

រៀងរាល់ថ្ងៃពេលត្រឡប់ពីសាលារៀនវិញ នាងខ្ញុំតែងតែជួយធ្វើ ការផ្ទះដូចជា ដាំបាយ រែកទឹក ហើយពិសេសរង់ចាំមើលផ្លូវម្តាយត្រឡប់ពីធ្វើការងារឱ្យគេ។ នៅពេលអាយុ១២ឆ្នាំនាងខ្ញុំតែងតែទៅស៊ីឈ្នួល ដកស្ទូងជាមួយម្តាយ ដើម្បីបានប្រាក់សម្រាប់ទិញអង្ក​ម្ហូបអាហារទទួលទានប្រចាំថ្ងៃ ទិញសម្ភារៈសិក្សានិងសម្លៀកបំពាក់ផងដែរ។ នៅឆ្នាំ២០០៦ នាងខ្ញុំបានបញ្ចប់ថ្នាក់ទី៦ ឡើងថ្នាក់ទី៧ហើយក៏ជាពេលដែលនាងខ្ញុំត្រូវស្រក់ទឹកភ្នែកជារៀង រាល់ថ្ងៃ ដោយម្តាយនាងខ្ញុំបង្ខំឱ្យឈប់រៀន ព្រោះគាត់លែងមាន លទ្ឋភាពផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំទៀតហើយ។ ប៉ុន្តែសំណាងល្អដោយគុណបុណ្យព្រះលោកបានជួយខ្ញុំត្រូវបានទទួលអាហារូបករណ៏ រយៈពេល៣ឆ្នាំ ពេលនោះ នាងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើឱ្យខ្ញុំមានស្មារតីល្អឡើងវិញ។ ទោះជាខ្ញុំបានទទួលអាហារូបករណ៏ យ៉ាងណាក៏ដោយ ក៏នាងខ្ញុំនៅតែទៅបម្រើគេដដែល។

នៅឆ្នាំ២០០៩ នាងខ្ញុំបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិម្តាយនាងខ្ញុំបានបង្អាក់ការសិក្សា នាងខ្ញុំជាថ្មីម្តងទៀត  គឺដោយសារនាងខ្ញុំខ្វះមធ្យោបាយធ្វើដំណើរ គ្មានកន្លែងស្នាក់នៅ និងខ្វះលទ្ឋភាពផ្គត់ផ្គង់ ការហូបចុកប្រចាំថ្ងៃ ព្រោះ សាលានៅឆ្ងាយពីផ្ទះពេក។ ពេលនោះខ្ញុំមិនបានតបតប្ញនិយាយស្តីអ្វីក្រៅពីគិត ក្នុងចិត្តតែម្នាក់ឯងថា ខ្ញុំមានកង់០១ដែល ជាកេរិ្ត៍ បានមកពីអាហារូបករណ៏ តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានព្យាយាមពន្យល់ហេតុផលទៅម្តាយខ្ញុំថា ម៉ែអាណិតខ្ញុំផង សូមម៉ែអនុញាតិឱ្យខ្ញុំបានរៀនមួយឆ្នាំទៀតមក ព្រោះខ្ញុំចង់រៀនបន្តទៀតណាស់ ដោយការអង្វរកររបស់ខ្ញុំ គាត់បានយល់ព្រម ហើយ ខ្ញុំក៍បានចូលរៀនថ្នាក់ ទី១០នៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង។ ឆ្លៀតពេលនោះ ខ្ញុំបានព្យាយាមដាក់ពាក្យប្រឡងគ្រូបឋម សិក្សា(៩+២) ចំនួនពីរលើកទើបបានសម្រេចជោគជយ័នៅក្នុងឆ្នាំ ២០១០-២០១១។

ដោយការតស៊ូព្យាយាមនេះហើយទើបខ្ញុំបានប្រឡងជាប់ជាគ្រូបឋមសិក្សា(៩+២)ដូចគោលបំណង។ ការសម្រេចលទ្ឋផល នេះ គឺដោយសារតែម្តាយរបស់ខ្ញុំ ដែលគាត់បានលះបង់កម្លាំងកាយនិងកម្លាំងចិត្តព្រមទាំង ផ្តល់នូវភាពកក់ក្តៅជាពិសេសគាត់តែង តែផ្គត់ផ្គង់ការហូបចុក ដោយមិនហ៊ានហូបខ្លួនឯងទេគឺទុកសម្រាប់កូន មិនថាឆ្ងាញ់ ប្ញមិនឆ្ងាញ់ក៏ដោយ។  នេះគឺជាទឹកចិត្តម្តាយ ដែលមានព្រហ្មវិហាធម៌ចំពោះកូន។ ខ្ញុំសប្បាយចិត្តណាស់ ដែ់លបានសម្រេចបានតាមគោលបំណងប្រាថ្នាដែលបានគ្រោងទុក។ ទិសដៅ ទៅថ្ងៃមុខទៀតនៅពេលចេញបម្រើការងារ ខ្ញុំនិងប្តេជ្ញារៀនបន្តយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីក្លាយជាគ្រូបង្រៀន កម្រិតមូលដ្ឋាន និងជួយដល់កុមារក្នុងសហគមន៏របស់នាងខ្ញុំ។ នាងខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗទាំងអស់ថា ជីវិតគឺជាការតស៊ូ យើងខិតខំ អំណត់តស៊ូព្យាយាមថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យជាមិនខាន។ ដូចពាក្យស្លោកមួយពោលថា តក់ៗពេញបំពង់។

***

Post By ខ្មែរអ្នកអប់រំ
Untitled-1
Untitled-1
Untitled-1-Recovered