នាងខ្ញុំឈ្មោះ យ៉ែម នឿន អាយុ១៧ ឆ្នាំជាសិស្សរៀនថ្នាក់ទី ១១ នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ រាជធានីភ្នំពេញ។ នាងខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រដែលមានបងប្អូន៣នាក់ (ប្រុស២នាក់) ខ្ញុំជាកូនទី១។
ទីកន្លែងកំណើតភូមិអង្ក្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឪពុកខ្ញុំឈ្មោះ ស្រី អឿន ម្តាយ ភិនណាំ មុខរបរគាត់ទាំងពីរគឺធ្វើស្រែនិងនេសាទ។ ការធ្វើស្រែរបស់ឪពុកម្តាយខ្ញុំពិតជាមិនគ្រប់គ្រាន់ទេសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ពេលខ្លះម្តាយខ្ញុំបានយកត្រីដែលឪពុករបស់ខ្ញុំនេសាទបានយកទៅប្តូរអង្ករ។ គ្រួសារខ្ញុំកាន់តែយ៉ាប់ជាងមុនទៅទៀត កាលនោះការធ្វើស្រែរបស់ឪពុកម្តាយខ្ញុំមានការខូចខាតច្រើន ហើយការនេសាទមិនសូវទទួលបានផលទេ នាំឱ្យគ្រួសារខ្ញុំជំពាក់បំណុលគេជាច្រើន រហូតដល់ឪពុកម្តាយខ្ញុំបង្ខំលក់ដីស្រែ ផ្ទះសំបែងដើម្បីយកលុយសងបំណុលគេ។ ហើយគ្រួសារខ្ញុំបានធ្វើចំណាកស្រុកមករស់នៅទីក្រុងភ្នំពេញ នៅភូមិឡរកំបោរ សង្កាត់ ឬស្សីកែវ រាជធានីភ្នំពេញ ។ កាលនោះខ្ញុំអាយុ៦ឆ្នាំហើយឪពុកម្តាយខ្ញុំបាននាំទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាអន្លុងក្ងាន ខ្ញុំរៀនមិនយូរប៉ុន្មាន ឪពុកម្តាយ បានផ្ទេរមករៀននៅសាលាបឋមសិក្សាចំរើនរដ្ឋវិញ ព្រោះនៅទីនោះសាលារៀនលិចទឹកខ្លាំងណាស់ នៅពេលរដូវវស្សាពិបាកក្នុងការរៀន។ មធ្យោបាយធ្វើដំណើររបស់ខ្ញុំ គឺការដើរមករៀនជាមួយកូនអ្នកជិតខាង ពេលនោះម្តាយរបស់ខ្ញុំវេចបាយទឹកទុកឱ្យខ្ញុំមុនពេលមកសាលា។ នៅពេលខែភ្លៀងម្តងៗ ម្តាយរបស់ខ្ញុំបានដើរមកទទួលខ្ញុំទាំងភ្លៀង ព្រោះគាត់ខ្លាចខ្ញុំឈឺនិងរងារ គាត់អៀវខ្ញុំ រហូតដល់ផ្ទះដោយមិនខ្លាចនឿយហត់។
នៅពេលខ្ញុំរៀនថ្នាក់ទី៣ ឪពុកម្តាយរបស់ខ្ញុំបានឈ្លោះគ្នាយ៉ាងខ្លាំង ហើយឪពុកខ្ញុំគាត់បានទៅនៅជាមួយស្រីថ្មី គាត់បានយកលុយ មាសប្រាក់ដែលម្តាយខ្ញុំខំសន្សំជាយូរមកហើយយកឱ្យស្រីថ្មីនោះ។
ពេលនោះគ្រួសារខ្ញុំមានការលំបាកខ្លាំងណាស់ ថែមទាំងម្តាយខ្ញុំឈឺទៀត។ ម្តាយខ្ញុំបានបង្ខំ ចិត្ត នាំខ្ញុំទៅនៅជាមួយម្តាយរបស់គាត់នៅឯស្រុកកំណើត។ នៅទីនោះខ្ញុំមិនបានចូលរៀនទេ គឺដើរស៊ីឈ្នួល ស្ទូងស្រូវឱ្យគេ ព្រោះជីវភាពគ្រួសារយាយរបស់ខ្ញុំមានការលំបាកខ្លាំងណាស់ គឺរកព្រឹក ខ្វះល្ងាច រកល្ងាចខ្វះព្រឹក ។ ប្រហែលជាបីទៅបួនខែ ឪពុកខ្ញុំបានវិលមកវិញ គាត់បានសុំទោសម្តាយខ្ញុំគ្រប់បែបយ៉ាងដែលគាត់បានប្រព្រឹត្តិ ខុសចំពោះប្រពន្ឋ កូន ។ ពេលនោះម្តាយរបស់ខ្ញុំ បានលើកលែងទោសឱ្យឪពុកខ្ញុំ។ គាត់ទាំងពីរបានយកខ្ញុំ ត្រឡប់មកវិញ។ ពេលខ្ញុំវិលត្រឡប់មករស់នៅ ទីក្រុង ភ្នំពេញវិញ គ្រួសាររបស់ខ្ញុំមានសភាពក្រលំបាកខ្លាំងទៅៗ តែទាះបីជាគ្រួសារខ្ញុំកាន់តែ លំបាក ឪពុកម្តាយ របស់ខ្ញុំ នៅតែនាំខ្ញុំទៅចុះឈ្មោះចូលរៀនថ្នាក់ទី៣ម្តងទៀត។
នៅពេលខ្ញុំរៀនដល់ថ្នាក់ទី៩ ការរៀនសូត្ររបស់ខ្ញុំកាន់តែចំណាយច្រើន។ គាត់ទាំងពីខិតខំធ្វើការណាស់ គាត់ អូសឥដ្ឋ ដុតឡ កាត់អុស ដោយមិនខ្លាចនឿយហត់ ទោះក្តៅរងារ គាត់ទាំងពីរ មិន ត្អូញត្អែរ សូម្បីតែបន្តិច ឱ្យតែរូបខ្ញុំបានសិក្សារៀនសូត្រ។ ហេតុនេះហើយខ្ញុំប្រាប់ខ្លួនឯងថាត្រូវខិតខំរៀនសូត្រ ឱ្យបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ នៅពេលនោះខ្ញុំបាន បានប្រឡងជាប់ ឪពុកម្តាយខ្ញុំ បានឱ្យរៀនបន្តទៀតនៅថ្នាក់ទី ១០ ។ពេលនោះម្តាយរបស់ខ្ញុំ គាត់មានជំងឺ យ៉ាងធ្ងន់ធ្ងរ រហូតដល់ឪពុកខ្ញុំ គាត់បានលក់ម៉ូតូ និងខ្ចីលុយថៅកែឡជាច្រើន ដើម្បីយកមកព្យាបាលម្តាយរបស់ខ្ញុំ ។ទោះម្តាយខ្ញុំ ឈឺយ៉ាងណាក៏គាត់មិនឱ្យខ្ញុំឈប់រៀនទៀតដែរ ថែមទាំងផ្តល់កម្លាំងចិត្ត ឱ្យខ្ញុំកាន់តែខ្លាំងជាងមុន។ សំណាងល្អថ្ងៃមួយ អង្គការខេមរា បានមកជួយគ្រួសារខ្ញុំ ដោយបានឧបត្ថម្ភ កង់ និងសម្ភារៈជាច្រើនដល់រូបខ្ញុំ។ នៅពេលនោះខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនដែលនឹកស្រម៉ៃថាខ្លួនឯងទទួលបានកង់និងសម្ភារៈជាច្រើន នៅពេលដែលម្តាយខ្ញុំកំពុងមានជំងឺ។ នៅពេលដែលខ្ញុំឡើងថ្នាក់ទី១១ ឪពុកម្តាយខ្ញុំគាត់បាន សម្រេចចិត្តឱ្យខ្ញុំរៀនភាសាអង់គ្លេសបន្ថែមក្រៅម៉ោងទៀត ។ ពេលនោះការចំណាយរបស់ខ្ញុំ កើនឡើងទ្វេដង ឪពុកម្តាយខ្ញុំក្រៅពីធ្វើកម្មករឡឥដ្ឋនៅពេលទំនេរឪពុករបស់ខ្ញុំគាត់ទៅរត់ម៉ូតូឌុប ឯម្តាយខ្ញុំវិញទៅទិញក្រណាត់មករៀនបន្ថែមទៀត។ ឯខ្ញុំវិញ ពេលទំនេរពីការរៀន តែងតែជួយរៀបក្រណាត់ លើកឥដ្ឋដាក់ឡាន ហើយ ពេលខ្លះ ខ្ញុំក៏ដើរដកក្រអៅឈូកលក់ថែមទៀត។
នៅថ្ងៃមួយអ៊ុំម្នាក់បាននិយាយប្រាប់ខ្ញុំថា “រៀនធ្វើអ្វីវាគ្មានប្រយោជន៍អ្វីទេសម្រាប់យើងជាកូនស្រី ជៀសមិនផុតពីធ្វើជាកម្មកររោងចក្រ និងកម្មករឡឥដ្ឋដដែល ហើយក្រនៅតែក្រ” ។ពាក្យសម្តីនេះវា តែងតែឮដក់ជាប់នៅក្នុងចិត្តខ្ញុំ រហូតគ្មានថ្ងៃបំភ្លេចបាន។ ខ្ញុំបានប្រាប់ខ្លួនឯងថា ថ្ងៃណាមួយខ្ញុំនឹងកែប្រែពាក្យ សម្តីរបស់គេដែលបានពោលចំពោះខ្ញុំ និងគ្រួសារ ឱ្យក្លាយទៅជាការខិតខំតស៊ូរៀនសូត្រឱ្យបានសម្រេចជោគជ័យ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា មានតែការតស៊ូ ព្យាយាម រៀនសូត្រទេ ដែលធ្វើឱ្យខ្ញុំនិងគ្រូសារខ្ញុំអាចជៀសផុតពីភាព ក្រីក្រ និងភាពល្ងង់ខ្លៅបាន។
ខ្ញុំត្រូវប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំមិនមានការបារម្ភអ្វីឡើយ ពីព្រោះ ខ្ញុំមានការជឿជាក់ថាខ្ញុំនឹងប្រឡងជាប់។ ប្រសិនបើខ្ញុំអាចខ្ញុំនិងបន្តការសិក្សារហូតដល់ សាកលវិទ្យាល័យ បន្ថែមទៀត។ ទៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ដ៏ល្អ។ ប៉ុន្តែក្តីសុបិន្តរបស់ខ្ញុំនឹងមិនបានសម្រេចបានប្រសិនបើគ្មានការជួយជ្រោមជ្រែង ពីអង្គការខេមរា ជាពិសេស ឪពុកម្តាយរបស់ខ្ញុំ។
នៅទីបំផុត រូបខ្ញុំបានយកឈ្នះចិត្តអ្នកជិតខាងរបស់ខ្ញុំហើយ។ ឥឡូវនេះពួកគេមិនហ៊ាន និយាយពាក្យ សម្តីនេះទៀតទេ។ ផ្ទុយទៅវិញពួកគេបានយល់ពីសារៈប្រយោជន៍នៃការៀនសូត្រ និងផលវិបាកនៃការមិនចេះ អក្សរ។
***