Untitled-7

ជីវិតស្ត្រីមេម៉ាយ

នាងខ្ញុំឈ្មោះ ហៀង ណាត អាយុ ៥៦ ឆ្នាំ  រស់នៅភូមិសាគ្រាមត្បូង  ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ អស់រយៈពេល ១៨ ឆ្នាំហើយ ដែលនាងខ្ញុំបានធ្លាក់ខ្លួនទៅជាស្រីមេម៉ាយ ដែលមានកូន ចំនួន៥នាក់ ស្រី២នាក់ ។នាងខ្ញុំជាមេគ្រួសារដែលរស់នៅក្នុងជីវភាពក្រីក្រតោកយ៉ាកបំផុតហើយរស់នៅដោយពឹងផ្អែកលើការ​ប្រកបរបរធ្វើស្រែចំការ ដាំដំណាំ  និង ស៊ីឈ្នួលគេបន្ទាប់បន្សំ  ដើម្បីរកប្រាក់មកចិញ្ចឹមគ្រួសារ  និងសម្រាប់កូនៗទៅរៀន។  ដោយមានជីវភាពក្រីក្រលំបាកពេកកូនប្រុសច្បងរបស់នាងខ្ញុំបានឈប់រៀននៅថ្នាក់​ទី៥ ដើម្បីជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ  និង ឧបត្ថម្ភប្អូនៗ ឱ្យ រៀនសូត្របន្ត។ ចំណែកការប្រកបរបរធ្វើស្រែ​​ចំការវិញ ផលស្រូវដែលធ្វើបាន មិនអាចហូបបានគ្រប់គ្រាន់់ឡើយ នារដូវវស្សា ជួនពេលខ្លះនាងខ្ញុំត្រូវនាំកូនៗដើរជីកក្តួចនិងដំឡូង មកដាំលាយបាយ ឬបបរព្រោង ហើយពេលខ្លះនាងខ្ញុំមិន ទទួល ទានបាយពេលល្ងាចទេ គឺឱ្យតែកូនៗបាន ទទួលទានគ្រប់គ្នា។ សម្រាប់ការស្លៀកពាក់វិញ ខ្ញុំ មិនដែលបាន ខោអាវ ឬសំពត់ថ្មីដែលមានតម្លៃនឹងគេឡើយ។ ពេលសម្រាកពីការធ្វើស្រែចំការ នាងខ្ញុំតែងតែទៅរើសជ័រចុង និងបោចផ្តៅ  ដើម្បីយកមកដូរអង្ករ និងលក់ យកប្រាក់ខ្លះសម្រាប់កូនរៀន ។ ការរស់ នៅ របស់ នាងខ្ញុំមាន ការលំបាក   គឺមកពីមិនចេះអក្សរដោយសារយល់ បែបនេះហើយ ទើបនាងខ្ញុំ ខិតខំតស៊ូដើម្បី អនាគត កូន និង គ្រួសារ ទោះជាលំបាកយ៉ាងណាក៏ដោយ នាងខ្ញុំមិនឱ្យកូន ឈប់រៀនជាលើកទី ២ ទៀតទេ ។

ក្នុងសភាពជាស្ត្រីមេម៉ាយ មានការលំបាក ក្នុងការចិញ្ចឹមជីវិត  និងរកប្រាក់ឱ្យកូនរៀន  ហើយក៏មាន ការសើច ចំអកពីអ្នកជិតខាងថា ” ឱ្យកូនរៀនធ្វើអ្វីគ្មានប្រយោជន៍ទេ ឱ្យទៅរកស៊ីនឹង គេទៅ  រៀនខ្ពស់យ៉ាងណា ក៏ដោយក៏នៅ តែជាអ្នកស្រែ  ព្រោះយើងនៅឆ្ងាយពីទីក្រុង គ្មានប្រាក់សម្រាប់សូកគេ  ដើម្បីបានការងារធ្វើទេ។   មើលអ្នកជិតខាងគេមានគោក្របីធ្វើស្រែ   បានស្រូវច្រើន  ស៊ីមិនអស់  នៅតែគេមិនឱ្យកូនគេទៅរៀនផង ចុះឯងជា ស្រីមេម៉ាយ  ហើយក្រីក្រទៀត  ឱ្យកូនទៅរៀនធ្វើអ្វី ។ “ទោះជាការនិយាយរបស់អ្នកជិកខាង យ៉ាង ណាក៏ដោយ ក៏នាងខ្ញុំមិនឱ្យកូនឈប់រៀនដែរ នាងខ្ញុំត្រូវតែ ឱ្យកូនៗទៅរៀនឱ្យបានថ្នាក់ខ្ពស់ៗ នឹងគេហើយមាន ចំណេះដឹង សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងរស់នៅក្នុុងសង្គមឱ្យបានសមរម្យ ។ ទោះជាខ្ញុំធ្វើការអស់កម្លាំង យ៉ាងណាក៏ ដោយ នាងខ្ញុំតែងតែអប់រំកូន ឱ្យខំរៀនដោយមិនឱ្យគិតពីការ លំបាករបស់ម្តាយឡើយ ហើយនិយាយ ជារឿយៗថា “ម៉ែក្រមកពីមិនចេះអក្សរ”។ កូនៗ របស់ខ្ញុំទាំងអស់តែងតែ ចងចាំនូវ រាល់ដំបូន្មាន ទាំងទ្បាយ របស់ ខ្ញុំ ហើយខិតខំរៀនសូត្រ រហូតទទួល បាននូវលទ្ឋផលគួជាទីពេញចិត្ត គឹកូនប្រុសទី១ បានក្លាយជាមេជាងសំណង់ កូន ប្រុសទី២ រៀនចប់ថ្នាក់ទី ១២ កូនប្រុសទី៣ ជាគ្រូបង្រៀន បឋមសិក្សា និង កូនស្រីពៅ រៀនថ្នាក់ទី ៩។

ចាប់ពីពេលនោះមក​ អ្នកជិតខាងដែលតែងតែរិះគន់ ក៏បានកោតសរសើរ ខ្ញុំជាស្ត្រីមេម៉ាយ ដែលបានខិតខំតស៊ូ រកប្រាក់ដើម្បី ចិញ្ចឹមកូនបានរៀនសូត្រ ដោយមិនរាថយ។

ឥឡូវនេះអ្នកភូមិខ្ញុំគេ បានទទួលស្គាល់ថា ការអប់រំពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិត រស់នៅរបស់ពួកគេ ដោយមិនបង្ខំឱ្យកូនឈប់រៀន ដូចមុនទៀតទេ។ ផ្ទុយទៅ វិញគេបានជំរុញកូនឱ្យខិតខំរៀនសូត្របានខ្ពង់ខ្ពស់និង បានការងារធ្វើបានច្រើនជាងមុន ទៀតផង។

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered