phn_da

រឿង ភ្នំ​បូរី-ភ្នំ​ដា

៥- រឿង ភ្នំ​បូរី-ភ្នំ​ដា1 (នៅ​ខេត្ត​តាកែវ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៤២ – ៥១ ភ្នំ​បូរី ស្ថិត​នៅ​ក្នុង​ឃុំ​អង្គ​បូរី ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ។ សព្វ​ថ្ងៃ គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​នេះ​បាន ដោយ​លំបាក​បន្តិច ព្រោះ​ត្រូវ​ទៅ​តាម​ផ្លូវ​ជាតិ ទៅ​ដល់​ផ្សារ​ព្រៃ​ល្វា (សាលា​ស្រុក​ព្រៃ​កប្បាស) ហើយ​ត្រូវ​បែក​ចូល​ផ្លូវ​លំ ចម្ងាយ ២២ គីឡូម៉ែត្រ​ទៀត ទើប​ដល់​ផ្សារ​អង្គ​បូរី ។ ដែល​ជា​ទី​តាំង​នៃ​ចៅ​តំបន់​អង្គ​បូរី ។ លុះ​ឆ្លង​ស្ពាន ទៅ​ត្រើយ​ខាង​ត្បូង ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​រទេះ ប្រមាណ ៥ ឬ ៦ គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ប្រទះ​ឃើញ​ភ្នំ​ពីរ​ទន្ទឹម​គ្នា គឺ​ភ្នំ​ដា នៅ​ខាង​កើត ភ្នំ​បូរី នៅ​ខាង​លិច ។ ម្យ៉ាង​ទៀត ផ្លូវ​នេះ បើ​ជា​រដូវ​វស្សា​វិញ ត្រូវ​ទឹក​លិច​ល្ហ​ល្ហាច តោង​តែ​ជិះ​ទូក​ឆ្លង​ទើប​បាន ។ ភ្នំ​ទាំង​ពីរ​នេះ មាន​ទំនង​ជា​ទី​ស្ថាន​វាំង​បន្ទាយ ដែល​មាន​សេស​សល់​តាំង​ពី​បុរាណ​កាល គឺ​នៅ​ភ្នំ​បូរី មាន​ថ្ម​ភក់​តម្រៀប​បង្គរ​គ្នា​ជា​កំពែង​បន្ទាយ​ធំ​ទូលាយ ដែល​សព្វ​ថ្ងៃ បាក់​បែក​ស្ទើរ​តែ​បាត់​រូប​ឆោម​អស់​ទៅ​ហើយ ឯ​នៅ​លើ​ភ្នំ​ដា ឃើញ​នៅ​សល់​ប្រាង្គ​សិលា​មួយ នៅ​មាន​ជា​រូប​រាង​ច្បាស់​លាស់​នៅ​ឡើយ ដោយ​មាន​រំលេច​ក្បាច់​រចនា គួរ​ជា​ទី​គយ​គន់​ផង ។ មិន​តែ​ប៉ុណ្ណោះ នៅ​ជិត​ខាង​ភ្នំ​ទាំង​ពីរ​នេះ មាន​បុរាណ​ដ្ឋាន​ច្រើន​ទៀត ប្រកប​ដោយ​បែប​រចនា​ពិសេស​ៗ ក្នុង​ជំនាន់​នោះ ដូចជា​បែប​រចនា​ខាង​ស្ថាបត្យកម្ម ខាង​ការ​ប៉ាន់​រូប​ភាព និង ក្បាច់​ចម្លាក់​ភ្ញី​វល្លិ នាំ​ឲ្យ​អ្នក​ប្រាជ្ញ​ខាង​ការ​ស្រាវ​ជ្រាវ​គុហា​សាស្ត្រ (Archéologie) សន្មត​ឈ្មោះ​ការ​រចនា​ខ្មែរ​នៅ​សម័យ​នោះ ហៅថា “បែប​ភ្នំ​ដា” ។ សព្វ​ថ្ងៃ ទេសចរ​ទាំងឡាយ ពុំ​សូវ​បាន​ទៅ​ដល់​ទី​នេះ​ទេ ដោយ​សារ​លំបាក​ខាង​គមនាគមន៍ ដូច​យើង​ជម្រាប​មក​ហើយ​ខាង​លើ ។ ប៉ុន្តែ ទោះ​បី​ពុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ក៏​ដោយ ការ​អាន​អត្ថបទ និង​ការ​ស្ដាប់​រឿង​និទាន ដែល​ទាក់​ទង​ដោយ​រឿង​រ៉ាវ នៅ​ទី​កន្លែង​នោះ ក៏​ហាក់​ដូចជា​នាំ​ឲ្យ​យើង​បាន​ឃើញ បាន​យល់​ក្នុង​ចិត្ត​ដែរ ។ ដើម្បី​បញ្ជាក់​ជូន ពី​រឿង​ព្រេង​ប្រចាំ​ភ្នំ​នោះ យើង​សូម​លើក​យក​សេចក្ដី​ឲ្យ​ការណ៍​របស់​លោក ឌួង-អ៊ូច, អតីត​ចៅ​សង្កាត់ នៅ​សង្កាត់​អង្កាញ់ ស្រុក​ព្រៃ​កប្បាស ហើយ​ដែល​ជា​សមាជិក​ឆ្លើយ​ឆ្លង របស់​ក្រុម​ជំនុំ​យើង2 មក​អធិប្បាយ​ជូន​ទាំង​ស្រុង ដោយ​បាន​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹង​ការ​ស៊ើប​សួរ​ពី​អ្នក​ស្រុក នៅ​ត្រង់​ភូមិ​នោះ​ថែម​ទៀត​ផង ។ រឿង​ព្រេង​នោះ មាន​សេចក្ដី​និទាន​ថា ៖ កាល​នោះ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ គង់​នៅ​ព្រះ​រាជ​វាំង​ក្រុង​ចម្ប៉ា​ស័ក ឬ បាសាក់ គឺ​នៅ​ផ្នែក​ខាង​លើ តាម​ដង​ទន្លេ​មេគង្គ, ទ្រង់​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ ព្រះ​នាម​ព្រះ​នាង “អាក់អ” ។ ព្រះ​រាជ​បុត្រី​នេះ មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ឆើត​ឆាយ​ណាស់ រក​នរណា​ឲ្យ​ល្អ​ត្រឹម​ស្មើ​ពុំ​បាន​ឡើយ ។ ប៉ុន្តែ ដោយ​ព្រះ​នាង​មាន​ព្រះ​ទ័យ​រវើរវាយ​ក្នុង​កាម​រាគ នាំ​ឲ្យ​ព្រះ​នាង​ស្លុត​ចិត្ត​ប្រតិព័ទ្ធ​ទៅ​លើ​បុរស​ទុគ៌ត​ម្នាក់ ភ្លេច​គិត​អំពី​កិត្តិយស​របស់​ព្រះ​រាជ​វង្សានុវង្ស ។ ដូច្នេះ​ហើយ បាន​ជា​ព្រះ​បិតា ទ្រង់​ត្រាស់​ឲ្យ​ចាប់​ព្រះ​នាង​នេះ ព្រម​ទាំង​ប្រុស​សហាយ ដាក់​ពោង​ពាយ​បំបរ​បង់ បណ្ដែត​ចោល​តាម​ផ្ទៃ​ទន្លេ ទម្លាក់​ទៅ​កាន់​សមុទ្រ​ដ៏​ធំ​ល្ហល្ហេវ​ទៅ ។ ក្នុង​ពោង​ពាយ ជា​មួយ​នោះ ព្រះ​រាជា​ទ្រង់​ចាត់​ឲ្យ​ដាក់​ទាំង​ស្រូវ អង្ករ ល្ង ពោត សណ្ដែក អំបិល ព្រហក់ ជា​ស្បៀង​ជាប់​ទៅ​ជា​មួយ ព្រម​ទាំង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់​ជា​ច្រើន​ផង, លុះ​ពោង​ពាយ​នោះ រសាត់​អណ្ដែត​ទៅ​ៗ ជា​យូរ​ថ្ងៃ ក៏​បាន​ទៅ​ប៉ះ​ជាប់​នឹង​ភ្នំ​មួយ (គឺ​ភ្នំ​បូរី​នេះ​ឯង) ដែល​គេ​ពុំ​ទាន់​បាន​ឃើញ​មាន​មនុស្ស​ណា​ទៅ​រស់​នៅ នៅ​ឡើយ​ទេ ។ នាង​អាក់អរ និង ស្វាមី នាំ​គ្នា​ត្រេក​អរ​ដោយ​បាន​មក​ប៉ះ​ត្រើយ នាំ​ឲ្យ​ខ្លួន​រស់​រួច​ជីវិត​បាន, ទើប​នាំ​គ្នា​ម្នីម្នា​ជញ្ជូន​របស់​របរ​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន ចុះ​ទៅ​អាស្រ័យ​នៅ​នឹង​ភ្នំ​នោះ ។ អ្នក​ទាំង​ពីរ ចាប់​ប្រកប​របរ​ដំណាំ​ដាំ​ដុះ និង ស្វែង​ចូល​ព្រៃ​រក​កាប់​ឈើ​ធ្វើ​ឧស និង ធ្វើ​ជា​ខ្ទម​អាស្រម​សម្រាប់​ជ្រក​នៅ​ផង ។ ក្រោយ​ពី​បាន​តាំង​លំនៅ​ឋាន បាន​ស្រួល​បួល​មក​ថ្ងៃ​ណា នាង​អាក់អ តែង​ព្រួយ​លំបាក​ក្នុង​ព្រះ​ទ័យ​ណាស់ ព្រោះ​បារម្ភ​នឹង​សុខ-ទុក្ខ​របស់​ខ្លួន​ផង នឹក​រលឹក​ដល់​ស្រុក​កំណើត​ផង និង​ស្ដាយ​កិត្តិយស​របស់​ខ្លួន​ដែល​ធ្លាប់​តែ​ថ្កុំថ្កើង​ផង ។ ហេតុ​នេះ​ហើយ រៀង​រាល់​យប់, មុន​នឹង​ចូល​ដំណេក នាង​តែង​អុជ​ធូប​ទៀន​បន់​ស្រន់ បួង​សួង​ដល់​អារុក្ខអារក្ខ​អ្នក​តា​នៅ​ព្រៃ​ភ្នំ ព្រម​ទាំង​ម្រេញ​គង្វាល​ដែល​រក្សា​នៅ​បឹង​បួ​ទួល​ទី​នោះ​ថា ៖ សូម​ឲ្យ​លោក​ជួយ​បីបាច់​ថែរក្សា​យើង​ទាំង​ពីរ​នាក់ ឲ្យ​បាន​សុខ​សប្បាយ រក​ស៊ី​ចិញ្ចឹម​ជីវិត​ក៏​បាន​បរិបូណ៌ កុំ​ឲ្យ​មាន​សេចក្ដី​ខ្វះ​ខាត​ឡើយ ។ ដោយ​អានុភាព​នៃ​សេចក្ដី​អធិដ្ឋាន​រាល់​ៗ ថ្ងៃ​យ៉ាង​នេះ មិន​យូរ​ប៉ុន្មាន ក៏​មាន​អ្នក​សច្ចំ​បំបាំង​បាត់​មួយ​អង្គ3 មក​ពន្យល់​សប្ដិ​ប្រាប់​នាង​ថា “ចាប់​ពី​ថ្ងៃ​នេះ​ទៅ” ចូរ​នាង​កុំ​ភ័យ​ឲ្យ​សោះ យើង​ជា​អ្នក​សច្ចំ នឹង​ជួយ​នាង​ឲ្យ​បាន​សុខ ឲ្យ​បាន​ថ្កុំថ្កើង​ល្បី​ឈ្មោះ​នៅ​ក្នុង​ទី​នេះ, ប៉ុន្តែ​យើង​មិន​បាច់​ឲ្យ​នាង​ឃើញ​រូប​យើង​ទេ ។ ក្រោយ​ពី​ស្ដាប់​បណ្ដាំ​អ្នក​សច្ចំ​ដូច្នេះ ព្រះ​នាង​ភ្ញាក់​ខ្លួន​ភ្លាម ហើយ​ព្រះ​នាង​នាំ​ព័ត៌មាន​នេះ ប្រាប់​ស្វាមី​កម្សត់​ឲ្យ​បាន​ដឹង​ផង ។ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក ព្រះ​នាង​បាន​ចាត់​បុរស​ជា​ប្ដី​ទៅ​រក​ឧស​ពី​ក្នុង​ព្រៃ​រាល់​ថ្ងៃ​ដូច​ធម្មតា ។ ឯ​បុរស​ជា​ប្ដី​នោះ ទៅ​កាប់​ឧស​បាន​សុទ្ធ​តែ​ដើម​ចន្ទន៍​ក្រស្នា​មាន​ក្លិន​ក្រអូប រែក​ជញ្ជូន​មក​គរ​ទុក​ជា​ច្រើន​គំនរ ប៉ុន្តែ មាន​ប្រាថ្នា​យក​មក​ប្រើ​ត្រឹម​តែ​ជា​ឧស​ដុត​ប៉ុណ្ណោះ ឥត​មាន​យល់​ថា នេះ​ជា​ឈើ​មាន​តម្លៃ​ឡើយ ។ ថ្ងៃ​មួយ​នាង​អាក់អ ចេញ​ទៅ​មើល​គំនរ​ឧស ក៏​ស្គាល់​ច្បាស់​ជា​ឈើ​ចន្ទន៍​ក្រស្នា​ដែល​មាន​តម្លៃ ព្រះ​នាង​ក៏​ញញឹម​ប្រាប់​ប្ដី​ថា “រក​ឈើ​នេះ​ឲ្យ​បាន​ច្រើន​មក​ទៀត​” ។ ប្ដី​ក៏​ខំ​ប្រឹង​រក​តាម​បណ្ដាំ​ប្រពន្ធ ។ ពេល​មួយ បុរស​នោះ​ទៅ​ក្នុង​ព្រៃ ប្រទះ​ដុំ​មាស​ក្រហម​ឆ្អៅ​ជា​ច្រើន ក៏​គិត​ថា “ថ្ម​នេះ មាន​សម្បុរ​ល្អ​ចម្លែក​ជា​ថ្ម​ទាំង​ពួង បើ​ដូច្នេះ អញ​គិត​យក​ទៅ​ផ្ទះ​ឲ្យ​បាន​ ៣ ដុំ សម្រាប់​ឲ្យ​ប្រពន្ធ​តម្កល់​ធ្វើ​ជើង​ក្រាន” ។ គិត​ដូច​នេះ​ហើយ បុរស​នោះ ក៏​លើក​ថ្ម​ដាក់​ក្នុង​ល្អី រែក​យក​ទៅ​ផ្ទះ ដោយ​មិន​ស្គាល់​ជា​ដុំ​មាស​ឡើយ ។ លុះ​ប្រពន្ធ​បាន​ឃើញ​ដុំ​មាស​ដូច្នោះ​ហើយ ស្គាល់​ច្បាស់​ជា​មាស តែ​មិន​ប្រាប់​ប្ដី​ទេ គ្រាន់​តែ​ផ្ដាំ​ប្ដី​ថា “បើ​ប្រទះ​ឃើញ​ថ្ម​ក្រហម​ដូច្នេះ​ទៀត ឲ្យ​ជញ្ជូន​មក​ទុក​ទាំង​អស់” ។ ប្ដី​ក៏​ធ្វើ​តាម​បណ្ដាំ​នាង​ជា​ដរាប ។ ថ្ងៃ​មួយ​ព្រះ​នាង​គិត​ឃើញ​ថា ឧស​ចន្ទន៍​ក្រស្នា និង មាស​របស់​អញ​មាន​កាន់​តែ​ច្រើន​ឡើង​ហើយ បើ​ដូច្នេះ អញ​គិត​លើក​ទង់​មួយ​ខ្ពស់​ជា​សញ្ញា ក្រែង​មាន​សំពៅ​ពី​ប្រទេស​ក្រៅ ធ្វើ​ដំណើរ​ជំនួញ​លក់​ដូរ​របស់​ផ្សេង​ៗ គេ​ឃើញ​ហើយ​នឹង​ចូល​មក​ទាក់​ទង ។ គិត​ហើយ ព្រះ​នាង​ក៏​នាំ​ប្ដី​ប្រញាប់​ប្រញាល់​ធ្វើ​តាម​គំនិត​នេះ​ភ្លាម ។ មិន​យូរ​ប៉ុន្មាន មាន​ដង្ខៅ​សំពៅ​នៅ​ស្រុក​ស្លាត់​លង្កា បើក​សំពៅ​ទាំង ៧ នាំ​កំណាត់​សំពត់ និង ភស្តុភារ​ដទៃ​ទៀត មក​លក់​ដូរ​តាម​ឆ្នេរ​សមុទ្រ ។ លុះ​សំពៅ​នេះ បាន​មក​ដល់​ជិត​ភ្នំ​បូរី ក៏​ឃើញ​ទង់​សញ្ញា​ឲ្យ​ដឹង​ថា ទី​នេះ​មាន​មនុស្ស​រស់​នៅ ទំនង​ជា​មាន​ការ​ចង់​ទាក់​ទង​លក់​ដូរ​របស់​របរ​ផង គេ​នាំ​គ្នា​តម្រង់​ក្បាល​សំពៅ​ចូល​ចត​ត្រង់​ទី​នោះ ។ នាយ​សំពៅ​ទាំង ៧ នាក់ ឡើង​ទៅ​លើ​ដី​គោក ប្រទះ​ឃើញ​ព្រះ​នាង​អាក់អ ពីរ​នាក់​ប្ដី​ប្រពន្ធ​រស់​នៅ​ក្នុង​ទី​នោះ ក៏​ពោល​ប្រាស្រ័យ​ទាក់​ទង​ដោយ​ការ​គួរ​សម ។ ព្រះ​នាង​អាក់​អ បបួល​នាយ​សំពៅ​ដូរ​កំណាត់​សំពត់ ព្រម​ទាំង​ភស្តុភារ​ផ្សេង​ៗ ជា​មួយ​នឹង​ឈើ​ចន្ទន៍​ក្រស្នា​របស់​ព្រះ​នាង ។ នាយ​សំពៅ​យល់​ព្រម​សុខ​ចិត្ត​ដូរ​គ្នា ហើយ​ទើប​នាង​នាំ​នាយ​សំពៅ​ទាំង​នោះ ទៅ​បង្ហាញ​ឃ្លាំង​ដុំ​មាស​របស់​ព្រះ​នាង​ទៀត ។ នាយ​សំពៅ​បបួល​ដូរ​កំណាត់​សំពត់​ជា​មួយ​មាស​នោះ ប៉ុន្តែ ព្រះ​នាង​អាក់អ​មិន​ព្រម ។ ព្រះ​នាង​ប្រាប់​ទៅ​នាយ​សំពៅ​ថា “បើ​ចង់​បាន​មាស​នេះ ចូរ​អ្នក​ទៅ​នាំ​យក​ជាង​មាស​ចំនួន ១០០ នាក់​ប្រុស ១០០ នាក់​ស្រី ១០០ មក​ឲ្យ​ខ្ញុំ​សិន” ។ គ្រា​នោះ​នាយ​សំពៅ​ក៏​ព្រម​យ៉ាង​ពេញ​ចិត្ត ហើយ​ក៏​នាំ​គ្នា​បើក​ក្ដោង​សំពៅ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ។ ជា​ខាង​ក្រោយ​មក ពេល​ដែល​ទៅ​ដល់​ស្រុក​ហើយ នាយ​សំពៅ​និយាយ​បញ្ចុះ​បញ្ចូល​អ្នក​ស្រុក​ដែល​ចេះ​ធ្វើ​ជាង​មាស ទាំង​ប្រុស​ស្រី​ចំនួន ២០០ នាក់ ដូច​ពាក្យ​នាង​ស្រី​បាន​ផ្ដាំ​មក ។ កាល​បើ​បាន​គ្រប់​ចំនួន​ហើយ នាយ​សំពៅ​រូត​រះ​ចុះ​សំពៅ វិល​ត្រឡប់​ទៅ​ស្រុក​ព្រះ​នាង​អាក់អ​យ៉ាង​ប្រញាប់ ។ នាយ​សំពៅ​ប្រគល់​ឲ្យ​ព្រះ​នាង​អាក់អ ព្រះ​នាង​ក៏​ប្រគល់​មាស​ឲ្យ​ទៅ​គ្រប់​សំពៅ​ទាំង ៧ ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ ។ ចំណែក​ព្រះ​នាង​អាក់អ និង ស្វាមី ក៏​បាន​ចាត់​ចែង ពួក​អ្នក​ស្រុក​ស្លាត់​ទាំង​ប៉ុន្មាន ដែល​មក​រស់​ជា​មួយ ឲ្យ​អ្នក​ខ្លះ​ទៅ​ជួយ​គាស់​ជញ្ជូន​យក​ដុំ​មាស​មក​ពី​ភ្នំ ឲ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត, អ្នក​ខ្លះ​ឲ្យ​ដំ​រំលាយ​មាស​ផែ​ធ្វើ​ជា​គ្រឿង​អលង្ការ​ផ្សេង​ៗ មាន​ធ្វើ​ជា​កង ចិញ្ចៀន ជាដើម ។ លុះ​បាន​របស់​របរ​ច្រើន​ហើយ តែង​មាន​ឈ្មួញ​ស្រុក​ក្រៅ​ចូល​សំពៅ មក​ចត​ទាក់​ទង​ទិញ​ដូរ​របស់​របរ​ទាំង​នេះ​ជា​ហូរ​ហែ ។ មិន​យូរ​ប៉ុន្មាន ៥-៦ ឆ្នាំ​ប៉ុណ្ណោះ ក៏​មាន​អ្នក​ស្រុក​ក្រៅ​ខ្លះ​ៗ ទៀត មក​សុំ​ជ្រក​នៅ​រក​ស៊ី បាន​គ្នា​កាន់​តែ​ច្រើន​កុះ​ករ​ឡើង, ឯ​អ្នក​ស្រុក​ស្រី​ប្រុស​ដែល​មក​នៅ​យូរ​ហើយ​នោះ ក៏​បង្កើត​បាន​ជា​កូន ពូន​ជា​ចៅ ថែម​ឡើង​ទៀត, ម្ល៉ោះ​ហើយ ភូមិ​ស្រុក​នោះ ក៏​បាន​រីក​ធំ​ឡើង ហើយ​អ្នក​ស្រុក​ទាំង​អស់ ក៏​គោរព​ដល់​ព្រះ​នាង​អាក់អ និង ស្វាមី​គ្រប់​ៗ គ្នា ព្រោះ​សំគាល់​ថា​ជា​ម្ចាស់​ទី​កន្លែង និង ជា​ដង្ខៅ​នៃ​របរ​រក​ស៊ី​ក្នុង​ទី​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​នាង​អាក់អ ដឹក​នាំ​ឲ្យ​ស្វាមី​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច​មួយ​ព្រះ​អង្គ គ្រង​រាជ​នៅ​តំបន់​នេះ​ឡើង ដោយ​មាន​ព្រះ​នាម​ថា ព្រះ​បាទ “សង្ខចក្រ” និង ព្រះ​នាង​អាក់អ ជា​អគ្គ​មហេសី ។ គ្រា​នោះ ព្រះ​បាទ​សង្ខចក្រ ទ្រង់​ចាត់​តាំង​ឲ្យ​មាន​ជា​មន្ត្រី​រាជការ តាម​ក្រុម​តាម​ពួក រវាង​អ្នក​ស្រុក​ទាំង​អស់​នោះ​ឡើង ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​ចាត់​ឲ្យ​រេហ៍ពល​ទាំង​នោះ សង់​បន្ទាយ​ធ្វើ​ជា​កំពែង​ថ្ម និង ឥដ្ឋ ព័ទ្ធ​ជុំ​វិញ​ឲ្យ​កើត​ជា​បរិវេណ​យ៉ាង​ធំ​មួយ​ឡើង4 ហើយ​សន្មត​បរិវេណ​កំពែង​នោះ ហៅ​ថា “បូរី” បាន​ន័យ​ថា​ទី​ក្រុង គឺ​ថា ជនានុជន និង ភូមិ​ស្ថាន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​នេះ ទុក​ជា​អ្នក​ក្រុង សម្បត្តិ​ក្រុង ។ ហេតុ​នេះ​ឯង បាន​ជា​ជាប់​ឈ្មោះ​ទី​ភ្នំ​នេះ​ដល់​សព្វ​ថ្ងៃ ហៅ​ថា “ភ្នំ​បូរី”5 ។ កាល​បើ​សាង​បាន​ជា​ទី​បូរី​សមរម្យ មាន​កិត្តិយស​សមរម្យ សម​តាម​ប្រាថ្នា​ហើយ ព្រះ​បាទ​សង្ខចក្រ និង ព្រះ​អគ្គ​មហេសី ទ្រង់​រំលឹក​ដល់​គុណ​អ្នក​សច្ចំ ដែល​បាន​សន្យា​ថា​ជួយ​ពី​ថ្ងៃ​មុន​នោះ, ព្រះ​អង្គ​ក៏​ចាត់​ឲ្យ​សាង​ជា​ប្រាសាទ​ថ្ម​តូច​មួយ យ៉ាង​ល្អ​ស្រស់​នៅ​លើ​ភ្នំ​ខាង​កើត ដែល​សព្វ​ថ្ងៃ ហៅថា ប្រាសាទ​ភ្នំ​ដា ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អ្នក​សច្ចំ ដែល​មាន​គុណ​ឧបការៈ​លើ​ព្រះ​អង្គ ។ ដូច្នេះ យើង​បញ្ជាក់​ឡើង​វិញ តាម​រឿង​ព្រេង​នេះ បាន​ថា ភ្នំ​បូរី កើត​ឡើង​ពី​ព្រះ​បាទ​សង្ខចក្រ និង ព្រះ​នាង​អាក់អ នោះ​ឯង ដូច​មាន​សេចក្ដី​ហូរហែ​មក​ហើយ ។ តាម​សេចក្ដី​សង្កេត​ដោយ​យក​ប្រវត្តិសាស្ត្រ​មក​សំអាង​ផង ឃើញ​ថា ប្រាសាទ​ទាំង​ឡាយ​ដែល​កសាង​ឡើង​នៅ​ក្នុង​ភូមិ​ភាគ​អង្គរ​បូរី អ្នក​ប្រាជ្ញ​ស្រាវ​ជ្រាវ​ទាំង​ប៉ុន្មាន បាន​រក​ដាន​ឃើញ​ថា សុទ្ធ​សឹង​ជា​ប្រាសាទ​ចាស់​ជាង​គេ គឺ​កសាង​ឡើង​តាំង​ពី​មុន​សម័យ​អង្គរ (Préangkir) ដែល​កាល​នោះ ប្រទេស​កម្ពុជា​យើង នៅ​ជា​ពីរ​ផ្នែក​នៅ​ឡើយ គឺ​ផ្នែក​ខាង​លើ​មាន សម្ភុបុរៈ ជា​ទីក្រុង និង​ខាង​មាត់​សមុទ្រ​មាន វ្យាធបុរៈ ជា​រាជ​ធានី ។ វ្យាធបុរៈ​នេះ​ហើយ ដែល​អ្នក​ប្រាជ្ញ​ស្រាវ​ជ្រាវ សន្និដ្ឋាន​ច្បាស់​លាស់​ថា គឺ​អង្គរ​បូរី សព្វ​ថ្ងៃ​នេះ​ឯង ។ ដូច្នេះ ឃើញ​ថា ទី​ស្ថាន​បុរាណ​ទាំងឡាយ​នៅ​ជិត​ៗ គ្នា​ត្រង់​អង្គរ​បូរី ប្រាកដ​ជា​ទី​ស្ថាន​បុរី​ចាស់ របស់​ខ្មែរ​យើង​សម័យ​កសាង​សញ្ជាតិ កសាង​ប្រទេស ដែល​ពុំ​ទាន់​រីក​ធំ​ទូលំ​ទូលាយ​នៅ​ឡើយ ។ ហេតុ​នេះ រឿង​ព្រេង​ភ្នំ​បូរី គ្រាន់​តែ​ជា​ឯកសារ​មួយ បន្ថែម​លើ​ឯកសារ​សំខាន់​ទាំង​ឡាយ សម្រាប់​ជួយ​បញ្ជាក់​តាម​បែប​រឿង​ព្រេង​ប៉ុណ្ណោះ ។

Post By www.budinst.gov.kh
Untitled-1
Untitled-1
Untitled-1-Recovered