Untitled-3 (2)

ឪពុកម្តាយ ដើម្បីការសិក្សាកូនស្រីទាំងពីរ

ប្រសិនបើយើងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ ត្រូវចំណាយពេល ប្រហែល ៣ម៉ោងនិង៣០នាទីទៅដល់ទីរួមស្រុកក្រគរ នៅខេត្តពោធិ៍សាត់ រួចបត់ស្តាំឆ្ពោះទៅកាន់ ឃុំកំពង់ហ្លួង តាមផ្លូវលំដីក្រហម ប្រហែល៤០នាទី នោះយើងនឹងបានប្រទះឃើញ ភូមិបណ្ដែតទឹក ដែលមានផ្ទះជាច្រើន ស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប។ មានគ្រួសារមួយ ដែលមានជីវភាពខ្វះមុខ ខ្វះក្រោយ មានកូនស្រី២នាក់ កំពុងរស់នៅក្នុងភូមិទី៤ អាចត្រូវបានចាត់ទុកថា ជាគ្រួសារគំរូមួយ នៅក្នុងសហគមន៍នោះ។ ឪពុកម្តាយ ដែលជាអ្នកជំហរក្នុងគ្រួសារនេះ បានបង្ហាញឱ្យយើងឃើញ នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបញ្ជូនកូនស្រីទាំង២នាក់ឱ្យទៅរៀន បើទោះបីជាមានការ ប្រឈមនូវការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏ដោយ។ រឿងរ៉ាវរបស់ពួកគាត់អាចជាគំរូមួយ ក្នុងការជួយលើកទឹកចិត្តដល់គ្រួសារដទៃទៀត ដែលមានជីវភាពខ្វះខាតដែរ ដើម្បីជួយជំរុញកូន ចៅពួកគេឱ្យទទួលបានការរៀនសូត្រ ប្រកបដោយជំនឿជាក់ក្នុងចិត្ត។

ក្នុងគ្រួសារនេះ យើងបានឃើញបុរសម្នាក់ មានរូបរាងស្គមបន្តិច នោះគឺជាឪពុក ដែលមាន ឈ្មោះ ឌី សេង ពោរពេញទៅដោយកម្លាំងចិត្ត និងក្តីសង្ឃឹមលើការសិក្សារបស់កូនស្រី របស់គាត់ ទាំងពីរ ដោយពោលរៀបរាប់ថា គាត់ជាអ្នកនេសាទត្រីផង និងជាកម្មករទូកនេសាទផង។ ជួនកាល គាត់អាចរកបានប្រាក់ចំណូលបានពី ៣.០០០រៀល ទៅ ៦.០០០រៀលក្នុងមួយថ្ងៃ ពីការលក់ត្រី ដែលរកបានដោយខ្លួនឯង និងបានប្រាក់ពី ៨.០០០រៀល ទៅ ១២.០០០រៀលទៀត ដោយធ្វើជា កម្មករទូកនេសាទស៊ីឈ្នួលឱ្យគេ។  សរុបទៅក្នុងមួយថ្ងៃ គ្រួសារខ្ញុំ អាចរកប្រាក់ចំណូលសម្រាប់ គ្រួសារពី ១១.០០០រៀល ទៅ ១៨.០០០រៀល។ គាត់មិនសូវចេះគិតលេខ និងអានអក្សរ ស្ទាត់ ជំនាញទេ។ ប្រាក់ដែលគាត់រកបាន គឺសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារផង និងផ្គត់ផ្គង់ការសិក្សា របស់កូនៗផង។ សព្វថ្ងៃនេះ ខ្ញុំមានកូនស្រីពីរនាក់កំពុងរៀននៅឡើយ គឺកូនស្រីច្បងកំពុងរៀន នៅថ្នាក់ទី១១ និងកូនស្រីពៅកំពុងរៀននៅថ្នាក់ទី១០ នៅឯវិទ្យាល័យ ស្ថិតក្នុងទីរួមស្រុកក្រគរ មាន ចម្ងាយប្រហែល៨ គីឡូម៉ែត្រ។

លោក ឌី សេង ក្នុងទឹកមុខញញឹម និងមានមោទនភាព ក្នុងការខំប្រឹងតស៊ូ ដើម្បីកូនស្រី បានរៀបរាប់បន្តទៀតថា កាលនោះខ្ញុំបានខ្ចីលុយពីអ្នកជិតខាង ដើម្បីទិញកង់មួយគ្រឿង ដែល មានគុណភាពល្អគ្រាន់បើ សម្រាប់ឱ្យកូនស្រីជិះទៅរៀន ឱ្យទាន់ម៉ោងសិក្សា។ បន្ទាប់ពីខ្ញុំ និងភរិយា បានខិតខំធ្វើការ គឺខ្ញុំអាចមានលុយសងបំណុល ដែលជំពាក់គេនោះរួច។ សព្វថ្ងៃ ខ្ញុំសប្បាយ ចិត្តណាស់ បានឃើញកូនស្រីទាំងពីររបស់ខ្ញុំ ខិតខំរៀនសូត្រ និងអាចបន្តការសិក្សាបានខ្ពង់ខ្ពស់ សម្រាប់អនាគតភ្លឺស្វាងរបស់ពួកគេ។  ខ្ញុំសុខចិត្តហត់នឿយ ដោយខំធ្វើការទាំងថ្ងៃទាំងយប់ ទោះបី ជារកប្រាក់បានតិចក្តីច្រើនក្តី ឱ្យតែបានកូនរៀនសូត្រ ព្រោះអីសព្វថ្ងៃខ្ញុំចេះដឹងតិចតួចបែបនេះ ទើប ធ្វើឱ្យខ្ញុំ ជួបការលំបាកដូចសព្វថ្ងៃ។ ខ្ញុំមិនឱ្យកូនរបស់ខ្ញុំ ឆ្លងគ្រោះអវិជ្ជាដូចរូបខ្ញុំ និងប្រពន្ឋខ្ញុំទេ។  ខ្ញុំចង់កាត់ផ្តាច់ នូវភាពវិលជុំនៃភាពក្រីក្រនេះ បើសិនជាកូនៗខ្ញុំមិនចេះអក្សរទៀត ថ្ងៃក្រោយទៅ ចៅៗរបស់ខ្ញុំនឹងជួបការលំបាក ក្នុងការរស់នៅតគ្រប់ជំនាន់។

ចំណែកភរិយាលោក ឌី សេង ឈ្មោះ កែវ សុវណ្ណ បានបង្ហើបឱ្យដឹងថា ដោយសារការរក ប្រាក់ចំណូលបានទាប ទើបខ្ញុំត្រូវកាត់បន្ថយការចំណាយ លើរបបអាហាររបស់ខ្ញុំ ដោយមិនត្រូវ ចាយវាយលើអ្វីដែលមិនចាំបាច់ ដើម្បីសន្សំប្រាក់មួយចំនួន សម្រាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់កូន ស្រីទាំងពីរ និងឱ្យពួកគេរៀនបានចប់ថ្នាក់ទី១២។ ខ្ញុំសន្សំប្រាក់បានតិចតួច ដើម្បីទិញសម្ភារសិក្សា និងឯកសណ្ឋានសិស្សថ្មី សម្រាប់កូនៗខ្ញុំ។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំមិនអាចទិញឱ្យលើស ពីមួយ ឈុតសម្រាប់កូនស្រីម្នាក់ៗបានទ្បើយ តែយ៉ាងហោចណាស់ នេះជាការលើកទឹកចិត្តឱ្យពួកគេ ខំប្រឹងរៀនសូត្រ។  បន្ថែមពីនេះ គាត់ក៏កំពុងចិញ្ចឹមមាន់៦ក្បាល សម្រាប់លក់ដូរយកប្រាក់ខ្លះ នៅ ពេលដែលស្វាមីគាត់ មិនអាចរកការងារបានធ្វើ។ គាត់បានផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ កូនស្រីឈប់សម្រាក និងរៀនបន្ថែមនៅផ្ទះ ដើម្បីឱ្យខួរក្បាលគិតកាន់តែល្អប្រសើរ។ គាត់អនុញ្ញាត ឱ្យកូនស្រីជួយការងារ នៅពេលដែលពួកគេឈប់សម្រាកពីការសិក្សាតែប៉ុណ្ណោះ ។

កូនៗពួកគាត់ ដឹងគុណឪពុកម្តាយណាស់ សម្រាប់ការខំប្រឹង តស៊ូ ដើម្បីការរៀនសូត្ររបស់ ពួកគេ។ កូនស្រីពៅគ្រួសារនេះ បានរៀបរាប់បន្តថា  នាងខ្ញុំខិតខំរៀន ដើម្បីទទួលបានអាហារូបករណ៍ ដើម្បីកុំឱ្យពួកគាត់មិនចាំបាច់បង់ថ្លៃសិក្សាឱ្យខ្ញុំ ពេលខ្ញុំទៅរៀននៅសាកលវិទ្យាល័យ។  ហើយនា ពេលអនាគត ខ្ញុំចង់ក្លាយជាគ្រូពេទ្យ ឬក៏ជាប៉ូលីសស្រី ព្រោះមានប្រជាពលរដ្ឋជាច្រើន នៅក្នុង សហគមន៍នេះ ឆ្លងជំងឺញឹកញាប់ ហើយធ្លាក់ខ្លួនឈឺ ពិសេសកុមារតូចៗ ដែលពួកគេមិនមាន លទ្ឋភាពទៅព្យាបាល។

ចំណែកកូនស្រីច្បង បាននិយាយថា នាងខ្ញុំនឹងមិនធ្វើឱ្យឪពុកម្តាយខ្ញុំអស់សង្ឃឹមទេ បើខ្ញុំ ប្រឡងធ្លាក់ ពួកគាត់នឹងមិនសប្បាយចិត្ត។ នៅថ្ងៃអនាគត នាងខ្ញុំក៏ចង់ធ្វើជាគ្រូពេទ្យ ឬជាគ្រូ បង្រៀន ដោយសារនៅក្នុងសហគមន៍នេះ មានកុមារមិនចេះអក្សរជាច្រើននាក់ ដែលនេះមិនអាច ឱ្យពួកគេចាកឆ្ងាយពីភាពក្រីក្រ នៅពេលដែលកុមារទាំងអស់នេះធំឡើង។

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered