Untitled-1 (22)

ញ៉ាន ប្លយ ខិតខំតស៊ូរៀនសូត្រ

ក្នុងអន្តេវាសិកដ្ឋានមួយកន្លែង ស្ថិតនៅក្បែរមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគីរី មានកុមារីមួយក្រុមកំពុងជជែកគ្នាលេងនៅក្នុងបន្ទប់ស្នាក់នៅរអ៊ូរៗ ខ្លះមានទឹកមុខញញឹមញញែម ខ្លះទៀតមានទឹកមុខស្រងូតស្រងាត់ លាយឡំនឹងសំនៀងរដឺនៗ។ ពេលដែលក្រុមការងារយើង ទៅដល់កន្លែងស្នាក់នៅ ក៏បានសុំជួបជាមួយកុមារីម្នាក់ ដើម្បីសាកសួរព័ត៌មានទាក់ទងនឹងជីវិត ផ្ទាល់របស់នាង។ ពេលនោះ មាននាងម្នាក់បានចេញមកស្វាគមន៍ក្រុមការងារយើង ហើយបានរក កន្លែងសមគួរអង្គុយ និងបានផ្តល់បទសម្ភាសដល់ក្រុមយើងជាបន្តបន្ទាប់ដូចតទៅៈ នាងខ្ញុំឈ្មោះ ញ៉ាន ប្លយ ឈ្មោះជាខ្មែរ ញ៉ាន សាណែន សព្វថ្ងៃនាងខ្ញុំមានអាយុ១៩ឆ្នាំហើយ និងកំពុងរៀននៅ ថ្នាក់ទី១២ខ នៃវិទ្យាល័យហ៊ុនសែន មណ្ឌលគីរី។ នាងខ្ញុំជាជនជាតិព្នង និងជាកូនទី៥ ក្នុងចំណោម បងប្អូន៦នាក់ស្រី៣នាក់។ នាងខ្ញុំ មានស្រុកកំណើត នៅភូមិប៊ូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។ ឪពុកនាងខ្ញុំឈ្មោះ យ៉ាំង ញ៉ាន គាត់បានស្លាប់ចោលខ្ញុំ ប្រហែល៦ឆ្នាំហើយ ឯម្តាយនាងខ្ញុំឈ្មោះ រ៉ឺល យិន គាត់មានមុខរបរជាអ្នកធ្វើចម្ការ តាំងពីខ្ញុំដឹងក្តីរហូតដល់សព្វថ្ងៃ គឺនៅភូមិប៊ូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។ កាលដើមឡើយ គាត់មានជីវភាព យ៉ាប់យ៉ឺនណាស់ តែឥឡូវគាត់មានជីវភាពប្រសើរជាងមុន ដោយសារផលដំណាំបានមកពី ការធ្វើ ចម្ការ ឥឡូវលក់បានថ្លៃជាងពេលមុន ធ្វើឱ្យគាត់អាចសន្សំលុយទិញបានម៉ូតូមួយគ្រឿង សម្រាប់ ប្រើប្រាស់ក្នុងគ្រួសារដូចអ្នកភូមិផ្សេងទៀតដែរ។

កាលពីតូច នាងខ្ញុំរៀននៅសាលាបឋមសិក្សាប៊ូរាំង ស្ថិតក្នុងភូមិនាងខ្ញុំ ដល់អស់ថ្នាក់រៀន នាងខ្ញុំត្រូវទៅរៀននៅអនុវិទ្យាល័យអូររាំង។  នាងខ្ញុំរៀននៅទីនោះរយៈពេលបីឆ្នាំ ក្រោយពេល ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) នាងខ្ញុំបានសុំម្តាយ មកបន្តការសិក្សា នៅ វិទ្យាល័យហ៊ុន សែន មណ្ឌលគីរី ដែលត្រូវមកស្នាក់នៅឆ្ងាយពីផ្ទះ ឯម្តាយនាងខ្ញុំ ក៏បានអនុញ្ញាត ឱ្យនាងខ្ញុំ បានមកបន្តការសិក្សាដូចបំណង។ ពេលបានមករៀននៅទីនេះ សាលារៀនបានផ្តល់ កន្លែងស្នាក់នៅមួយបន្ទប់ ដែលមានគ្នា២០នាក់សម្រាប់សិស្សស្រីៗ។ ការរៀនសូត្រនៅទីនេះ ជា ទូទៅនាងខ្ញុំទទួលបានលទ្ឋផលល្អបង្គួរ គឺមានចំណាត់ថ្នាក់លេខ៩ ឬលេខ១០ រៀងរាល់ខែ នេះបើ គិតលើលទ្ឋផលសិក្សាជារួម តែចំពោះមុខវិជ្ជាគណិតវិទ្យាវិញ នាងខ្ញុំរៀនបានលទ្ឋផលល្អ ពីព្រោះ នាងខ្ញុំ ចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យាជាងគេ។ ក្រៅពីម៉ោងរៀនសូត្រ ពេលទំនេរម្តងម្កាល នាងខ្ញុំ តែងតែជួយធ្វើកិច្ចការផ្ទះ ដូចជា ជំរះស្មៅចម្ការ រកម្ហូបដោយដើរជញ្ជាត់ត្រី និងដើរកាត់ចុងផ្តៅ យកមកធ្វើម្ហូបជាដើម។ សព្វថ្ងៃនាងខ្ញុំមានការលំបាកខ្លះៗដែរ ដោយសារម្តាយនាងខ្ញុំ គ្មានប្រាក់ គ្រប់គ្រាន់សម្រាប់ផ្តល់ឱ្យថ្លៃរៀនបន្ថែមក្រៅម៉ោង ដូច្នេះនាងខ្ញុំ ត្រូវតែបង្ខំចិត្តរកប្រាក់ដោយខ្លួនឯង សម្រាប់ទិញសម្ភារសិក្សា សម្លៀកបំពាក់ និងបង់ថ្លៃរៀនក្រៅម៉ោងបន្ថែម ដោយប្រកបរបរ ជាអ្នក ស៊ីឈ្នួលឱ្យគេ ដូចជា ជំរះស្មៅចម្ការ មួយថ្ងៃគេឱ្យប្រាក់ឈ្នួល ១០.០០០រៀល តែបើធ្វើកិច្ចការ ក្នុងផ្ទះ រួមមាន ជូតសម្អាតផ្ទះ លាងចានឆ្នាំង បោកខោអាវ មួយថ្ងៃបានប្រាក់ឈ្នួល ៧.០០០រៀល។ ហេតុផលដែលធ្វើឱ្យនាងខ្ញុំសម្រេចចិត្ត មករៀននៅវិទ្យាល័យនេះ នាងខ្ញុំគិតថាបើរៀនចប់ថ្នាក់ ទី១២ វាអាចងាយស្រួលនឹងរកការងារ ធ្វើបានសមរម្យសម្រាប់ខ្លួនខ្ញុំ ដូចជាដាក់ពាក្យប្រឡងចូល ធ្វើគ្រូបង្រៀន ធ្វើគ្រូពេទ្យឬប្រកបការងារផ្សេងៗទៀត ដែលរដ្ឋត្រូវការជ្រើសរើស។ មួយវិញទៀត បងប្រុសរបស់ខ្ញុំ ក៏បានជួយជំរុញឱ្យនាងខ្ញុំខិតខំរៀនដែរ ព្រោះកាលពីមុន គាត់ធ្វើការនៅមន្ទីរ សាធារណៈការនិងដឹកជញ្ជូនខេត្តមណលគីរី តែឥឡូវគាត់ឈប់ហើយ គឺទៅប្រកបរបរធ្វើចម្ការ នៅ ភូមិពូជ្រីវិញ។ ក្រៅពីនោះ នាងខ្ញុំមានបងស្រីម្នាក់ទៀត ដែលបានជួយឧបត្ថម្ភនាងខ្ញុំ ជារៀង រាល់ខែ ដែលក្នុងមួយខែៗគាត់ផ្តល់ឱ្យខ្ញុំពី២០.០០០រៀល ទៅ៣០.០០០រៀល សម្រាប់ទិញអាហារ ពេលព្រឹកហូប តែខ្ញុំមិនបានយកទៅទិញអាហារពេលព្រឹកហូបទេព្រោះការហូបអាហារពេលព្រឹក នាំឱ្យមានទម្លាប់ គឺខ្ញុំទុកសម្រាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់នាងខ្ញុំ។ ទោះជាយ៉ាងណា នាងខ្ញុំមាន មោទនភាព និងមានអារម្មណ៍សប្បាយរីករាយ ដែលបានមករៀននៅវិទ្យាល័យនេះ ដោយបាន ផ្តល់ឱ្យខ្ញុំមានមិត្តភក្តិជាច្រើន បានស្គាល់និងរាប់អានគ្នាដូចបងប្អូន។ តាមពិត នាងខ្ញុំខិតខំ តស៊ូ មករៀនឱ្យដល់ថ្នាក់នេះគឺមានគោលបំណងពីរៈ បំណងទី១ ចង់ធ្វើជាអ្នកគ្រូពេទ្យដ៏ល្អម្នាក់ និង ទៅបម្រើនៅក្នុងភូមិរបស់ខ្ញុំ ដើម្បីជួយព្យាបាលអ្នកជំងឺ ពីព្រោះនៅភូមិខ្ញុំក៏ខ្វះគ្រូពេទ្យដែរ។ មាន គ្រាមួយនោះ ពេលឪពុកខ្ញុំឈឺ គ្រូពេទ្យមកពីឆ្ងាយ មិនសូវយកចិត្តទុកដាក់ ថែទាំអ្នកជំងឺឱ្យបាន ដិតដល់នោះទេ ហើយពេលនោះ ឪពុកខ្ញុំគាត់ក៏ធ្លាក់ខ្លួនឈឺធ្ងន់ទៅៗ រហូតគាត់ស្លាប់ចាកចោល ពួកខ្ញុំទៅ នេះក្តីទុក្ខសោកអាណោចអាធម៌សម្រាប់ជីវិតរបស់ខ្ញុំ។ បំណងទី២ គឺចង់ធ្វើជាអ្នកគ្រូ បង្រៀន ទោះជាបង្រៀននៅថ្នាក់តូចក្តី ឬថ្នាក់ធំក្តី ដើម្បីជួយបង្ហាត់បង្រៀន ដល់អ្នកជំនាន់ក្រោយ ពិសេសក្រុមជនជាតិភាគតិចដូចខ្ញុំនេះ ឱ្យមានចំណេះដឹងជ្រៅជ្រះ ដើម្បីរួមគ្នាជួយអភិវឌ្ឍ ភូមិ ស្រុកនាងខ្ញុំ ឱ្យបានសំបូរសប្បាយ។ សព្វថៃ្ង មានពេលខ្លះនាងខ្ញុំ មានអារម្មណ៍ថា ដូចជា នៅ ម្នាក់ឯង ខ្វះភាពកក់ក្តៅ ដោយនៅឆ្ងាយពីអ្នកម្តាយ បងប្អូន ទោះបីជាមានមិត្តភក្តិជួយធ្វើកិច្ចការ ឬ មកជជែកលេងម្តងម្កាលក៏ដោយ ក៏វាមិនដូចជានៅផ្ទះរបស់នាងខ្ញុំទេ ខ្ញុំចេះតែខ្លាចក្រែងចិត្តគេ ។

ជាចុងក្រោយនេះ នាងខ្ញុំសូមអំពាវនាវដល់លោកពូ អ្នកមីង អ៊ំ ញាតិមិត្ត ជាជនជាតិព្នង ត្រូវតែបញ្ជូនកូនឱ្យទៅរៀនបានខ្ពង់ខ្ពស់ ជាពិសេសកូនស្រី និងសូមឱ្យប្អូនស្រីៗទាំងអស់ ត្រូវខិតខំ រៀនសូត្រឱ្យមានចំណេះដឹងជ្រៅជ្រះ ព្រោះវាងាយស្រួលរកការងារធ្វើបានសមរម្យ ដើម្បីយកមក ជួយអភិវឌ្ឍ ខ្លួនឯង គ្រួសារ និងភូមិ ស្រុករបស់យើង ឱ្យបានសំបូររុងរឿង។ នាងខ្ញុំក៏ចង់ ឃើញ ដោយទទូចចំពោះក្មេងៗជំនាន់ក្រោយទាំងអស់ថា ប្រាកដជាបានរៀនសូត្រគ្រប់ៗគ្នា។ នាងខ្ញុំ ក៏ សូមសំណូមពរដល់ថ្នាក់លើមាន មន្ទីរអប់រំ និងក្រសួងអប់រំ មេត្តា ជួយឧបត្ថម្ភ គាំទ្រ ផ្នែកស្មារតី សម្ភារដល់ពួកនាងខ្ញុំ ដែលជាជនជាតិខ្មែរដើមព្នង  ឱ្យបានសិក្សារៀនសូត្រដល់គោលដៅ ក្នុងនោះ មានការផ្តល់កន្លែងឱ្យស្នាក់នៅ អាហារហូបចុក សម្លៀក បំពាក់ព្រមទាំងមធ្យោយបាយផ្សេងៗ។

សូមចប់យោបល់ពីខ្ញុំ ញ៉ាន ប្លយ ហៅ សាណែន។

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered