Untitled-4

ក្លាន ប៊ូរី ជាសិស្សពូកែ

នៅមុខថ្នាក់រៀនមួយ មានកុមារីមួយក្រុមកំពុងជជែកគ្នាលេង ជាមួយមិត្តភក្តិយ៉ាងច្រើន មានទឹកមុខ ប្រកបដោយក្តីសប្បាយរីករាយខ្ញៀវខ្ញារ ក្រោមសំនៀងរដឺនៗ និងមានភាសាខ្លះ ក្រុម យើងមិនអាចស្តាប់យល់បានឡើយ។ ពេលក្រុមការងារយើងទៅដល់ និងបានស្នើសុំ ជួបជាមួយ កុមារីម្នាក់ចំណោមពួកគេ នាងម្នាក់ក៏បានយល់ព្រមតាមសំណើ ហើយក៏បានរកកន្លែងគួរសម ដើម្បី សម្រួលឥរិយាបថ មុននឹងផ្តល់បទសម្ភាសដល់ក្រុមការងារយើង។ ក្រុមការងារយើងបានសាកសួរ សំណួរជាច្រើន ហើយនាងក៏បានផ្តល់ចម្លើយដល់ក្រុមយើង ជាបន្តបន្ទាប់ដូចតទៅៈ នាងខ្ញុំឈ្មោះ ក្លាន ប៊ូរី សព្វថ្ងៃនាងខ្ញុំមានអាយុ១៥ឆ្នាំ ហើយកំពុងរៀននៅថ្នាក់ទី៩ក។  នាងខ្ញុំជាជនជាតិព្នង ហើយនាងខ្ញុំជាកូនទី ២ ក្នុងចំណោមបងប្អូន ៧នាក់ ស្រី៤នាក់។  នាងខ្ញុំ មានស្រុកកំណើតនៅ ភូមិប៊ូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។ ឪពុកនាងខ្ញុំឈ្មោះ សេង ក្លាន គាត់មាន មុខរបរធ្វើគ្រូបង្រៀន គឺតាំងពីខ្ញុំដឹងក្តីរហូតបច្ចុប្បន្ន។ ម្តាយនាងខ្ញុំឈ្មោះ យ៉ោះ ប្យើត គាត់ប្រកប មុខរបរធ្វើចម្ការ ដាំដំឡូងមី ស្វាយចន្ទី និងដំណាំផ្សេងៗទៀត តាំងពីនាងខ្ញុំដឹងក្តីរហូតបច្ចុប្បន្ន នៅ ភូមិប៊ូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី លើផ្ទៃដីមានទំហំប្រហែល១,៥០ហិចតា។ កាលពីមុនពួកគាត់មានជីវភាពយ៉ាប់យ៉ឺន តែឥឡូវពួកគាត់មានជីវភាពប្រសើរជាងមុន ដោយសារ ឥឡូវកសិផលដែលផលិតបាន មានតម្លៃថ្លៃគ្រាន់បើ ហើយផ្លូវថ្នល់សព្វថ្ងៃ ក៏ងាយស្រួលដឹកជញ្ជូន ទៅលក់ផងដែរ។ បច្ចុប្បន្នឪពុកម្តាយនាងខ្ញុំ មានម៉ូតូមួយគ្រឿង សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ដូចអ្នកភូមិដទៃទៀតដែរ។

កាលពីតូច នាងខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាប៊ូរាំង ដែលស្ថិតនៅក្នុងភូមិនាងខ្ញុំ ហើយការសិក្សានៅទីនោះទទួលបានលទ្ឋផលល្អ គឺមានចំណាត់ថ្នាក់លេខ១ឬលេខ២ រៀងរាល់ខែ ហើយពេលរៀនចប់ថ្នាក់នៅទីនោះ នាងខ្ញុំក៏បានបន្តការសិក្សានៅអនុវិទ្យាល័យអូររាំងនេះតែម្តង។ ការមករៀនសូត្រនៅទីនេះ លទ្ឋផលសិក្សារបស់នាងខ្ញុំទទួលបានចំណាត់ល្អដដែល គឺមានលេខ២ ឬលេខ៣រៀងរាល់ខែ។ តាមពិត នាងខ្ញុំចូលចិត្តរៀនមុខវិជ្ជាជីវៈវិទ្យា ហើយការរៀនសូត្រក៏ទទួល បានលទ្ឋផលល្អជាងគេដែរ។ ទោះជាសាលារៀន នៅមិនឆ្ងាយប៉ុន្មានពីផ្ទះនាងខ្ញុំក្តី តែការធ្វើ ដំណើរមកសាលារៀន មានជួបការលំបាកខ្លះៗដែរ ដូចជាពេលមានភ្លៀងធ្លាក់ម្តងៗ តាមផ្លូវមាន ភាពរអិលដោយអន្លើៗ ហើយម្យ៉ាងទៀត ឥឡូវនាងខ្ញុំក៏មិនសូវមានលុយចាយផងដែរ។ អ្វីដែលធ្វើ ឱ្យខ្ញុំមករៀននៅទីនេះ គឺមានរឿងជាច្រើនបានជំរុញឱ្យនាងខ្ញុំខិតខំតស៊ូរៀនសូត្រ ដូចជាការជួយ ជំរុញទឹកចិត្តពីឪពុកម្តាយ មិត្តភក្តិ ជាពិសេសការតាំងចិត្តរៀនសូត្ររបស់នាងខ្ញុំផ្ទាល់។ នាងខ្ញុំ មាន មោទនភាពចំពោះខ្លួនឯងណាស់ ថាខ្ញុំប្រាកដជាប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយនាងខ្ញុំនឹងសុំឪពុកម្តាយ បន្តការសិក្សានៅទីរួមខេត្តមណ្ឌលគីរីបន្តទៀត ព្រោះវិទ្យាល័យ មានតែនៅទីរួមខេត្ត។ ទោះជាយ៉ាងនេះក្តី នាងខ្ញុំក៏មានការបារម្ភខ្លះៗដែរ ខ្លាចតែឪពុកម្តាយនាងខ្ញុំ គាត់ពុំយល់ព្រមឱ្យនាងខ្ញុំជាកូនស្រីទៅរៀននៅឆ្ងាយពីផ្ទះ និងត្រូវទៅស្នាក់នៅទីនោះទៀត នាងខ្ញុំ ចេះតែបារម្ភក្នុងចិត្តតែម្នាក់ឯង។

ទោះជាយ៉ាងណា ខ្ញុំនៅតែមានមោទនភាព និងមានអារម្មណ៍សប្បាយរីករាយជានិច្ច ពេល ដែលឪពុកម្តាយខ្ញុំ អនុញ្ញាតឱ្យខ្ញុំបានបន្តការសិក្សារហូតដល់ថ្នាក់នេះ។ នាងខ្ញុំនៅចាំបានថា កាល ពីឆ្នាំ២០១០កន្លងទៅ នាងខ្ញុំរៀននៅថ្នាក់ទី៨ ត្រូវបានសាលារៀនផ្តល់កិត្តិយសឱ្យខ្ញុំ បានទៅធ្វើ ទស្សនកិច្ចសិក្សា ក្នុងនាមជាកុមារចលនាកុមារបីល្អ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ជាមួយមិត្តភក្តិជាច្រើនទៀត។ នាងខ្ញុំបានទៅទស្សនា ព្រះបរមរាជវាំង សារមន្ទីរជាតិ និងសារមន្ទីរ គុកទួលស្លែង ដោយមានការជួយឧបត្ថម្ភពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគីរី។ នៅ សាលារៀននេះ នាងខ្ញុំត្រូវទទួលបន្ទុកកិច្ចការមួយទៀតក្រៅពីការរៀនសូត្រ គឺជាសមាជិកក្រុម ប្រឹក្សាយុវជន ដោយត្រូវទទួលបន្ទុកលើផ្នែកវិន័យនិងសណ្ដាប់ធ្នាប់ ក្នុងសាលារៀន។ តាមធម្មតា សាលារៀននេះ លោកគ្រូ អ្នកគ្រូ បានយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្ស មិនដែលហ៊ានឈប់ ផ្តេសផ្តាសទេ ជាពិសេសលោកនាយកសាលា គឺមកទៀងទាត់ណាស់។ ពេលអនាគត ខ្ញុំមាន បំណងចង់ក្លាយជាអ្នកគ្រូបង្រៀនដ៏ល្អម្នាក់ ដើម្បីជួយបង្ហាត់បង្រៀនដល់ប្អូនៗជំនាន់ក្រោយ ដែល ជាកូនអ្នកស្រុក នៅក្នុងភូមិនាងខ្ញុំ ឱ្យបានចេះដឹងជ្រៅជ្រះ ទោះបីជានាងខ្ញុំ មានចំណូលចិត្តរៀន មុខវិជ្ជាជីវៈវិទ្យា និង មុខវិជ្ជាសិល្បៈខាង សិល្បៈបុរាណក៏ដោយក្តី នោះជាក្តីប្រាថ្នារបស់នាងខ្ញុំ។

នាងខ្ញុំសូមអំពាវនាវ ចំពោះមិត្តភក្តិស្រីៗដែលជាជនជាតិព្នងទាំងអស់ ត្រូវខិតខំរៀនសូត្រ ឱ្យបានចប់ចុងដើម កុំអាលឈប់រៀននៅពាក់កណ្ដាលទីដោយគ្មានមូលហេតុ។ នាងខ្ញុំក៏សូមអំពាវ នាវចំពោះលោកពូ អ្នកមីង អ៊ំ លោកតា លោកយាយ ត្រូវបញ្ជូនកូនចៅឱ្យមករៀន ពិសេសកូន ចៅស្រីៗ កុំឱ្យឃាំងពួកគេទុកតែនៅផ្ទះមិនរៀនសូត្រ និងសូមកុំបង្ខំកូនស្រី ឱ្យឆាប់រៀបការប្តីនៅ ក្នុងវ័យក្មេងៗពេក ដើម្បីឱ្យពួកគេមានពេលរៀនសូត្របានវែងឆ្ងាយ និងចេះដឹងជ្រៅជ្រះ ហើយ យកចំណេះដឹងទាំងនោះ មកអភិវឌ្ឍគ្រួសារ ស្រុក ភូមិ និងសង្គមជាតិយើង។ នាងខ្ញុំក៏មាន សំណូមពរ ដល់ថ្នាក់លើមានរាជរដ្ឋាភិបាល និងអង្គការនានា មេត្តាជួយឧបត្ថម្ភគាំទ្រលើផ្នែកស្មារតី សម្ភារ ថវិកា ដល់ពួកយើងខ្ញុំជាជនជាតិព្នង ឱ្យបានសិក្សារៀនសូត្រដល់គោលដៅ ដូចជា ការផ្តល់ សម្ភារសិក្សា សៀវភៅសិក្សាគោល អាហារូបករណ៍ ផ្ទះស្នាក់នៅ និងមធ្យោបាយផ្សេងៗទៀត ។

ពីនាងខ្ញុំ ក្លាន ប៊ូរី។

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered