Untitled-2 (1)

រឿង ម៉ី ស្រីនា

រឿងនេះបង្ហាញពីប្រវត្តិដ៏គួរឱ្យស្ញប់ស្ញែងរបស់ក្មេងស្រីម្នាក់ ដែលកើតក្នុងគ្រួសារក្រីក្រ ហើយមានតស៊ូ ព្យាយាម ពុះពារគ្រប់ឧបសគ្គដើម្បីបន្តការសិក្សា។ ទោះបីជាគ្រួសាររបស់នាង មានជីវភាព លំបាកយ៉ាងណា ក៏ដោយ ក៏នាងនៅតែមានក្តីសង្ឃឹមក្នុងជីវិត ព្រោះនាងតែងតែគិតថា ការសិក្សានឹងធ្វើឱ្យគ្រួសារមានភាពរុងរឿង និងថ្លៃថ្នូរ ខ្ពង់ខ្ពស់ ថែមទាំងធ្វើឱ្យសង្គមមានការ រីកម្រើនដូចអរិយប្រទេសនានាលើពិភពលោក។

ម៉ី ស្រីនា មានអាយុ១៦ឆ្នាំ រស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់។ នាងរស់ នៅក្នុងគ្រួសារកសិករដែលបានប្រកបរបរចិញ្ចឹមជីវិតមួយថ្ងៃសម្រាប់តែ រស់មួយថ្ងៃប៉ុណ្ណោះ​ ហើយឪពុកម្តាយ របស់នាងជាអ្នកទទួលរ៉ាប់រងចិញ្ចឹមបីបាច់កូន៦នាក់។

ស្រីនា មានភារកិច្ចរ៉ាប់រងធ្វើការងារក្នុងផ្ទះគ្រប់មុខ ដោយសារតែឪពុកម្តាយរបស់នាង ត្រូវរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។ ស្រីនាបានននិយាយថា ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បី​លាង​ចានបោសសម្អាតផ្ទះ សំបែង និងបណ្តើរគោចេញពីក្រោល មុនពេលចាកចេញពីផ្ទះ ទៅសាលារៀន។ នាងរៀនពេញម៉ោងសិក្សាក្នុងមួយថ្ងៃៗរហូតដល់ម៉ោង៦ល្ងាចទើបត្រឡប់មក​ផ្ទះវិញ។ ក្រោយពេលចេញពីសាលារៀននាងត្រូវបំពេញការងារផ្ទះជាថ្មីម្តងទៀត ប៉ុន្តែនាងរីករាយ​នឹងការងារទាំងនោះណាស់។ ស្រីនាបានពន្យល់ដោយក្តីសោកសង្រេង មានការប្តេជ្ញាចិត្តថា​«ខ្ញុំត្រូវ​តែជួយធ្វើការងារដែលខ្ញុំអាចធ្វើបានក្នុងគ្រួសាររបស់ខ្ញុំ ពីព្រោះគ្រួសារខ្ញុំក្រីក្រ»។ ខ្ញុំត្រូវតែឆ្លៀត​ឱកាស​រៀនសូត្រទៅតាមលទ្ឋភាពព្រោះការអប់រំ នឹងធ្វើឱ្យ ស្ថានភាព គ្រួសាររបស់ខ្ញុំមានភាពល្អ​ប្រសើរ នៅថ្ងៃអនាគតជាក់ជាមិនខាន។

ក្រៅពីការងារក្នុងផ្ទះសំបែង ស្រីនាធ្វើការនៅឯវាលស្រែ ដើម្បីជួយរកប្រាក់ចំណូលដោះ​ស្រាយជីវភាពគ្រួសារ ទោះបីជានាងមានវ័យនៅក្មេងក៏ដោយ​ ។ ក្នុងវ័យ១៦ឆ្នាំជាវ័យដែលក្មេង ទូទៅ​ត្រូវការភាពសប្បាយ រីករាយ និងការកំសាន្ត តែផ្ទុយទៅវិញស្រីនា បែរជាដើរស៊ីឈ្នួលធ្វើស្រែ រកប្រាក់កម្រៃបន្ថែមដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ក៏ប៉ុន្តែស្រីនាជាក្មេងស្រីដែលមានសំណាងល្អ ដែល មានឪពុកម្តាយជាអ្នកយល់ពីសារៈសំខាន់នៃការសិក្សា។ ពួកគេសង្ឃឹមថា ការសិក្សានឹងធ្វើឱ្យជីវិត កូនស្រីរបស់ពួកគេមានភាពខុសប្លែកពីស្ថានភាពរបស់ ពួកគេនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ឪពុកម្តាយនាងក៏បានពោលបន្ថែមទៀតថា«ខ្ញុំតូចចិត្តណាស់ដែលខ្ញុំមិនចេះអក្សរ»។ ដោយសារតែ ភាពមិនចេះអក្សរ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីក្រៅពីធ្វើស្រែនោះទេ។ ប៉ុន្តែពួកគាត់សង្ឃឹមថា ការអប់រំនឹង ក្លាយជាពន្លឺដ៏ត្រចះត្រចង់ នឹងនាំកូនស្រីរបស់ពួកគាត់ឱ្យឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ហើយស្រីនា នឹងមិនជួបនូវស្ថានភាពក្រីក្រ លំបាកតោកយ៉ាក រកមួយថ្ងៃសម្រាប់រស់តែមួយថ្ងៃ ដូចពួកគាត់ នោះទេ។ ម្តាយស្រីនា បានរៀបរាប់ដោយអារម្មណ៍សោកស្តាយ និងសប្បាយចិត្តក្នុងពេលតែ​មួយ។

ស្រីនា ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអំពីសិទ្ឋិកុមារ រយៈពេល៥ថ្ងៃ នៅខេត្តតាកែវ ដោយសារតែសមត្ថភាពរបស់នាង។ នៅពេលនាងត្រឡប់មកវិញនាង បានបង្រៀន សមាជិកក្នុងសហគមន៍របស់នាង ចំនួន១២៥នាក់ ក្នុងនោះមានស្រីចំនួន៩០នាក់។ នាងបាន និយាយយ៉ាងក្លាហានថា  «ខ្ញុំចង់រួមចំណែក ដឹកនាំសហគមន៍ ឱ្យក្លាយជាសហគមន៍មួយដ៏រុងរឿង ឧត្តុងឧត្តម និងចង់ឃើញមនុស្សគ្រប់គ្នា ជាពិសេសក្មេងស្រីទទួលបានការអប់រំល្អ»។ នាងក៏ចង់ បង្ហាញឱ្យមនុស្សរាល់គ្នាយល់ថាក្មេងស្រីដូចជាខ្ញុំដែលទទួលបានការអប់រំល្អ អាចចូលរួមចំណែក ធ្វើឱ្យសហគមន៍ និងប្រទេសជាតិ មានភាពរីកចម្រើនរុងរឿង។

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered