Untitled-1 (19)

គ្រូបង្រៀនជា ក្តីស្រមៃរបស់ខ្ញុំ

នាងខ្ញុំឈ្មោះ វ៉ននរិន្ទ សុភីរនី សព្វថ្ងៃអាយុ១៤ឆ្នាំ និងជាសិស្សរៀននៅថ្នាក់ទី៦ នៃសាលា បឋមសិក្សាចំរើនរដ្ឋ។ នាងខ្ញុំកើតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៩៨ នៅក្នុងគ្រួសារក្រីក្រមួយ។ ខ្ញុំជាកូនទី៤ ក្នុងមាចំណោមបងប្អូន៦នាក់ប្រុស៣នាក់។ កាលពីមុនក្រុមគ្រួសាររបស់ខ្ញុំ រស់នៅក្នុង ភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ម្តាយនាងខ្ញុំឈ្មោះ អ៊ូច សារឹម និង ឪពុកឈ្មោះ គង់ វ៉ននរិន្ទ  ពួកគាត់ជាកសិករ។ ជីវភាពគ្រួសារខ្ញុំពឹងផ្អែកលើការធ្វើស្រែចម្ការបន្តិច បន្តួច ហើយប្រភពចំណូលមិនគ្រប់គ្រាន់ សមាជិកក៏ច្រើនទៀត បានធ្វើឱ្យជីវភាពក្រុមគ្រួសារ ជួបប្រទះការលំបាកកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារតែស្ថិតក្នុងស្ថានភាព រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកបែបនេះ ទើបធ្វើឱ្យគ្រួសារខ្ញុំ មិនសូវគិតគូរពីការរៀនសូត្រ របស់ កូនប៉ុន្មានទេ។ ដូច្នេះ បងប្រុសរបស់ខ្ញុំ បានសម្រេចចិត្តបោះបង់ការសិក្សា ដើម្បីរកការងារធ្វើ គ្រាន់បានប្រាក់កម្រៃ មកជួយដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ នៅពេលគាត់ឈប់រៀន គាត់ បានទៅធ្វើជាកម្មករសំណង់ និងការងារផ្សេងៗទៀត នៅពេលដែលគេត្រូវការ។

ខណៈពេលនេះ ម្តាយនាងខ្ញុំក៏ធ្លាក់ខ្លួនឈឺ ព្រោះគាត់ធ្វើការធ្ងន់ហួសកម្លាំង ហើយការហូប ចុកមិនគ្រប់គ្រាន់។ ខ្ញុំដឹងថា វាពិតជាមិនងាយស្រួលទេក្នុងការរកប្រាក់ទិញម្ហូបអាហារ និងទិញថ្នាំ ព្យាបាលជំងឺរបស់គាត់។ ហេតុនេះហើយ ពេលទំនេរពីការរៀន ខ្ញុំដើររកបេះត្រកួន រកខ្យង នៅ តាមបឹងនិងវាលស្រែឆ្ងាយពីផ្ទះ យកមកទុកហូបនិងលក់ផង គ្រាន់បានប្រាក់កម្រៃខ្លះ សម្រាប់ ដោះស្រាយជីវភាពគ្រួសារ។ ជួនកាលខ្ញុំដើរ ស៊ីឈ្នួលច្រូតស្រូវ បោកខោអាវ ជូតផ្ទះ និងមើលកូន ឱ្យគេ ដើម្បីបានលុយបន្តិចបន្តួចទុក ទិញសម្ភាររៀនសូត្រ។ ដោយសារតែគ្រួសាររបស់ខ្ញុំ ជួបប្រទះ ការលំបាក ឪពុកខ្ញុំក៏សម្រេចចិត្ត ឱ្យខ្ញុំឈប់រៀនម្នាក់ទៀត ដើម្បីជួយមើលម្តាយឈឺ ណាមួយគ្មាន លុយឱ្យពួកខ្ញុំទៅរៀនទៀតទេ បើរៀនម្តងបីបួននាក់យ៉ាងនេះ។ គ្រាន់តែឮសូរសម្ដីបែបនេះ ខ្ញុំ ទន់ជើង អួលដើមកនិយាយមិនរួច។ ខ្ញុំមិនអាចប្រកែកបានក្រៅពីសម្រក់ទឹកភ្នែក សោកស្តាយ មិនបានរៀនតទៅទៀត និងមិនបានជួបមិត្តរួមថ្នាក់ ដែលធ្លាប់តែលេងសើចជាមួយគ្នា ជាពិសេស បំណងប្រាថ្នារបស់ខ្ញុំ ដែលចង់ក្លាយជាគ្រូបង្រៀនម្នាក់។ ពេលនោះ ខ្ញុំត្រូវផ្អាករៀនសូត្រ ដើម្បីជួយ ធ្វើការងារឪពុកម្តាយទាំងមិនសប្បាយចិត្តចេះតែស្រក់ទឹកភ្នែក។ ឃើញដូច្នេះម្តាយខ្ញុំ ក៏សម្រេចចិត្ត ឱ្យខ្ញុំចូលរៀនវិញ។ ប៉ុន្តែគាត់ មិនឱ្យខ្ញុំចូលរៀននៅសាលាដដែលទេ គាត់បានបញ្ជូនខ្ញុំទៅរៀន នៅភ្នំពេញ ក្នុងសាលាបឋមសិក្សាព្រែកព្នៅ ហើយគាត់ផ្ញើខ្ញុំឱ្យនៅជាមួយនឹងលោកពូម្នាក់ឈ្មោះ ខុម និងប្រពន្ឋឈ្មោះ ស្រី។ ការស្នាក់នៅជាមួយគេ មិនដូចជាការ រស់នៅជាមួយឪពុកម្តាយ ក្រុម គ្រួសារយើងទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវធ្វើការងារជាច្រើនរាល់ព្រឹក ត្រូវភ្ញាក់ពីព្រលឹម បោសសម្អាត ជូតផ្ទះ លាងចានឆ្នាំង ទើបចេញពីផ្ទះទៅសាលារៀន។ នៅពេលត្រឡប់មកពីរៀនវិញ ខ្ញុំត្រូវ ដាំបាយ ធ្វើម្ហូបអាហារ លាងចាន និងពេលទំនេរ ជួយមើលកូនឱ្យគេទៀតផង។ ខ្ញុំគ្មានពេលវេលា រត់លេងសប្បាយដូចក្មេងដទៃទេ។ ឆ្លៀតពីពេលទំនេរ នាងខ្ញុំមើលក្មេងបណ្ដើរ មើលសៀវភៅ ឬ ធ្វើកិច្ចការសាលាបណ្ដើរ។ ខ្ញុំគ្មានសម្លៀកបំពាក់ល្អៗ គ្មានលុយ គ្មានកាបូប និងសម្ភារគ្រប់គ្រាន់ ទៅរៀនដូចគេឯងទេ។ ពេលមេឃភ្លៀង ត្រូវដើរហាលភ្លៀងទទឹកខោអាវជោគ សៀវភៅសើមអស់ ត្រូវហាលថ្ងៃទំរាំតែស្ងួត។ រូបខ្ញុំសព្វថ្ងៃ រយីករយាកមិនស្អាតដូចមិត្តរួមថ្នាក់ ដូចនេះគេតែងតែមើល ងាយរូបខ្ញុំ ពេលខ្លះខ្ញុំតូចចិត្តនឹងវាសនាខ្លួនឯងខ្លាំងណាស់ កើតមកនឹងគេដែរ ហេតុអ្វីត្រូវវេទនា យ៉ាងនេះ។

ពេលវេលាចេះតែកន្លងផុតទៅយ៉ាងឆាប់រហ័ស ថ្ងៃមួយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដោយ បានទទួលដំណឹងថាគ្រួសារនាងខ្ញុំសម្រេចចិត្តលក់ផ្ទះនៅឯស្រុក ដើម្បីមករស់នៅជុំគ្នានៅភ្នំពេញ។ គ្រួសាររបស់ខ្ញុំ បានមករស់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្តាយខ្ញុំ បានប្រកបមុខរបរ ជាអ្នកលក់ត្រីចៀន នៅមុខរោងចក្រ។

នៅទីក្រុង ជីវភាពរស់ខុសប្លែកពីការរស់នៅតាមជនបទ ព្រោះការចំណាយច្រើន ដូចនេះ គ្រួសារនាងខ្ញុំ មិនបានធូរស្រាលសោះ កាន់តែលំបាកជាងមុនទៀត។ ជីវភាពកំពុងតែលំបាក ព្រះអើយឪពុករបស់ខ្ញុំ បែរជាធ្វើបាបទឹកចិត្តម្តាយខ្ញុំ ដោយគាត់មានប្រពន្ឋចុង ហើយស្រវឹងស្រា ស្ទើររាល់ថ្ងៃ។ នៅពេលគាត់ត្រឡប់មកដល់ផ្ទះ គាត់តែងវាយធ្វើបាបប្រពន្ឋកូន ទារលុយពីម្តាយខ្ញុំ ពេលមិនបានលុយ គាត់ជេរប្រមាថវាយប្រពន្ឋកូន និងបោករបស់របរក្នុងផ្ទះ ធ្វើឱ្យបាក់បែក គ្រប់ ពេលវេលា។ បើនឹកដល់រឿងនេះ ខ្ញុំមានអារម្មណ៍អាណិតដល់អ្នកម្តាយខ្លាំងណាស់។ ខ្ញុំតែងតែ គិតថា ពេលបានរស់នៅជុំគ្នា ទោះបីក្រីក្រលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសាររបស់ខ្ញុំ នឹងមាន សុភមង្គល។ ប៉ុន្តែផ្ទុយទៅវិញ ការគិតរបស់ខ្ញុំខុសស្រឡះ ដែលនឹកស្មានមិនដល់ គឺការរស់ នៅ ទីក្រុងធ្វើឱ្យឪពុកខ្ញុំ ក្លាយជាមនុស្សបាត់បង់អស់នូវព្រហ្មវិហារធម៌ចំពោះកូន និងប្រពន្ឋទៅវិញ។ ថ្ងៃមួយ គាត់មកដល់ផ្ទះទាំងស្រវឹងជោគជាំ គាត់មិនឱ្យខ្ញុំរៀនទៀតទេ ឱ្យខ្ញុំទៅស៊ីឈ្នួលបម្រើគេ គ្រាន់បានលុយចូលផ្ទះខ្លះ រៀនបានប្រយោជន៍អ្វី នាំតែបង្ហិនលុយទទេៗ។ សំដីបែបនេះ ធ្វើឱ្យខ្ញុំ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខ្ញុំឈឺចាប់ខ្លាំងណាស់ ព្រោះខ្ញុំពិតជាមិនចង់ឈប់រៀន មិនចង់ បោះបង់បំណងប្រាថ្នារបស់ខ្ញុំឡើយ។ ពេលនោះ ម្តាយខ្ញុំបានស្ទុះមកឱប ហើយអង្អែលក្បាល នាងខ្ញុំថ្នមៗទាំងទឹកភ្នែកហូររហាម។ ខណៈនោះ ខ្ញុំពិបាកចិត្តនិងតក់ស្លុត ដោយគិតថាការរស់នៅ ក្នុងស្ថានភាពបែបនេះ ខ្ញុំពិតជាមានអារម្មណ៍ពិបាកណាស់ ហើយខ្ញុំដូចជាមានគំនិតចង់ឈប់រៀន ទៅរកការងារធ្វើ ដើម្បីរកប្រាក់ជួយដោះស្រាយជីវភាពគ្រួសារនាងខ្ញុំវិញ ក្រែងបានធូរស្រាលខ្លះ។ ពេលអង្គុយរៀន ខ្ញុំតែងតែគិតម្នាក់ឯងជារឿយៗ រហូតភ្លេចស្តាប់គ្រូពន្យល់  ពេលខ្លះទៀតត្រូវគ្រូ ស្តីបន្ទោសជាញឹកញាប់ ព្រោះគាត់មិនដឹងពីស្ថានភាពលំបាករបស់ខ្ញុំ។ ផ្ទុយទៅវិញ ពេលគាត់ដឹង ពីទុក្ខលំបាករបស់ខ្ញុំ គាត់បានឱ្យខ្ញុំបានចុះឈ្មោះទៅអង្គការ ទស្សនៈពិភពលោក ជួយសិស្សជួប ការលំបាក ព្រមទាំងបំផុសចលនាមិត្តរួមថ្នាក់ទាំងអស់ ឱ្យជួយឧបត្ថម្ភជាសម្ភារនិងលើកទឹកចិត្ត ដោយពន្យល់់ពីសារៈសំខាន់នៃការសិក្សាដល់ខ្ញុំថែមទៀតផង។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំបាន ប្រាប់ដំណឹងនេះដល់ម្តាយ និងបងប្អូនរបស់ខ្ញុំ។ ពូកគាត់ត្រេកអរយ៉ាងខ្លាំង និងបានលើកទឹកចិត្តខ្ញុំ ឱ្យខំប្រឹងរៀនបន្តទៀត។

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered