Untitled-1

ការតស៊ូ និងក្តីសង្ឃឹមក្នុងជីវិត

ពន្លឺចង្កៀងព្រឹមៗក្រោមដំបូលស្បូវជញ្ជាំងស្លឹករិចរិល នៃសទ្ឋិយារាត្រីស្ងាត់ មានសូរសម្លេង​រអ៊ូៗ គឺជាសកម្មភាពរៀនសូត្ររបស់នាងអភិវឌ្ឍនា​​​​ ដែលជាសិស្សថ្នាក់ទី១២ នៃ​វិទ្យាល័យ​គូលែន ស្រុកគូលែន ខេត្តព្រះវិហារ។

អភិវឌ្ឍនា អាយុ១៦ឆ្នាំ ជាកូនទី៥ ដែលមានបងប្អូន៦នាក់ ក្នុងនោះប្រុស៣ នាក់​ ស្រី៣នាក់  កើតនៅក្នុងគ្រួសារជួបការលំបាកមួយ រស់នៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ឪពុកឈ្មោះ ខាយ និងម្តាយឈ្មោះ សំអឿត។ គ្រួសារនេះ មានមុខរបរមិន​ពិតប្រាកដទេ។​ នៅឆ្នាំ២០០៦ នាងបានប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ រូបនាងមានក្តីរំភើប ត្រេកអរជាអនេកប្បការសប្បាយចិត្ត ដោយបានបន្តការសិក្សា​នៅ​វិទ្យាល័យ។ប៉ុន្តែជាអកុសល ក្តីសង្ឃឹមរបស់នាង បានក្លាយជាស្វិត ស្រពោន​ដោយ​សារ​ឪពុករបស់នាងបានដាច់ចិត្តពីម្តាយនាងនិងកូន ទៅនែបនិតផិតក្តីស្នេហា ទៅយកស្រីថ្មី លែងគិតអ្វីដល់កូនស្រីដែលកំពុងជក់ចិត្តដិតអារម្មណ៍នឹងការសិក្សា ធ្វើឲ្យ​ម្តាយរបស់នាង​ឆ្កួតចិត្ត​គិតផឹកតែស្រា ជេរស្តីនិងប្រើអំពើហិង្សាមកលើកូនៗស្ទើរ រាល់ថ្ងៃ គាត់មិនបានគិតគូរ​ពី​ជីវភាពគ្រួសារប្រចាំថ្ងៃឡើយ។ ជានិច្ចកាល រាល់ថ្ងៃ នាងតែងតែ ស្រងូតស្រងាត់ តូចចិត្ត​យ៉ាងសង្វេគសោកសង្រេងនឹកដល់អនាគតថា តើជីវិតខ្លួននាងនិងប្អូន នឹងទៅ​ជាយ៉ាង​ណា?​។  ចិត្តចេះ តែនឹកគិតរារែក ណាមួយវាសនាខ្លួននាងនិងប្អូនប្រុស! ណាមួយ ព្រួយបារម្ភពីរឿងម្តាយ! ណាមួយរឿងជីវភាព រស់នៅក្នុងពេលបច្ចុប្បន្ន ដែលត្រូវការជាចាំបាច់ លើម្ហូបប្រចាំថ្ងៃ នំចំណី សម្ភារសិក្សា ថ្លៃវិញ្ញាសាសម្រាប់ ប្រឡងប្រចាំខែ និងឆមាសរបស់នាង។ គិតយូរៗទៅ ឃើញបញ្ហាកាន់តែច្រើនឡើងៗធ្វើឱ្យនាងកាន់តែស្មុគ្រស្មាញ។​ភាពលំបាកដូច្នេះ ទើបនាងឆ្នៃ​ពេល​វេលាសម្រាប់ខ្លួននាង និងប្អូន។ ចាប់ពីពេលនេះទៅពេលទំនេរពីការសិក្សា នាងបាននាំប្អូន ដើរបេះក្រសាំងទាបចងជាបាច់ បេះត្រួយត្រកួន កាត់ផ្ទីនិងដើររើស អេតចាយ លក់ យកប្រាក់ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។ មានពេលខ្លះនាងខ្វះលុយទិញសៀវភៅ ប៊ិចសម្រាប់​សិក្សា​​ភ្លាមៗ ជាកត្តាចាំបាច់ណាស់ ទើបជំរុញឱ្យនាងហ៊ានសម្រេចចិត្តទៅសុំលុយ ពីបងៗ​របស់នាង។ការសម្រេចចិត្តបែបនេះមិនបានសក្តិសមដូចការគិតនោះទេ ព្រោះការបរិច្ចាករបស់បង​ប្រុសបងស្រី ពីការសុំប្រាក់បានតិចតួច ក្នុងរូបភាព លួចលាក់ពីប្តី ឬប្រពន្ឋ មិនហ៊ានបើកចំហទេ។ ឃើញទិដ្ឋភាពបែបនេះ  ធ្វើឱ្យនាងស្ទាក់ស្ទើរតែ មិនហ៊ានចេញវាចាអ្វី ទៅរកពួកបងៗ​នោះ​ទេ​ប៉ុន្តែភាពទីទ័លបានបង្ខំចិត្តឱ្យនាងព្រមទទួលយកដោយអរគុណទាំងទឹកភ្នែក។​នៅពេលដែលអ្នកម្តាយរបស់នាង ឈប់ខូចចិត្ត គាត់បានផ្តល់កម្លាំងចិត្តឱ្យនាង ហើយគាត់បាន​និយាយថា” អភិវឌ្ឍនា កូនស្រីម្តាយ កូនត្រូវរឹងមាំ ពិភពលោកធំធេង ហើយទូលំទូលាយណាស់ ! កូនត្រូវក្រឡេក មើលឱ្យបានវែងឆ្ងាយ កុំមើលតែ នៅជិតបង្កើយ ម្តាយផ្តាំទុកឱ្យកូន​ត្រូវ​ខំ​តាំង​ចិត្តផ្លាស់ប្តូរជីវិតកូនពី គំនិតអវិជ្ជមាន មកវិជ្ជមាន ឱ្យបានណាកូន” ពាក្យសំដីទាំង អម្បាល​មានរបស់អ្នកម្តាយនាង បានជួយជំរុញឱ្យនាង គិតពិចារណា ហើយពិចារណាទៀតរហូតដល់នាង ស្វែងយល់ឃើញថាខ្លួនឯងជាអ្នកណា?។ ដូចច្នេះនាងខំប្រឹងតាំងចិត្តយ៉ាង មុតមាំជានិច្ចថា អ្វីដែលបាន បាត់បង់ទៅឱ្យវាបាត់បង់ទៅចុះ តែសេចក្តីសង្ឃឹមរបស់នាង​គឺវានៅ​ស្ថិត​ស្ថេរជាប់​ជានិច្ច​។ ក្រោយមក ពេលចេញពីសាលារៀនម្តងៗ នាងតែងតែខិតខំស្វះស្វែងរកការងារធ្វើ ដើម្បីរកប្រាក់ដោះស្រាយជីវភាព និងទិញសម្ភារសិក្សា។ ការងារទាំងនោះ រួមមានលក់នំ ស្ករគ្រាប់ ទឹកកកឈូស។ល។ មានពេលខ្លះ នាងទៅស៊ីឈ្នួលស្ទូងស្រូវ ច្រូតស្រូវ បោកគក់​អ៊ុតខោអាវក៏មាន។​ ដោយមើលឃើញការខិតខំ ព្យាយាម អំណត់អត់ធន់ យ៉ាងដូចច្នេះ អ្នកស្រី ឡេង ហ៊ន់ជាប្រពន្ឋស្មៀន ឃុំគូលែនត្បូង និងជាម្ជាស់ហាងអាជីវកម្ម កែសម្ផស្សបុរសស្ត្រី  បានសម្រេចចិត្តអនុញ្ញាតឱ្យនាងចូលបម្រើ ការងារនៅហាងរបស់គាត់ ដើម្បីជួយគាត់ ។ ប្រាក់កម្រៃដែលអ្នកស្រីបានកំណត់ឱ្យ នាងពី ៥.០០០៛ ទៅ ៨.០០០៛ ក្នុងមួយថ្ងៃ តាម​ចំនួនអតិថិជនតិច ឬ ច្រើន។  ក្តីសង្ឃឹមរបស់នាង កាន់តែមាន​ពន្លឺលេចឡើង​ព្រាងៗ​ហើយ។​នាងប្តេជ្ញាចិត្តថា នឹងខិតខំសិក្សាឱ្យបាន ចប់ថ្នាក់ វិទ្យាល័យប្រកប​ដោយ​ជោគជ័យ​ប្រសិនបើ ក្រសួងអប់រំ បង្កើតសាកលវិទ្យាល័យ​នៅក្នុង​ ​ស្រុក​គូលែននេះ នាងនឹងបន្ត ឈោងយកការសិក្សា នៅសាកលវិទ្យាល័យទៀត ឱ្យបាន​សម្រេចដូចក្តីបំណង។ តែអនិច្ចំ រូបំ អណត្តាសង្ខារសត្វ លោក មិនទៀងទាត់ នៅឆ្នាំ២០០៨ អ្នកម្តាយរបស់នាងបានលាចាកលោកីយ៍ ទាំងក្តីស្រណោះ ស្តាយ រាប់ម៉ឺនសែនអាល័យ ដោយបន្សល់ទុកនូវកូនស្រីក្រមុំ និងកូនប្រុសពៅសំណប់ ហឬទ័យ កណ្ដាលវាលវដ្តដ៏ធំធេង ធ្វើឱ្យនាងកណ្ដោច កណ្ដែង លែងបានឮសម្លេងអ្នកម្តាយទៀតហើយ ដោយឃ្លាត​ទៅមហាសែនឆ្ងាយ! ឆ្ងាយ! មិនវិលមកវិញទៀតទេ …។   នេះជាសំណោកអភ័ព របស់ យុវតីម្នាក់ប៉ុន្តែទោះជាមានឧបសគ្គយ៉ាងដូច្នេះក៏ដោយ  ក៏នាងនៅតែខិតខំប្រឹងតស៊ូរៀនសូត្រ ដើម្បី​​​​​​សេចក្តីសង្ឃឹមនៃឆាកជីវិតរបស់នាងនិងជាគំរូវិរភាពសម្រាប់ប្អូនប្រុសនាង។ អំឡុងឆ្នាំ២០០៩ នាងបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសស៊ី (c)  ដោយមាន ជំនាញ​ពិតប្រាកដ។ ដោយមិនមានលទ្ឋភាព បន្តទៅសិក្សាសាកលវិទ្យាល័យ​នៅក្រុងព្រះវិហារ​បាន  នាងក៏សម្រេចចិត្តឈប់រៀន ហើយ ខំបន្ត អាជីពកែសម្ផស្សជាមួយអ្នកស្រី ហ៊ន់​តទៅ​ទៀតរហូត​មានជំនាញច្បាសលាស់។  ដោយសារការ​យកចិត្តទុកដាក់ និង មាន ចំណេះដឹង​សមស្រប​ផងនោះ ម្ចាស់អាជីវកម្ម ក៏បាន​ប្រគល់​តួនាទីឱ្យនាងធ្វើជាគ្រូបង្រៀន កែសម្ផស្ស​នៅហាង​របស់គាត់ នាងទទួលបានកំរៃ​ការងារពីអ្នកស្រី គិតជាមធ្យម ១០.០០០៛ ក្នុងមួយ​ថ្ងៃ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ។

និយាយពីឪពុក​របស់នាងវិញ វិប្បដិសារីបានស្តីដៀលជេរធ្វើឱ្យគាត់ សោកស្តាយ និង​អាណិតអាសូរដល់កូនៗ គាត់ក៏បានសម្រេចចិត្ត វិលមករស់នៅថែរក្សាកូនៗជាធម្មតា ឡើងវិញ។

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered