Untitled-3

ការតស៊ូក្នុងជីវិតពិការភាព

គ្រាប់មីនគឺជាកាកសំណល់ពីសង្គ្រាមដ៍កាចសាហាវ និងបានបង្កគ្រោះមហន្តរាយដល់ អាយុជិវិតមនុស្ស សត្វ ទូទៅដោយមិនរើសមុខនិងមានរយៈពេលយូរអង្វែង។ កញ្ញា ដុះ  សុភាព មានអាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិ ដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  សុភាពជាកូនទី២ ដែលមានបងប្អូនចំនួន៥នាក់ ស្រី ៣នាក់ នៅក្នុងគ្រួសារក្រីក្រមួយ ។ ឪពុកនាង ជាអតីតនាយទាហាន និងម្តាយនាងជាអតីតអ្នកលក់ស្រាបៀរម្នាក់។ នាងជានារីម្នាក់ ក្នុងចំណោម ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលបានទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីនដែលគួរឱ្យអាណិតអាសូរជាទីបំផុតនៅភូមិអំពិលប្រាំដើម ស្រុកបរវេល  ខេត្តបាត់ដំបង កាលពីឆ្នាំ ១៩៩៦។

ក្នុងទឹកមុខប្រកបដោយការសោកស្តាយ នាងបាននិយាយរៀបរាប់ថា  “កាលនោះខ្ញុំនៅតូច ខ្ញុំហាក់ដូចជាមិនចាំរឿងរ៉ាវបានច្បាស់លាស់ទេ  តែដោយមានការរំឭកឡើងវិញរបស់ឪពុក ម្តាយ ខ្ញុំនោះទើបខ្ញុំចាំបានថា ពេលនោះខ្ញុំអាយុប្រហែល៦ឆ្នាំ ឪពុកខ្ញុំគាត់ជានាយទាហានម្នាក់។  ថ្ងៃ មួយគាត់បានមកលេងផ្ទះដោយក្តីនឹក រលឹកចំពោះកូនស្រីពេក ពេលត្រឡប់ទៅវិញគាត់ក៍នាំ រូបខ្ញុំ ទៅជាមួយដោយដំណើរថ្មើរជើងកាត់ព្រៃឆ្ពោះទៅកាន់បន្ទាយ។ លុះទៅដល់ភូមិអំពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង ខ្ញុំរោយជើងឪពុកខ្ញុំបានលើកខ្ញុំពរដោយឱបខ្ញុំនៅពីមុខ។ ពេលនោះ ខ្ញុំមានសេចក្តីសុខ ក្នុងចិត្តឥតឧបមាដោយបាននៅក្នុងរង្វង់ដៃរបស់ឪពុកខ្ញុំ  រំពេចនោះស្រាប់តែ ខ្ញុំឮសំឡេងគ្រាប់កាំភ្លើងដែលបង្កឡើងដោយពួកទាហានខ្មែរក្រហម។នៅក្នុងសភាពភ័យខ្លាចឪពុក ខ្ញុំក៍ បានឱបខ្ញុំរត់គេចចូលទៅក្នុងព្រៃបណ្តាលឱ្យជាន់មីនផ្ទុះយ៉ាងខ្លាំង ពេលនោះខ្ញុំក៍សន្លប់បាត់ ស្មារតី។ នៅពេលខ្ញុំដឹងខ្លួនឡើងស្រាប់តែឃើញ ខ្ញុំនៅលើគ្រែនៃមន្ទីរពេទ្យ ខ្ញុំក៏បានស្ទុះងើប អង្គុយដោយមានការឈឺចាប់ពន់ពេក ម្តាយខ្ញុំបានស្ទុះមកឱបត្រកងខ្ញុំ ហើយនិយាយទាំងស្រក់ ទឹកភ្នែកថាកូនបានបាត់បង់ជើងម្ខាង ដោយសារការផ្ទុះមីន។  ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ស្ទើរតែសន្លប់បាត់ស្មារតីម្តងទៀត ចំណែកឯឪពុកខ្ញុំដែល សម្រាកនៅលើគ្រែក្បែរនោះ ត្រូវបាន បាក់ដៃម្ខាង ជាហេតុធ្វើឱ្យគ្រួសារខ្ញុំមានជនពិការដល់ទៅពីរនាក់នៅក្នុង បន្ទុក។

ក្រោយពេលដែលមុខរបួសបានជាសះស្បើយ ខ្ញុំត្រូវដើរដោយកាន់ឈើច្រត់ជាជំនួយ ពេលនោះម្តាយខ្ញុំបាននាំខ្ញុំទៅ ចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាអូរតាគាំ ២ពេលទៅដល់ សាលារៀនដំបូងខ្ញុំសង្កេតឃើញ ថាមានតែរូបខ្ញុំទេដែលមានសភាពខុសប្លែកពីគេដែលធ្វើឱ្យ សិស្សដទៃ តាមមើលខ្ញុំគ្រប់ៗគ្នា។ពីដំបូងខ្ញុំនឹកគិតថាខ្ញុំនឹងបានសប្បាយរីករាយជាមួយមិត្តភក្តិ ជាច្រើននៅក្នុងសាលារៀន  ផ្ទុយទៅវិញពួកគេបែរជាសើចចំអក និងប្រមាថមើលងាយរូបខ្ញុំ ដោយ ប្រើពាក្យមីកំបុតមីកំបាក់មករៀនធ្វើអីបើបាក់ជើងអញ្ចឹង!។ ពាក្យចំអកឡកឡឺយ ទាំងនេះបានធ្វើ ឱ្យខ្ញុំមានការឈឺចាប់រហូតដល់ស្រក់ទឹកភ្នែកហើយខ្មាសគេមិនចង់ទៅរៀនបន្តទៀតឡើយ។ នៅ ពេលត្រឡប់មកពីសាលារៀនវិញខ្ញុំតែងតែនិយាយរឿងនេះ ប្រាប់ឪពុកម្តាយខ្ញុំប៉ុន្តែឪពុក ម្តាយខ្ញុំតែងតែ និយាយលួងលោម និងបានលើកទឹកចិត្តខ្ញុំថា “កូនកុំយកចិត្តទុកដាក់និងសំដី អ្នក ដទៃអីគឺកូនត្រូវតែខិតខំរៀនសូត្រ ដើម្បីងនាគតរុងរឿង  ព្រោះគ្រួសារយើងក្រីក្រ  ពុកម៉ែមិនមាន ទ្រព្យសម្បត្តិអ្វីសម្រាប់់ចែកឱ្យកូនទេគឺមាន តែចំណេះវិជ្ជានេះហើយដែលអាចជួយកូនបាន។ ដូចនេះកូនត្រូវតែតស៊ូព្យាយាមរៀន ពុកម៉ែនឹងខិតខំធ្វើអ្វីៗ គ្រប់បែបយ៉ាងមកចិញ្ចឹមកូន ចំណែក លោកគ្រូអ្នកគ្រូរបស់ខ្ញុំបានលើកទឹកចិត្តមិនឱ្យខ្ញុំឈប់រៀន និងយកចិត្តទុកដាក់ក្នុងការបង្ហាត់ បង្រៀនខ្ញុំ។ ដោយភាពអំណត់ព្យាយាមមិនយូរប៉ុន្មាន ខ្ញុំក៍បានក្លាយជាសិស្សពូកែនៅក្នុងថ្នាក់។  ចាប់ពីពេលនោះមក  ក្មេងៗដែលធ្លាប់មើលងាយនិយាយចំអកឱ្យខ្ញុំត្រូវបានកាត់បន្ថយ។គ្រួសារខ្ញុំ ត្រូវប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ទាំងជីវភាព ការងារ មុខរបរ និងការចិញ្ចឹមកូនទាំងអស់ នៅក្នុងគ្រួសារ  ជាពិសេសត្រូវទទួលបន្ទុកថែរក្សាជនពិការដល់ទៅពីរនាក់។ ម្យ៉ាងទៀតឪពុកខ្ញុំ ត្រូវបានរំសាយចេញពីកងទ័ព តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ស្ថិតក្នុងស្ថានភាពដ៍សែន លំបាកបែបនេះ ម្តាយខ្ញុំត្រូវបង្ខំចិត្តធ្វើជានារី លក់ស្រាបៀរនៅតាមភោជនីយដ្ឋាននៅពេលយប់។ ទោះបីជាជួបការលំបាកយ៉ាងណាក៍ដោយក៍ម្តាយខ្ញុំមិន ដែល ពោលពាក្យត្អូញត្អែរ និងមានបំណង ចង់ឱ្យកូនទាំងប្រាំនាក់ឈប់រៀនឡើយគាត់តែងតែជូនខ្ញុំទៅរៀនជា រៀងរាល់ថ្ងៃពុំដែលខាន។  ចំណែកឪពុកខ្ញុំក៍ចាប់ផ្តើមប្រកបមុខរបរថ្មីមួយជំនួសឱ្យការធ្វើជាយោធាគឺរត់ម៉ូតូឌុប ដើម្បីរកប្រាក់កម្រៃខ្លះៗមកជួយទប់ជីវភាពក្នុងគ្រួសារ ។

អំឡុងពេលដែលខ្ញុំរៀនដល់ថ្នាក់ទី១១នោះខ្ញុំមានការលំបាកយ៉ាងខ្លាំងស្ទើរតែពុំអាចមានលទ្ឋភាពរៀនបន្តទៀតបាន ម្តាយខ្ញុំសម្រេចចិត្តនាំខ្ញុំទៅជួបអង្គការពេទ្យយាយជី ដើម្បីជួយ ឧបត្ថម្ភខ្ញុំឱ្យបានរៀនបន្តទៀតពេល នោះខ្ញុំបានទទួលការឧបត្ថម្ភជាសម្ភារសិក្សា កង់ និងថវិកា ចំនួន ៦០០០០រៀលក្នុងមួយខែសម្រាប់រៀនគួរ។ ពេលដែលខ្ញុំទៅជួបអង្គការពេទ្យយាយជី  ខ្ញុំក៍បានជួបជាមួយពូម្នាក់ឈ្មោះ សារឿនធ្វើការនៅអង្គការ (CDPO) ពេលនោះគាត់បាន ណែនាំខ្ញុំ ឱ្យដាក់ពាក្យប្រឡងជ្រើសរើសបវរកញ្ញាសម្រាប់នារីខ្មែរដែលពិការដោយសារគ្រាប់មីន។ ជាលទ្ឋផលខ្ញុំបានទទួលចំណាត់ថ្នាក់លេខ១ ខ្ញុំសែនរំភើបចិត្តយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹម ពុំបានឡើយ ព្រោះទឹកចិត្តដែលធ្លាប់តែអស់សង្ឃឹមតូចចិត្តនឹងវាសនាអភ័ពវខុសគេ បានរសាត់ ចេញអស់ហាក់ដូចជាដុំពពកខ្មៅដែលអាប់អួរត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងរលាយអស់ ហើយបាននាំមកនូវពន្លឺដ៍ត្រចះត្រចង់មកបំភ្លឺដែន ពសុធាសាជាថ្មី។

ដោយមើលឃើញពីការលំបាករបស់ឪពុកម្តាយ និងមានការជួយឧបត្ថម្ភគាំទ្រពីអង្គការ ព្រមទាំងការលើកទឹកចិត្តពីបងប្អូនខ្ញុំ  ធ្វើឱ្យខ្ញុំមានការប្តេជ្ញាចិត្តថានឹងខិតខំរៀនសូត្រ ដើម្បីតបស្នង នូវ គុណូបការៈរបស់ឪពុកម្តាយក៍ ដូចជាអង្គការ។

រហូតដល់ឆ្នាំ ២០១០ ខ្ញុំបានរៀននៅវិទ្យាល័យសម្តេចឪក្នុងខេត្តបាត់ដំបង និងប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសមដូចក្តីប្រាថ្នាមែន។ បច្ចុប្បន្ននេះខ្ញុំលែងឯកោទៀតហើយ គឺខ្ញុំត្រូវបានសប្បុរសជន និងអង្គការនានាស្គាល់ខ្ញុំតាមរយៈការបង្ហោះរូបថតតាមអ៊ិនធឺណេត។ នៅឆ្នាំ២០១១ នេះមានសប្បុរសជនរស់ នៅក្រៅប្រទេសម្នាក់គាត់បានជួយឧបត្ថម្ភឱ្យខ្ញុំ រៀន ភាសាអង់គ្លេសនៅអង្គការពុទ្ឋិនិងបានចូលបម្រើការងារជា អ្នកស្ម័គ្រចិត្តនៅក្នុងអង្គការជនពិការ អន្តរជាតិ  HI  នៅខេត្តបាត់ដំបង។ ថ្វីត្បិតតែខ្ញុំទើបតែចាប់ផ្តើមចូលធ្វើការ ដែលពុំទាន់មានប្រាក់ ឧបត្ថម្ភពេញលេញក៍ពិតមែន តែខ្ញុំមានការពេញចិត្តនឹងការងារនេះណាស់ព្រោះថាការងារ នេះ អាចជួយអប់រំផ្លូវចិត្ត និង បានលើកកម្ពស់ពីសិទ្ឋិជនពិការ ដើម្បីកុំឱ្យជនពិការទូទៅអស់សង្ឃឹម។ រហូតមក ដល់ពេលនេះទើបធ្វើឱ្យខ្ញុំបានយល់ច្បាស់ថា ភាពពិការមិនអាចរារាំងសេចក្តីអំណត់ ព្យាយាមបានទេ  ផ្ទុយទៅវិញគឺត្រូវមើលឱ្យឃើញពីសមត្ថភាពប្រសើរជាងការមើល ឃើញ ពីពិការភាព។

ខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតខ្ញុំនឹងបានបន្តការសិក្សាផ្នែកគណនេយ្យ និងបានក្លាយជា ម្ចាស់ ហាងលក់សម្ភារសិក្សា គំនូរ ឬ សម្លៀកបំពាក់ជាមិនខាន ។

” មានតែសេចក្តីព្យាយាម និងការតស៊ូទេដែលអាចកំណត់វាសនាយើងបាន”

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered