Untitled-1 (21)

អំណាចនៃក្តីស្រមៃ

កញ្ញា ហេង ចន្តី  មានអាយុ ២៧ ឆ្នាំមានដើមកំណើតនៅភូមិកោះតាង៉ោ  ឃុំ សូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកនាង​​ ឈ្មោះ ហេង ស៊ីវ និងម្តាយឈ្មោះ ស៊ឹម នាង  មានមុខរបរជាកសិករ។

ចន្តីរស់នៅក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន៣ នាក់ប្រុស ២នាក់ និងស្រី១នាក់ ហើយ នាងជាកូនស្រីពៅ។ ជាអកុសល បងប្អូនទាំងបីនាក់សុទ្ឋតែពិការទាំងអស់គឺបងប្រុសទី១ មានបញ្ហា ស្តាប់(ថ្លង់) បងប្រុសទី២ មានបញ្ហាខួរក្បាល រីឯរូបនាងពិការដោយមូលហេតុជំងឺគ្រុនស្វិតដៃ ជើងតាំងពីនាងអាយុ២ឆ្នាំមកម្ល៉េះ។

ចន្តីបាននិយាយរំឭកអំពីស្លាកស្នាមជីវិតដ៍សែនជូរចត់របស់នាង និងគ្រួសារនាងថា ម្តាយ របស់ខ្ញុំបានរស់នៅជាស្រ្តីមេម៉ាយដែលមានបន្ទុកចិញ្ចឹមថែរក្សាកូនពិការដល់ទៅបីនាក់។ ពេល នោះម្តាយខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង ដោយត្រូវប្រឈមមុខនឹងភាពអាម៉ាស់ចំពោះពាក្យសើចចំអក របស់អ្នកជិតខាងថាជាស្រីមិនកើតមានកូនសុទ្ឋតែពិការអញ្ចឹងបានជាប្តីរត់ចោល។ ពាក្យសើច ចំអកតិះដៀលទាំងនោះមិនអាចរារាំងដល់សេចក្តីមេត្តាករុណារបស់ម្តាយខ្ញុំចំពោះកូនៗឡើយ នៅ ពេលដែលខ្ញុំមានជំងឺគ្រុនក្តៅស្វិតដៃជើងដំបូងម្តាយនាងខ្ញុំបានខិតខំព្យាយាមយកខ្ញុំទៅព្យាបាលគ្រូខ្មែរ ពីមួយទៅមួយ រហូតដល់ខ្ញុំអាចដើរបានប្រសើរជាងមុនដោយមិនបាច់ប្រើឈើច្រត់។ គាត់ សប្បាយចិត្តណាស់ ហើយគាត់តែងនិយាយថា ម្តាយសង្ឃឹមលើកូនជាងបងៗរបស់កូនទាំងពីរ នាក់ព្រោះបងប្រុសរបស់កូនប្រាកដជាមិនអាចរៀនសូត្របានវែងឆ្ងាយទេ  ដោយសារតែអ្នកទាំង ពីរមានបញ្ហាស្តាប់និងខួរក្បាល។ ចំណែកកូនពិការជើង  ប៉ុន្តែមិនមានបញ្ហាខួរក្បាលទេ។ ដូច្នេះកូន ត្រូវតែខិតខំរៀនសូត្រឲ្យមានចំណេះដឹងសម្រាប់ចិញ្ចឹមជីវិត ព្រោះមិនអាចធ្វើការងារដោយកម្លាំង បានទេ ។

ទោះបីជាគាត់បានគិតដូច្នេះមែន    ប៉ុន្តែម្តាយខ្ញុំបានពុះពារនូវរាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីឲ្យកូនទាំងបីបានចូលរៀននៅសាលាដូចៗគ្នា។  ជាលទ្ឋផលគឺដូចជាការគិតរបស់ម្តាយ ខ្ញុំមែន គឺបងប្រុសទី១របស់ខ្ញុំរៀនបានត្រឹមតែមធ្យមសិក្សាទុតិយភូមិ។ រីឯបងប្រុសទីពីររៀន​បាន ត្រឹម​កម្រិតបឋមសិក្សាតែប៉ុណ្ណោះ គឺគាត់មិនអាចរៀនបន្តដោយបញ្ហាសុខភាព។ ដោយមានការ ជំរុញលើកទឹកចិត្តរបស់ម្តាយខ្ញុំទោះបីជាមានការប្រមាថមើលងាយពីសំណាក់អ្នកដទៃ មួយចំនួន ដែលតែងតែនិយាយពាក្យមិនគប្បីដូចជាប្រើពាក្យថា ពិការអញ្ចឹងខំរៀនធ្វើអ្វី គ្មានឪពុកនៅជួយ ចិញ្ចឹមផង ហើយបងៗសុទ្ឋតែពិការទៀត។ ពេលឮពាក្យមើលងាយទាំងនេះ ខ្ញុំមានចិត្តខឹង និង ឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែនាងខ្ញុំនៅតែខំអត់ធ្មត់ធ្វើមិនដឹងមិនឮ និងព្យាយាមខិតខំរៀនសូត្រ ដើម្បីបំពេញបំណងរបស់ម្តាយនាងខ្ញុំ។ ដោយមានការលើកទឹកចិត្តពី លោកគ្រូ អ្នកគ្រូ មិនឱ្យខ្ញុំឈប់រៀន និងយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនខ្ញុំ ទោះបីជាខ្ញុំត្រូវដើរ ទៅសាលារៀនដែលនៅឆ្ងាយ ពីផ្ទះក៍នាងខ្ញុំនៅតែមានកម្លាំងចិត្តប្រឹងប្រែងរៀនសូត្រ រហូតដល់ ចូលរៀននៅ វិទ្យាល័យពាមជីកងទើបមានមិត្តភក្តិ ដែលមានផ្ទះនៅជិតសាលារៀនបានឲ្យនាងខ្ញុំ ស្នាក់នៅជាមួយព្រោះនៅរដូវវស្សាដែលខ្ញុំមិនអាចត្រូវដើរកាត់ទឹកបាន។ ដោយភាពអំណត់ ព្យាយាមតស៊ូមិនយូរប៉ុន្មានខ្ញុំក៍បានក្លាយជាសិស្សពូកែនៅ ក្នុងថ្នាក់ចាប់ពីពេលនោះមកគ្រួសារខ្ញុំ លែងឮពាក្យនិយាយប្រមាថមើលងាយទៀតហើយ។  លុះក្រោយមកទើបពូរបស់ខ្ញុំទិញកង់ ឲ្យមួយ ហើយនៅពេលខ្ញុំបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំក៍សម្រេចចិត្តមក ភ្នំពេញ ដើម្បីរៀនបន្តយកថ្នាក់បរិញ្ញាប័ត្រពេលនោះខ្ញុំមានការលំបាកយ៉ាងខ្លាំង ព្រោះមិនមាន ថវិកាគ្រប់គ្រាន់ដើម្បីបង្គ្រប់បន្ថែមលើថវិកាដែលម្តាយខ្ញុំឧបត្ថម្ភ គឺខ្ញុំត្រូវស្វែងរកការងារធ្វើក្រៅ ម៉ោង ប៉ុន្តែនាងខ្ញុំមិនអាចរកការងារល្អធ្វើបានក្រៅពីការងារបោសសំអាត និងរត់តុនៅតាម ភោជនីយដ្ឋានទេព្រោះគេត្រូវការតែអ្នកដែលមានរូបស្អាតនិងមានកាយសម្បទារឹងមាំ។

នៅថ្នាក់ឆ្នាំទី៣ ម្តាយខ្ញុំគាត់ពិបាកចិត្ត្តយ៉ាងខ្លាំងព្រោះគាត់មិនមានលទ្ឋភាពឧបត្ថម្ភខ្ញុំឲ្យ បានរៀនបន្តទៀតឡើយ  គាត់បាននិយាយថា បើកូនមានការលំបាកខ្លាំងកូនឈប់រៀនចុះ ប៉ុន្តែខ្ញុំ បានតាំងចិត្តថាខ្ញុំមិនវិលត្រឡប់ទៅផ្ទះវិញឡើយ ទោះជាក្នុងករណីជួបការលំបាកយ៉ាងណាក៍​ដោយ ទីបំផុតខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកភាសាអង់គ្លេស ។

ឆ្នាំ ២០០៦ នាងខ្ញុំបានធ្វើការជាអ្នកស្ម័ក្រចិត្តនៅអង្គការជនពិការកម្ពុជា ហើយមានពូម្នាក់ គាត់បានឲ្យខ្ញុំស្នាក់នៅផ្ទះជាមួយ  ពេលនោះខ្ញុំបានផ្អាកការសិក្សារយៈពេល១ឆ្នាំ ដើម្បីមានឱកាស សន្សំប្រាក់ផ្ញើទៅម្តាយ បន្ទាប់មកទើបខ្ញុំរៀនបន្តថ្នាក់អនុបណ្ឌិតនៅឆ្នាំ ២០០៩ ។ ក្នុងអំឡុងពេល ដែលខ្ញុំស្នាក់នៅជាមួយពូខ្ញុំត្រូវជិះកង់ឆ្ងាយពីសាលា ហើយខ្ញុំត្រូវប្រឈមនឹងការលំបាកមួយ បន្ថែមទៀតគឺភាពខ្សោយភ្នែក ដែលពុំអាចមើលសៀវភៅបានច្រើនដូចមុនទៀតឡើយ។ នៅ សាលារៀនខ្ញុំត្រូវខិតខំចងចាំពីអ្វីដែលគ្រូបានពន្យល់ជំនួសការកត់ត្រា និងពេលខ្លះខ្ញុំត្រូវពឹង មិត្តភក្តិឲ្យអានសំណួររបស់គ្រូឲ្យស្តាប់ ទើបខ្ញុំអាចធ្វើចម្លើយបាន។ នៅពេលមួយខ្ញុំបានទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញភ្នែក គាត់បានប្រាប់ខ្ញុំថាភ្នែកអ្នកមិនអាចព្យាបាលបានទេពោលគឺក្នុង រយៈពេលប្រហែល ៥ ឆ្នាំទៀតអ្នកនឹងពិការភ្នែក  ពេលព្ញពាក្យសម្តីនេះ បានធ្វើឲ្យខ្ញុំស្លុតចិត្ត យ៉ាងខ្លាំងហើយគ្មានទឹកចិត្តធ្វើអ្វីបន្តទៀតឡើយ ។

នៅពេលនាងខ្ញុំបានប្រឡងជាប់ជាបុគ្គលិកពេញសិទ្ឋិនោះខ្ញុំបានទទួលអាហារូបករណ៍របស់អង្គការ Ausaid ឧបត្ថម្ភឲ្យរៀនភាសាអង់គ្លេសនៅ ACE ហើយខ្ញុំបានធ្វើការរហូតដល់បច្ចុប្បន្ននេះ ខ្ញុំ ទទួលតួនាទីជាមន្ត្រីជាន់ខ្ពស់នៅក្នុង “កម្មវិធីតស៊ូមតិ” ខ្ញុំពេញចិត្តនឹងតួនាទីនេះណាស់ ព្រោះថា ខ្ញុំជាតំណាងម្នាក់ក្នុងការតស៊ូមតិ ដើម្បីផលប្រយោជន៍ដល់ជនពិការគ្រប់រូប។  ក្រោយមកដោយ សារការខិតខំប្រឹងប្រែងខ្ញុំបានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសអូស្ត្រាលីរយៈពេល មួយ ខែកន្លះពេលនោះខ្ញុំសប្បាយចិត្តណាស់ ព្រោះមានឱកាសបានចូលរួមការងារនៅក្នុងសង្គម និងត្រូវបានជនជាតិបរទេសកោតសរសើរថាគេមិននឹកស្មាន ថានៅប្រទេសកម្ពុជា មានស្ត្រីពិការវ័យកេ្មងដែលមានការតស៊ូរៀនសូត្របានខ្ពង់ខ្ពស់មិនចាញ់អ្នកដែលមានកាយសម្បទាធម្មតាឡើយ។ការលើកសរសើរនេះ  ជាកម្លាំងជំរុញឱ្យខ្ញុំមានភាពកក់ក្តៅនិងព្យាយាម តស៊ូ បន្ថែមទៀត។  ឆ្លៀតក្នុងឱកាសនេះខ្ញុំបានទៅពិនិត្យភ្នែកនៅទីនោះ គ្រូពេទ្យបាននិយាយថាអ្នកមិន ចាំបាច់ភ័យព្រួយនោះទេ ភ្នែករបស់អ្នកមិនមានការវិវត្តគួរឱ្យព្រួយបារម្ភឡើយ ប្រសិនបើ អ្នក ថែរក្សាវាឱ្យបានល្អ។ នៅពេលឮពាក្យសំដី របស់គ្រូពេទ្យបានធ្វើឱ្យខ្ញុំត្រេកអរ និង មានសន្ទុះចិត្ត យ៉ាងខ្លាំងក្លាឡើងវិញ។ ខ្ញុំចង់បន្តការសិក្សានៅប្រទេស អូស្ត្រាលី  ប៉ុន្តែដោយភ្នែករបស់ខ្ញុំ មានបញ្ហាគឺខ្ញុំត្រូវឆ្លងកាត់ឧបសគ្គធំៗ ពីរគឺទី ១ ខ្ញុំត្រូវរៀនអក្សរស្ទាប (Brail) ឱ្យចេះសិន  និង ទី២ គឺ ការប្រឡងយក Toffal ផ្នែកភាសាអង់គ្លេសដែលខ្ញុំពុំទាន់មានសមត្ថភាពគ្រប់គ្រាន់។

នៅឆ្នាំ ២០១១ ខ្ញុំជាមួយមិត្តភក្តិបានធ្វើការងារបន្ថែមនៅថ្ងៃសៅរ៍ និងអាទិត្យគឺបានបង្កើត “មជ្ឈមណ្ឌលអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ” ដើម្បីបង្រៀនដល់ជនពិការដោយឥតគិតថ្លៃ ក្នុង គោលបំណង ឱ្យពួកគេអាចរកប្រាក់ចំណូល និងមានភាពម្ចាស់ការលើខ្លួនឯង ឱ្យកាន់តែ ប្រសើរឡើង ព្រមទាំងបានផ្សព្វផ្សាយនៅតាម មហាវិទ្យាល័យ និង អង្គការនានា។

តទៅថ្ងៃអនាគតខ្ញុំមានបំណងចង់ក្លាយជានាយិកាអង្គការមួយ និងមានផ្ទះនៅភ្នំពេញ មិន តែប៉ុណ្ណោះខ្ញុំ នឹងខិតខំពង្រឹងការងាររបស់មជ្ឈមណ្ឌលឱ្យកាន់តែធំជាងមុន  ដើម្បីធ្វើជាគំរូ ដល់ ជនពិការដទៃទៀតឱ្យមានសង្ឃឹម និងខិតខំអភិវឌ្ឍន៍សមត្ថភាពកុំឱ្យ ធ្លាក់ខ្លួនទៅក្នុង ពិការភាព ។

” គំនិតនាំមកនូវភាពជោគជ័យនៃជីវិត “

***

Post By Aide et Action
Untitled-1
Untitled-1
Untitled-1-Recovered